ភ្នំពេញៈ Uber ជា​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ បាន​ប្រកាស​អ្នក​គ្រប់គ្រង​ទូទៅ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន ដោយ​បាន​តែងតាំង​លោក Pascal Ly ជា​តំណាង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​នេះ​។

លោក Pascal Ly បាន​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍ Robin Spiess ដើម្បី​បង្ហាញ​ពី​របៀប​ដែល​លោក​នឹង​ដឹកនាំ​ក្រុមហ៊ុន Uber តាមរយៈ​ទីផ្សារ​ហៅ​តាក់ស៊ី​ជិះ​ដែល​កើន​ឡើង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​នេះ​។

តើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Uber នៅ​កម្ពុជា​បច្ចុប្បន្ន​ដូចម្ដេច​?

ក្រុមហ៊ុន​នេះ កំពុងតែ​ដំណើរ​ការល្អ ដោយ​សារ​តែ​យើង​កំពុង​មើល​ឃើញ​និន្នាការ​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ ទាក់ទង​នឹង​ចំនួន​អ្នក​បើកបរ​ដែល​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង និង​ទាក់ទង​ជាមួយ​អ្នកជិះ​ដែល​ប្រើប្រាស់​សេវា​របស់​យើង​ជា​រៀងរាល់​សប្ដាហ៍​។ ជាទូទៅ ការផ្ដល់​ព័ត៌មាន​ត្រឡប់​គឺ​វិជ្ជមាន​ខ្លាំង​។ ពិត​ហើយ មាន​តំបន់​មួយ​ចំនួន ដែល​យើង​ចាំបាច់​ត្រូវ​កែលម្អ ប៉ុន្តែ​នោះ គឺជា​ដំណើរ​ការបន្ត​ទៅ​មុខ​។

តើ​ក្រុមហ៊ុន Uber មាន​ផែនការ​ពង្រីក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ម្តេច​ដែរ​?

ទាក់ទង​នឹង​ការ​ពង្រីក អាទិភាព​របស់​ខ្ញុំ​នឹង​ធានា យើង​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​ទីក្រុង និង​អ្នក​ប្រើ​ប្រាស់​។ ការ​ពង្រីក​នឹង​ធ្វើ​ឡើង​ជា​ធម្មតា ដោយ​សារ​តែ​យើង​មាន​ភាព​ចាស់​ទុំ យើង​មាន​អាយុ​ពីរ​បី​ខែ​ប៉ុណ្ណោះ​នៅក្នុង​ទីផ្សារ​នេះ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ដំណើរ​ការ​ជា​ជំហានៗ ដើម្បី​ធានា​ថា យើង​កំពុង​ធ្វើ​ត្រឹមត្រូវ​។ ខ្ញុំ​នឹង​ធានា​ថា ខ្ញុំ​នឹង​ផ្ដល់​បទពិសោធ​អ្នក​ប្រើប្រាស់​ត្រឹមត្រូវ​សម្រាប់​អ្នក​បើកបរ និង​អ្នកជិះ ហើយ​នៅ​ពេល​អនាគត​នឹង​ប្រើប្រាស់​ព័ត៌មាន​នេះ​ក្នុង​ការ​សម្រេច​ចិត្ត ប្រសិន​បើ​យើង​ចង់​ពង្រីក​។ ការ​ពង្រីក​ទៅ​កាន់​ទីក្រុង​ផ្សេង​ទៀត​គឺ​កំពុង​ស្ថិត​ក្នុង​ផែន​ការ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​ទាន់​រួចរាល់ គឺ​មើលទៅ វា​មិន​ទំនង យើង​នឹង​មិន​ទាន់​ទៅ​កន្លែង​ផ្សេង​ដែល​នឹង​ចំណាយ​ច្រើន​នោះទេ​។

តើ​នរណា​ជា​គូប្រកួត​ប្រជែង​ដ៏​សំខាន់​របស់​អ្នក​នៅក្នុង​ទីផ្សារ​នេះ​?

​ខ្ញុំ​ចង់​និយាយ​ថា​គឺ​ពួកគេ​ទាំងអស់​។ យើង​មាន​អ្នក​រក​ស៊ី​ក្នុង​ស្រុក​ដែល​នៅទីនេះ​ក្នុង​រយៈពេល​ខ្លី និង​អ្នក​ដែល​បាន​ផ្ដួចផ្ដើម​ទម្លាប់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឲ្យ​យល់​ពីអ្វី​ជា​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​។ បន្ទាប់​មក​យើង​មាន​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មក​ផង​ដែរ ដែល​ព្យាយាម​ស្វែងរក​ទីផ្សារ​នេះ​។ តាម​យោបល់​របស់​ខ្ញុំ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៅក្នុង​ទីផ្សារ​កម្ពុជា ហើយ​ដៃគូ​ប្រកួត​ប្រជែង​ទាំងអស់​របស់​យើង​មាន​សារៈសំខាន់​ស្មើគ្នា​ចំពោះ​ខ្ញុំ​ក្នុង​ការ​គោរព​។

តើ​អ្នក​មើល​ឃើញ​តម្រូវ​ការ​ខ្លាំង​សម្រាប់​សេវា​ហៅ​តាក់ស៊ី​ជិះ​នៅ​ទីក្រុង​ភ្នំពេញ​ឬ​?

ប្រសិន​បើ​អ្នក​មិន​ប្រើប្រាស់​កម្មវិធី​ណា​មួយ​នោះ​ទេ អ្នក​មិន​អាច​រក​បាន​តាក់ស៊ី​ណា​មួយ​នៅលើ​ផ្លូវ​ដើម្បី​ហៅ​ជិះ​ដោយ​ងាយស្រួល​នោះទេ​។ នៅ​ពេល​អ្នក​ហៅ​រ៉ឺម៉ក​ម៉ូតូ​ជិះ អ្នក​ត្រូវតែ​ចរចា​តម្លៃ​ជាមួយនឹង​ពួកគេ ហើយ​ការចរចា​នោះ គឺ​នឿយហត់​ខ្លាំងណាស់​។ ចូរ​ចងចាំ​ថា កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​ក្នុង​ស្រុក​ធ្វើ​ឲ្យ​មានការ​យល់ដឹង​សម្រាប់​ទីផ្សារ​កម្ពុជា​។ ដំណាក់​កាល​ដំបូង នៃ​ការ​សាកល្បង​ទីផ្សារ​របស់​ក្រុមហ៊ុន Uber នៅទីនេះ​ទទួល​បាន​ជោគជ័យ ដូច្នេះ​មាន​តម្រូវការ​គ្រប់គ្រាន់​ក្នុង​ការ​មាន​ទីផ្សារ​ដ៏​រឹងមាំ​នៅទីនេះ​នៅ​ទីក្រុង​ភ្នំពេញ​។

តើ​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ដំណើរការ​ដូច​ម្តេច​ដែរ​?

រដ្ឋាភិបាល​បាន​ឆ្លើយតប​វិជ្ជមាន ចំពោះ​ការ​ពិភាក្សា​របស់​យើង ដូច្នេះ​ប្រតិបត្តិការ​របស់​យើង​មាន​ភាព​រលូន​ខ្លាំង​។ មិនមាន​ភាព​តានតឹង​នោះទេ​។ វា​ជាការ​សន្ទនា​កំពុង​បន្ត ដែល​យើង​បន្តធ្វើ​ជាមួយ​ពួក​គេ ដើម្បី​ធានាថា ពួកគេ ដឹង​ពីអ្វី​ដែល​កំពុង​កើត​ឡើង​។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ពួកគេ​ដើម្បី​ធានាថា អ្វីៗ​គ្រប់យ៉ាង​ដំណើរការ​ប្រសើរ​។

ក្រុមហ៊ុន Grab ទើប​នឹង​ចូល​ក្នុង​ទីផ្សារ​នេះ តើ​ក្រុមហ៊ុន​អ្នក​មាន​ផែនការ​អ្វី​ទេ​នៅ​ពេល​នេះ​?

ប្រជាជន​កំពុង​ប្រើប្រាស់​កម្មវិធី​ក្នុង​ស្រុក​រួច​ហើយ នៅ​ពេល​ក្រុមហ៊ុន Uber បាន​ចូល​មក​ទីនេះ​។ ការ​ពិត​ដែល​ថា អ្នក​រក​ស៊ី​អន្តរជាតិ​ផ្សេង​ទៀត​នឹង​ចូល​មក​គ្រាន់​តែ​បង្ហាញ​ខ្ញុំ​ពី​ទីកន្លែង​ពិត​ប្រាកដ​ដែល​យើង​ចាំបាច់​ត្រូវ​នៅ​។ ការ​ប្រកួត​ប្រជែង​គឺ​ល្អ ដោយ​សារ​តែ​វា​ជួយ​ដល់​ពួក​យើង​ក្នុង​ការ​បន្ថែម​ព័ត៌មាន​ពី​ទីផ្សារ​ការ​ហៅ​តាក់ស៊ី​ជិះ​។

តើ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​បើកបរ​ឬទេ​?

យើង​បាន​ប្រកាស​ថា យើង​នៅទីនេះ ហើយ​បាន​ស្នើ​ឲ្យ​អ្នក​បើកបរ​ទាំង​នោះ មក​រក​ពួក​យើង​ដើម្បី​ចុះឈ្មោះ​ធ្វើ​ជា​អ្នក​បើកបរ​។ មាន​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​មាត់​ជាច្រើន​ផង​ដែរ ដោយ​សារ​តែ​នៅ​ពេល​អ្នក​បើក​បរមាន​បទពិសោធ​ល្អ ជាមួយ​ពួក​យើង ពួក​គេ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រាប់​មិត្ត​ភកិ្ដ​របស់​ពួកគេ​ឲ្យ​ចូលរួម​។ វា​ជា​ស្ថានការណ៍​ដែល​ផ្សព្វ​ផ្សាយ​បាន​យ៉ាង​រហ័ស​។

អ្នក​បើកបរ​របស់​យើង​ភាគច្រើន​គឺជា​អ្នក​បើកបរ​តាក់ស៊ី​ផងដែរ ដូច្នេះ​ការ​ពិត​ដែល​ថា យើង​អាច​ផ្ដល់​ដល់​ពួកគេ​នូវ​ឱកាស​ការងារ​កាន់​តែ​ច្រើន​ដែល​ផ្ដល់​ដល់​ពួក​គេ​នូវ​ឱកាស​ក្នុងការ​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ខ្ពស់​។ ពេលនេះ​អ្នក​បើក​បរ​មាន​ប្រាក់​ចំណូល​ដែល​បត់​បែន​បាន​កាន់​តែ​ច្រើន ហើយ​វា​ផ្ដល់​ដល់​ពួកគេ​នូវ​ការ​យល់​ដឹង​ពី​សេរីភាព និង​អារម្មណ៍​នៃ​ការផ្ដល់​ការងារ​ដោយ​ខ្លួនឯង​។

តើ​មាន​ការ​ទូទាត់​ដោយ​គ្មាន​សាច់​ប្រាក់​ឬទេ​?

ខ្ញុំ​គិត​ថា ច្បាស់​ណាស់​នោះ​គឺជា​ទិសដៅ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បន្ត​ទៀត​។ នៅទីនេះ ក្រុមហ៊ុន Uber បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ការ​ទូទាត់​ជា​សាច់ប្រាក់ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ប្រើប្រាស់​សាច់​ប្រាក់​។

តាម​ទស្សនៈ​របស់​ខ្ញុំ គឺថា យើង​ចាំបាច់​ត្រូវ​បន្ត​ការងារ​លើ​ការ​រួម​បញ្ចូល​សេវា​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​នេះ​។ មិន​មាន​អ្នក​រក​ស៊ី​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​ខុស​គ្នា​ច្រើន​នោះទេ​ទាក់ទង​នឹង​ការទូទាត់​ប្រាក់​តាម​អេឡិច​ត្រូនិក​នៅ​ក្នុង​ទីផ្សារ​នេះ​នៅ​ពេល​នេះ ហើយ​ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​ពួកគេ​ទាំងអស់​គ្នា ដូច្នេះ ខ្ញុំ​អាច​ដឹង​ពី​ផែនការ​របស់​ពួក​គេ និង​អ្វី​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ផែន​ការ ដើម្បី​ត្រួត​ពិនិត្យ​ទីផ្សារ​នេះ​៕ LA