ភ្នំពេញៈ កម្ពុជាទំនងជាប្រទេសដែលមានថ្ងៃឈប់សម្រាកសាធារណៈច្រើនបំផុតមួយនៅលើពិភពលោក ដែលបង្កើតការចោទសួរអំពីលទ្ធភាពនៃសមត្ថភាពប្រកួតប្រជែងបានរបស់ខ្លួន។
ចំនួនថ្ងៃឈប់សម្រាកសាធារណៈរបស់កម្ពុជាកើនឡើងដល់ ២៨ ថ្ងៃអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគនៅពេលអនាគត។ នេះបើយោងតាមលោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Partners ។
លោកថ្លែងថា៖ «ថ្ងៃឈប់សម្រាក ២៨ ថ្ងៃគឺច្រើនពេកហើយ ខ្ញុំមិនគិតថា អ្នកនឹងស្វែងរកពាណិជ្ជករណានៅកម្ពុជាដែលគិតថាចំនួនថ្ងៃឈប់សម្រាកល្អសម្រាប់ប្រទេសនេះទេ»។
ក្រុមវិនិយោគិនបរទេសបានត្អូញត្អែរយូរមកហើយអំពីតម្លៃថាមពល និងការចំណាយលើការដឹកជញ្ជូនខ្ពស់របស់ប្រទេសកម្ពុជា បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់។
ថ្មីៗនេះពួកគេបានបង្ហាញការបារម្ភអំពីគោលនយោបាយលួងលោមចិត្តជាច្រើនដែលបានអនុម័តដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឆ្នាំកន្លងមកដែលរួមមានការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការរួមចំណែករបស់ថៅកែដោយបង្ខំដល់បេឡាជាតិរបបសន្ដិសុខសង្គម (បសស) ដែលបង្កើនការចំណាយការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បានយល់ស្របដោយកត់សម្គាល់ថាចំនួនថ្ងៃឈប់សម្រាកអាចរារាំងក្រុមវិនិយោគិនថ្មីៗមកប្រទេសកម្ពុជា។ លោកថ្លែងថា៖ «សម្រាប់ក្រុមវិនិយោគិនដែលមានស្រាប់ ពួកគេមិនអាចមានបញ្ហានោះទេ»។ លោកបន្តថា៖ «ប៉ុន្តែសម្រាប់ក្រុមវិនិយោគិនថ្មីៗដែលកំពុងពិចារណាដើម្បីវិនិយោគ ពួកគេអាចត្អូញត្អែរច្រើនអំពីចំនួនថ្ងៃឈប់សម្រាកនេះ»។
ក្រុមអ្នកវិភាគផ្សេងទៀតមិនសូវបារម្ភនោះទេ ហើយបានបង្ហាញថា ផលប៉ះពាល់ដោយសារបញ្ហានេះនឹងមានតិចតួច។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន Cambodian Investment Management បានថ្លែងថា៖ «ការពិតគឺបុគ្គលិកខ្មែរភាគច្រើនកម្រទទួលបានពេលវេលាដែលពួកគេត្រូវបានផ្ដល់ឲ្យណាស់ ហើយសូម្បីតែមន្ដ្រីរដ្ឋាភិបាលកំពុងធ្វើការងារនៅថ្ងៃឈប់សម្រាកមិនសូវសំខាន់ផងដែរ»។
លោកបានបន្តទៀតថា៖ «ដូច្នេះ ខណៈការអនុវត្តជាក់ស្ដែងនូវសិទ្ធិឈប់សម្រាកដែលទទួលបានមកហើយ ការពិតមិនមែនថ្ងៃឈប់សម្រាកទាំងអស់នោះត្រូវបានឈប់នោះទេ ហើយកម្មករកាន់តែច្រើនឡើងៗធ្វើការងារស្ម័គ្រចិត្ត»។
លោក Miguel Chanco អ្នកវិភាគអាស៊ានជាន់ខ្ពស់នៅក្រុមហ៊ុន Economist Intelligence Unit ថ្លែងថា មាន «ផលប៉ះពាល់បន្ទាប់បន្សំលើសកម្មភាពសេដ្ឋកិច្ច និងលើតម្រូវការវិនិយោគិនបរទេសប៉ុណ្ណោះ» បើថ្ងៃទាំងនោះត្រូវបានប្រកាសជាមុន។
លោកថ្លែងថា៖ «អ្វីនឹងធ្វើឲ្យបារម្ភខ្លាំងគឺប្រសិនបើកម្ពុជាបានចាប់ផ្ដើមអនុវត្តអ្វីត្រូវបានធ្វើហើយនៅក្នុងប្រទេសហ្វីលីពីន រដ្ឋាភិបាលពីអតីត និងបច្ចុប្បន្នបានប្រកាសភ្លាមៗ និងថ្ងៃឈប់សម្រាកមិនបានរំពឹងទុកជាមុន ដែលធ្វើឲ្យក្រុមហ៊ុនមានពេលវេលាតិចតួចដើម្បីរៀបចំផែនការ និងការកែតម្រូវ»។
មានការខ្វែងគំនិតគ្នាមួយចំនួនអំពីចំនួនពិតប្រាកដនៃថ្ងៃឈប់សម្រាកនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ជាឧទាហរណ៍ ប្រព័ន្ធព័ត៌មានឥណ្ឌារាយការណ៍ពីឆ្នាំ ២០១៥ បញ្ជាក់ថាប្រទេសនេះមានថ្ងៃឈប់សម្រាកច្រើនបំផុតចំនួន ២១ ថ្ងៃ ខណៈសេចក្ដីរាយការណ៍ផ្សេងទៀតបង្ហាញថា ប្រទេសស្រីលង្កាមានថ្ងៃឈប់សម្រាកច្រើនជាងគេបំផុតចំនួន ២៥ ថ្ងៃ។
ចំនួនថ្ងៃឈប់សម្រាកជាមធ្យមសម្រាប់បណ្ដាប្រទេសនៅក្រុមប្រទេស G-20 ដែលប្រទេសទាំង ២០ នោះមានពាណិជ្ជកម្ម ៨០ ភាគរយនៃពាណិជ្ជកម្មពិភពលោកមានតែ ១២ ថ្ងៃប៉ុណ្ណោះ។ សម្រាប់បណ្ដាប្រទេសជិតខាង ថៃមានថ្ងៃឈប់សម្រាក ២០ ថ្ងៃនៅឆ្នាំនេះ ខណៈវៀតណាមមាន ១២ ថ្ងៃ និងឡាវ ១០ ថ្ងៃ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពការងារកម្ពុជាដែលជាសហជីពឯករាជ្យមួយបានថ្លែងកាលពីម្សិលមិញថា ចំនួនថ្ងៃឈប់សម្រាកមិនគួរជាប់ទាក់ទងនឹងក្រុមវិនិយោគិនមានសក្ដានុពលនោះទេ។
លោកថ្លែងថា៖ «យើងយល់ស្របថា កម្ពុជាមានចំនួនថ្ងៃឈប់សម្រាកច្រើន ប៉ុន្តែកម្មកររបស់យើងធ្វើការងារ ៨ ម៉ោងក្នុងមួយថ្ងៃ និង ៦ ថ្ងៃក្នុងមួយសប្ដាហ៍»។
លោកបន្តថា៖ «បើមានការបារម្ភ ឬការត្អូញត្អែរពីថៅកែ ខ្ញុំគិតថា វាគ្រាន់តែការបារម្ភដោយគ្មានមូលដ្ឋានតែប៉ុណ្ណោះ»៕ LA