Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​អភិវឌ្ឍ​ច្រក​អន្តរជាតិ​ ​កម្ពុជា​-​ឡាវ​ នឹង​បង្កើន​ការ​វិនិយោគពាណិជ្ជកម្ម

Content image - Phnom Penh Post
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង្អុល​​ផែនទី​ខណៈ​ពេល​លោក​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ទំនប់​វារីអគ្គិសនី​ ដនសាហុង ​​​​របស់​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក SPM

ការ​អភិវឌ្ឍ​ច្រក​អន្តរជាតិ​ ​កម្ពុជា​-​ឡាវ​ នឹង​បង្កើន​ការ​វិនិយោគពាណិជ្ជកម្ម

ស្ទឹងត្រែងៈ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​នៅ​ខេត្ត​ភាគ​ឦសាន​ជាមួយ​នឹង​ប្រទេស​ឡាវ នឹង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​មន្ត្រី​មូលដ្ឋាន​រំពឹង​ថា​នឹង​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​នៅ​តំបន់​នោះ​នៅ​ពេល​អនាគត​។

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី មន្ត្រី និយាយ​ថា ការ​អភិវឌ្ឍ​តំបន់​នេះ​ទំនង​ជា​មិន​ខ្លាំង​ក្លា​ដូច​ច្រក​អន្តរជាតិ​ធំៗ​ពីរ​ផ្សេង​ទៀត​របស់​កម្ពុជា​ទេ​។

អគារ​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​អន្តរ​ជាតិ​ត្រពាំង​ក្រៀល​ណង​ណុក​ខៀន​នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​ក្រោម​អធិបតីភាព​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​។

ថ្លែង​ក្នុង​ពិធី​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ច្រក​អន្តរជាតិ​មួយ​នេះ​នឹង​ក្លាយ​ជា​តំបន់​សក្តានុពល​ពាណិជ្ជកម្ម​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នៃ​ប៉ុស្ដិ៍​ពិនិត្យ​ច្រក​ព្រំ​ដែន​អន្តរជាតិ​នេះ នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម ការ​វិនិយោគ តាម​បណ្ដោយ​ព្រំដែន លើក​កម្ពស់​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ការ​ផ្លាស់​ប្តូរ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​លើក​ឡើង​ថា​៖ «​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្រក​ព្រំ​ដែន​រួម និង​ការ​អភិវឌ្ឍ​ផ្លូវ​ទូរគមនាគមន៍ នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ជួញ​ដូរ​តាម​ព្រំ​ដែន​»​។ លោក​បន្ត​ថា​៖ «​ហើយ​វា​លើក​កម្ពស់​លំហូរ​ចូល​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ការ​ផ្លាស់​ប្តូរ​ផលិតផល​កសិកម្ម​ផង​ដែរ​»​។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា វា​នឹង​ជួយ​សម្រួល​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​របស់​ប្រជាជន​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​នេះ​។

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន​បាន​ស្នើ​ឲ្យ​មានការ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​កាត់​ព្រំដែន​ជំនួស​លិខិត​ឆ្លង​ដែន​សម្រាប់​ប្រជាជន​នៅ​តាម​បណ្ដោយ​ព្រំដែន។

ខណៈ​ប្រទេស​ឡាវ​ពុំ​មាន​ផ្លូវ​ទឹក​សមុទ្រ​លោក​ហ៊ុន សែន ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ​ប្រើ​ប្រាស់​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​ទន្លេ​មេគង្គ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ដឹក​ជញ្ជូន​ផង​ដែរ​។

លោក ម៉ែន គង់ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ទ្វេភាគី​រវាង​កម្ពុជា និង​ឡាវ​លើ​ការ​បង្កើត​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​នេះ​នឹង​នាំ​យក​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល មិន​គ្រាន់​តែ​នៅ​ក្នុង​ខេត្ត​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ជា​មួយ​នឹង​ការ​តភ្ជាប់​ទៅ​ប្រទេស​ទី​៣​។ លោក​បញ្ជាក់​ថា​៖ «​វា​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​តំបន់ មិន​គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការ​តភ្ជាប់​ទៅ​ប្រទេស​ទី​៣​ផង​ដែរ​»​។ លោក​បន្ថែម​ថា​៖ «​ការ​ដឹក​ជញ្ជូន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ នឹង​ជួយ​សម្រួល​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​ពិសេស​ផលិតផល​កសិកម្ម​»​។

លោក​ឲ្យ​ដឹង​ថា ការ​កែ​លម្អ​ច្រក​អន្តរជាតិ​នេះ​នឹង​ផ្ដល់​ដល់​អ្នក​ដំណើរ​ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ដាក់​ពាក្យ​សុំ​បែប​បទ ព្រម​ទាំង​ជួយ​សម្រួល​កាន់​តែ​ប្រសើរ​សម្រាប់​ការ​ត្រួត​ពិនិត្យ​លើ​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​។

តាម​លោក ម៉ែន គង់ ជា​រៀង​រាល់​ឆ្នាំ វា​មាន​អ្នក​ដំណើរ​ជាង ១០០ ០០០ នាក់​ឆ្លង​កាត់​ព្រំដែន​នេះ​។ លោក​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា វា​នឹង​ជួយ​សម្រួល​កាន់​តែ​ប្រសើរ នឹង​ជា​សារ​ទៅ​កាន់​អ្នក​ដំណើរ និង​ពាណិជ្ជករ ពួក​គេ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​កាន់​តែ​ច្រើន ហើយ​ចំនួន​អ្នក​ដំណើរ​នឹង​ត្រូវ​បាន​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយ​តាម​ច្រក​ព្រំ​ដែន​នេះ​»​។

នៅ​ពេល​សួរ​ថា​នៅ​ពេល​អនាគត​ច្រក​អន្តរជាតិ​មួយ​នេះ នឹង​ក្លាយ​ជា​ទីតាំង​វិនិយោគ​ដូច​នៅ​បាវិត និង​ប៉ោយប៉ែត​ទេ លោក​បាន​អះអាង​ថា​វា​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​បន្តិច ខណៈ​ចំនួន​ប្រជាជន​នៅ​តំបន់​នោះ​នៅ​មាន​ចំនួន​តិច​បើ​ធៀប​នឹង​ច្រក​អន្តរជាតិ​ធំៗ​ពីរ​ផ្សេង​ទៀត​របស់​កម្ពុជា​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​រំពឹង​ថា​តើ​ការ​វិនិយោគ​កាស៊ីណូ​នៅ​តាម​ព្រំ​ដែន​នេះ នឹង​កើត​មាន​ឬ​អត់​នោះទេ ដោយ​ចំនួន​ប្រជាជន​នៅ​តាម​បណ្ដោយ​ព្រំដែន​ទាំង​ពីរ​នៅ​មាន​តិច​»​។

យោង​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍ ភ្ញៀវទេសចរ​ឡាវ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ទេសចរ​បរទេស​ដែល​មក​កម្ពុជា​។

លោក គង់ សុភារក្ស ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ និង​ព័ត៌មាន នៃ​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ច្រក​អន្តរជាតិ​ត្រូវ​បាន​កែ​លម្អ និង​អភិវឌ្ឍ​បន្ថែម និន្នាការ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឡាវ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​ច្រក​នេះ​នឹង​កើនឡើង​។ លោក​ថ្លែងថា​៖ «​ការផ្ដល់​លទ្ធភាព​កាន់តែ​ប្រសើរ​នៅ​តាម​ព្រំ​ដែន វា​នឹង​នាំ​យក​ឱកាស​ដល់​ប្រទេស​នេះ​ដូចជា​ការ​បង្កើន​ភ្ញៀវទេសចរ និង​ការ​វិនិយោគ​តាម​ព្រំដែន ដោយ​សារ​តែ​ពួកគេ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ពាក្យសុំ​បែប​បទ ហើយ​លឿន​ជាង​មុន​»​។ លោក​បន្ថែម​ថា​៖ «​និន្នាការ​សេដ្ឋកិច្ច​នឹង​មាន​កំណើន ជា​ពិសេស​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​»៕LA

0

Comments

Please, login or register to post a comment