ភ្នំពេញៈ ការិយាល័យ​ឥណទាន​កម្ពុជា (CBC) កាលពី​ម្សិលមិញ​បាន​ចេញ​ផ្សាយ​របាយការណ៍​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០១៧ ដែល​បាន​បង្ហាញ​កំណើន​ដ៏រឹងមាំ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ឥណទាន ពិសេស​ផ្នែក​កាត​ឥណទាន និង​កម្ចី​ទិញ​ផ្ទះ​។

ការិយាល័យ​នេះ​បាន​រាយការណ៍​ពី​កំណើន​ ១៩ ​ភាគរយ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ឥណទាន​ធៀប​នឹង​ត្រីមាស​ទី​ ៣ ​កាលពី​ឆ្នាំ​មុន​លើស​អត្រា​កំណើន​ត្រីមាស​ទី​ ៣ ដែល​មាន​កំណើន​ ១០ ​ភាគរយ​។

ការ​ដាក់​ពាក្យសុំ​ឥណទាន​ថ្មី​បាន​កើនឡើង​លឿន​បំផុត​នៅ​ក្នុង​តំបន់​ខ្ពង់រាប ដែល​ជា​ធម្មតា​ផ្ដល់​ចំណាត់​ថ្នាក់​ជា​តំបន់​ក្រីក្រ​បំផុត​របស់​ប្រទេស​កម្ពុជា​ដែល​រួម​មាន​ខេត្ត​ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ព្រះវិហារ​។ កំណើន​នៅ​តំបន់​នោះ​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ដាក់​ពាក្យ​សុំ​កម្ចី​ទិញ​ផ្ទះ ដែល​បាន​កើនឡើង​ ២៧១ ​ភាគរយ​ធៀប​នឹង​កំណើន​ ៦២ ​ភាគរយ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​កម្ចី​ទិញ​ផ្ទះ​ទូទាំង​ប្រទេស​។

កំណើន​កាត​ឥណទាន​មាន​ភាព​រឹងមាំ​បំផុត​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​។ កម្ចី​កាត​ឥណទាន​ដែល​នៅ​តែ​មាន​ចំនួន​តិច​ជាង​ ១ ​ភាគរយ​នៃ​ឥណទាន​សរុប​ដែល​បាន​ចេញ​នៅ​ក្នុង​​ប្រទេស​នេះ​បាន​កើន​ឡើង​ ១០៩ ​ភាគរយ​កាល​ពី​ត្រីមាស​មុន​ដោយ​ភាគច្រើន​នៃ​កំណើន​នោះ​ចេញ​មកពី​ទីក្រុង​។

ចំណែក​ឥណទាន​នៅ​សល់​ត្រូវ​បាន​បំបែក​ភាគច្រើន​ស្មើ​គ្នា​រវាង​កម្ចី​បុគ្គល និង​កម្ចី​ទិញ​ផ្ទះ​។ នេះ​បើ​យោង​តាម​របាយការណ៍​។

របាយការណ៍​ឲ្យ​ដឹង​ថា​អត្រា​កម្ចី​មិន​ដំណើរការ (NPL ) មាន​អត្រា ​១,៥ ​ភាគរយ​ធ្លាក់​ចុះ​ពី​ត្រីមាស​ទី​ ៣ ទោះបី​ជា​តុល្យភាព​សរុប​នៃ​កម្ចី​បាន​កើនឡើង​ ៤៤ ​ភាគរយ​ដល់​ ៤,៥៤ ​ពាន់​លាន​ដុល្លារ​ក៏ដោយ​។

យោង​តាម​តួលេខ​បាន​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន​អត្រា NPL ជាពិសេស​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កាន់​តែ​ខ្ពស់​ដែល​កើនឡើង​ ២ ​ភាគរយ​កាលពី​ឆ្នាំ​មុន​ជិត​ ២ ​ដង​នៃ​អត្រា​ធៀប​នឹង​ឆ្នាំ​ ២០១៦ ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ធម្មតា​។

CBC ប្រមូល​ទិន្នន័យ​កម្ចី​ពី​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ នេះ​បើ​យោង​តាម​លោក សំ ឧត្តម អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៅ CBC៕LA