ភ្នំពេញៈ ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​ធនាគារ​ក្នុង​ឆ្នាំ ​២០១៧ បាន​កើន​ឡើង ១៦,៨ ​ភាគរយ​ដល់ ៦៥​ ពាន់​ពាន់​លាន​រៀល (​ប្រហែល ១៦​ ពាន់​លាន​ដុល្លារ​) ខណៈ​ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កើន​ឡើង ២៥,៥​ ភាគរយ​ដល់ ១៥,៩​ ពាន់​ពាន់​លាន​រៀល (​ប្រហែល ៣,៩​ ពាន់​លាន​ដុល្លារ​)​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​មុន​បាន​បង្ហាញ​ថា វិស័យ​ដែល​ទទួល​បាន​ឥណទាន​ពី​ធនាគារ បាន​នាំ មុខ​ដោយ​ការ​ជួញដូរ​រាយ (១៧,៦ ​ភាគរយ​) ការ​ជួញ​ដូរ​ដុំ (១២,៤ ​ភាគរយ​) រីឯ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (១០,៣​ ភាគរយ​) សំណង់ (៩,៥​ ភាគរយ​) កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន (៩,២ ​ភាគរយ​) សេវាកម្ម​មិន​មែន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត (៧,៣​ ភាគរយ​)​។

របាយ​ការណ៍​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា ទ្រព្យសកម្ម​របស់​ធនាគារ​បាន​កើន ១៩,៣​ ភាគរយ​នៅ​ឆ្នាំ​ ២០១៧ ធៀប​នឹង​ឆ្នាំ​២ ០១៦​ ដល់ ១១៤,៨​ ពាន់​ពាន់​លាន​រៀល (​ប្រហែល ២៨,៣៤ ​ពាន់​លាន​ដុល្លារ​) ដោយ​សារ​កំណើន​មូលនិធិ​ភាគ​ទុនិក (២២,៥​ ភាគរយ​) កំណើន​មូលនិធិ​កម្ចី (៣៨,៦ ​ភាគរយ​) និង​កំណើន​ប្រាក់​បញ្ញើ​ពី​អតិថិជន (២៣,៣ ​ភាគរយ​)​។

វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​ដល់​អតិថិជន ១,៧៥​ លាន​នាក់ ដែល​នាំ​មុខ​ដោយ​វិស័យ​កសិកម្ម (២៦,៩​ ភាគរយ​) វិស័យ​ពាណិជ្ជកម្ម (១៨,៦ ​ភាគរយ​) ក្រុម​គ្រួសារ (៣៣,២​ ភាគរយ​) សេវាកម្ម (១០,៣​ ភាគរយ​) និង​ដឹក​ជញ្ជូន (៤,៥​ ភាគរយ​)៕