ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៣៤ កាលពីថ្ងៃចន្ទត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនចិន និងកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រីចិន លី កេឈាង មកកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខា ដោយក្រុមហ៊ុនចិនទាំង ១៤ មកពីឧស្សាហកម្មផ្សេងៗដូចជា វាយនភ័ណ្ឌ ឱសថ ផលិតផលកសិកម្ម ឧស្សាហកម្មគីមីឥន្ធនៈ ការជួញដូរផ្នែកពាណិជ្ជកម្ម និង ក្រុមហ៊ុនកម្ពុជាចំនួន ១៨ ក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំធ្វើឡើងរួមគ្នាដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសទាំង ២ នៅទីក្រុងភ្នំពេញ។
កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៥២៥,៩ លានដុល្លារនេះ នឹងគ្របដណ្ដប់លើការទិញផលិតផលកសិកម្ម និងផលិតផលផ្សេងទៀតដូចជា ម្រេច ឈើ ក្រូច ចេក កៅស៊ូ ស្វាយចន្ទី ស្ពានកាតូត កៅស៊ូសន្លឹកប្រភេទ RSS ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងកៅស៊ូសិប្បនិម្មិត SBR និងផលិតផលផ្សេងៗទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោក តេជ ដារ៉េត នាយកក្រុមហ៊ុន Kamda Rubber ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកម្ពុជាទាំង១៨ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីចិន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងពង្រឹង និងបង្កើនទំនុកចិត្តកាន់តែខ្លាំងសម្រាប់ទីផ្សារ។
ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតថាតើក្រុមហ៊ុនរបស់លោកនឹងនាំចេញកៅស៊ូប៉ុន្មានតោនទៅកាន់ទីផ្សាររបស់ប្រទេសចិនស្ថិតក្រោមកិច្ចព្រមព្រៀងនេះទេ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញ បានថ្លែងថា កិច្ចព្រមព្រៀងទាំងនេះ នឹងផ្ដល់ឲ្យប្រទេសកម្ពុជានូវលទ្ធភាពចូលទៅកាន់ទីផ្សារចិនសម្រាប់ផលិតផលកសិកម្ម ហើយបានសរសើរដល់កិច្ចព្រមព្រៀងទាំងនេះថា ជារឿងល្អសម្រាប់ក្រុមហ៊ុននាំចេញ និងកសិករក្នុងស្រុក។
លោកបានមានប្រសាសន៍ថា៖ «បញ្ហាដ៏សំខាន់របស់យើងគឺកង្វះទីផ្សារ នៅពេលយើងមានកិច្ចព្រមព្រៀងនេះ វានឹងផ្ដល់ដល់ពួកយើងនូវទីផ្សារប្រកបដោយស្ថិរភាព និងជួយដល់កសិកររបស់យើងរកប្រាក់ចំណូលបានកាន់តែប្រសើរ»។
កិច្ចព្រមព្រៀងពីមុនៗជាមួយប្រទេសចិនខាងវិស័យកសិកម្មជាញឹកញាប់មិនដែលបានកើតឡើងទៅតាមផែនការ ឬមិនអាចសម្រេចបាននោះទេ។
លោក ងួន ម៉េងតិច ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា លោកមានសុទិដ្ឋិនិយមថា ការប្រកាសជាសាធារណៈអំពីកិច្ចព្រមព្រៀងកាលពីថ្ងៃចន្ទនេះ នឹងធានាថា កិច្ចព្រមព្រៀងទាំងនេះត្រូវបានផ្តល់តម្លៃឲ្យនៅលើកនេះ។
លោកមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មតែងតែជារឿងល្អ បើយើងអាចអនុវត្តវាដោយរលូន ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មភាគច្រើនតែងតែប្រឈមឧបសគ្គជាច្រើន»។
លោកបន្តថា៖«បទពិសោធរបស់យើងរហូតមកដល់ពេលនេះ គឺថា ការនាំចេញនៅតែប្រឈមឧបសគ្គច្រើនក្នុងការទៅដល់ទីផ្សារចិន ដែលមានភាពរឹតបន្តឹងទាក់ទងនឹងស្ដង់ដារ គុណភាព និងជាពិសេសអនាម័យ និងភូតគាមអនាម័យ»៕ LA