ក្រុងវ៉ាស៊ីនតោនៈ មន្ត្រីធនាគារកណ្តាលអាមេរិកបានឲ្យដឹងថា ការកាត់បន្ថយពន្ធនាពេលថ្មីៗនេះអាចជះឥទ្ធិពលល្អដល់សេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកក្នុងរយៈពេលខ្លីមានន័យថា ការដំឡើងអត្រាការប្រាក់ជាបន្តទំនងជាត្រូវធ្វើឡើង។ នេះបើយោងតាមកំណត់ហេតុប្រជុំដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
តែកំណត់ហេតុនេះក៏បានបង្ហាញផងដែរពីការខ្វែងគំនិតគ្នារបស់គណៈកម្មាធិការបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលនេះ ដោយមន្ត្រីមួយចំនួនលើកឡើងថាធនាគារកណ្តាលអាចអត់ធ្មត់ក្នុងការដំឡើងអត្រាការប្រាក់កម្ចី។ នេះបើយោងតាមកំណត់ហេតុប្រជុំកាលពីថ្ងៃទី ៣០ និង ៣១ ខែមករា។
ធនាគារកណ្តាលអាមេរិកពុំបានដំឡើងអត្រាការប្រាក់នោះទេក្នុងកិច្ចប្រជុំកាលពីខែមុន និងបានបង្ហាញថាការដំឡើងអត្រាការប្រាក់ ៣ លើកអាចនឹងធ្វើឡើងក្នុងឆ្នាំនេះ។
ទោះជាយ៉ាងនេះក្តី នោះគឺជាការលើកឡើងមុនពេលចេញផ្សាយរបាយការណ៍ស្តីពីការងារកាលពីខែមករាដែលមានភាពល្អប្រសើរ ដែលបានជំរុញទីផ្សារឲ្យមានក្តីបារម្ភថា ធនាគារកណ្តាលអាមេរិកនឹងត្រូវដំឡើងអត្រាការប្រាក់កាន់តែឆាប់រហ័សដើម្បីទប់ស្កាត់អតិផរណា។
សេដ្ឋវិទូជាច្រើនរំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់ ៤ ដងក្នុងឆ្នាំ ២០១៨ នេះ។
ភាសាក្នុងកំណត់ហេតុប្រជុំនេះបានជំរុញទីផ្សារជាថ្មីដោយភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើននៅតំបន់ហិរញ្ញវត្ថុ Wall Street បានធ្លាក់ថ្លៃ បន្ទាប់ពីរបាយការណ៍នេះត្រូវបានចេញផ្សាយ។
អ្នកចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការទីផ្សារបើកចំហរបស់រដ្ឋាភិបាលសហព័ន្ធ (FOMC) បានលើកឡើងថា ការកាត់បន្ថយពន្ធ និងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកល្អប្រសើរគឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចអាមេរិកក្នុងឆ្នាំនេះ ហើយសេដ្ឋវិទូជាច្រើនបានដំឡើងការព្យាកររបស់ខ្លួន ទន្ទឹមនឹងនោះដែរក៏បានបង្ហាញពីការប្រុងប្រយ័ត្នផងដែរថា ផលប៉ះពាល់នៃការកាត់បន្ថយពន្ធនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។
សមាជិកមួយចំនួនបញ្ជាក់ថា៖ «ផលប៉ះពាល់នៃការកាត់បន្ថយពន្ធដែលអនុម័តនាពេលថ្មីៗនេះ បើទោះជានៅតែមិនទាន់មានភាពច្បាស់លាស់ក៏ដោយ ក៏អាចនឹងមានភាពជំរុញដល់សេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកផងដែរក្នុងរយៈពេលខ្លី»។
ជាលទ្ធផល «ចក្ខុវិស័យកាន់តែខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចបានបង្កើនលទ្ធភាពថាការលើកកម្ពស់គោលនយោបាយនាពេលខាងមុខជាបណ្តើរៗបន្តទៀតនឹងក្លាយជាកត្តាសមស្រប»៕ BP