ក្រុងបាងកកៈ ការផ្តល់ទិដ្ឋាការនៅប្រទេសឥណ្ឌា និងប្រទេសចិនដើម្បីធ្វើដំណើរទៅកាន់ប្រទេសថៃបានចំណាយពេលកាន់តែយូរ តែដោយសារហេតុផលផ្សេងៗហើយក្រសួងការបរទេសថៃក៏បានទទួលស្គាល់ពីបញ្ហានេះដែរ។
ក្រសួងការបរទេសថៃបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍មួយចំនួនថា ភ្ញៀវទេសចរឥណ្ឌា និងចិនជាច្រើនដែលទៅប្រទេសថៃចង់បានទិដ្ឋាការនៅពេលមកដល់ដោយសារនីតិវិធីនេះមានភាពយឺតយ៉ាវនៅតាមស្ថានទូត និងកុងស៊ុលថៃនៅតាមប្រទេសរបស់ខ្លួន។
លោកស្រី Busadee Santipitaks អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីថ្ងៃចុងសប្តាហ៍ថាចំពោះភ្ញៀវទេសចរឥណ្ឌា ភ្នាក់ងារទេសចរណ៍ក្នុងស្រុកត្រូវផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ននូវឯកសាររបស់ភ្ញៀវទេសចរ ដោយសារមានករណីបន្លំឯកសារ។
លោកស្រីបានមានប្រសាសន៍ថាចំនួនភ្ញៀវទេសចរឥណ្ឌាដែលព្យាយាមស្នើសុំទិដ្ឋាការនៅស្ថានទូត និងកុងស៊ុលថៃនៅប្រទេសឥណ្ឌាបានកើនឡើងទ្វេដងគិតចាប់តាំងពីឆ្នាំមុន តែមន្ត្រីថៃនៅតែមានលទ្ធភាពដំណើរការពាក្យស្នើសុំដែលត្រូវបានផ្ទៀងផ្ទាត់ក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃធ្វើការដូចមុន។
លោកស្រី Busadee មានប្រសាសន៍ថាភ្ញៀវទេសចរឥណ្ឌាអាចនឹងយល់ថាដំណើរការផ្ទៀងផ្ទាត់នេះចំណាយពេលច្រើនដោយសារភ្នាក់ងារទេសចរណ៍របស់ពួកគេត្រូវការពេលវេលាច្រើនដើម្បីផ្ទៀងផ្ទាត់ឯកសារមុនពេលបញ្ជូនឯកសារទាំងនោះមកឲ្យអាជ្ញាធរថៃ។
ចំពោះភ្ញៀវទេសចរចិនលោកស្រីមានប្រសាសន៍ថាចំនួនភ្ញៀវទេសចរចិន ដែលស្នើសុំទិដ្ឋាការនៅស្ថានទូត និងកុងស៊ុលថៃកំពុងកើនឡើងនៅពេលមានកំណើនវិស័យទេសចរណ៍ ហើយក្រុមមន្ត្រីកំពុងព្យាយាមបន្តបញ្ចប់ការផ្តល់ទិដ្ឋាការតាមការគ្រោងទុកក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃធ្វើការ។
ចំនួនភ្ញៀវទេសចរចិនដែលស្នើសុំទិដ្ឋាការថៃនៅប្រទេសរបស់ខ្លួនមានចំនួនសរុប ៥៤៧ ៩៩៨ នាក់កាលពីខែវិច្ឆិកា និងបានកើនឡើងដល់ ៤៩៥ ០១៨ នាក់ក្នុងខែធ្នូគិតត្រឹមថ្ងៃទី ២៦ ខែធ្នូ។
តួលេខភ្ញៀវទេសចរឥណ្ឌាវិញក៏កំពុងកើនឡើងផងដែរដោយកើនដល់ ២២ ៣៥៨ នាក់នៅខែវិច្ឆិកា៕ BP