ក្រុងហ្សឺណែវៈ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ពាក្យ​ប្តឹង​ដ៏ធំ​មួយ​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​តវ៉ា​ចំពោះ​ការ​ប្រើប្រាស់​ពន្ធ​ប្រឆាំង​នឹង​ការឧបត្ថម្ភ​ធន និង​ការ​លក់​បង្ខូច​តម្លៃ​ទីផ្សារ​របស់​សហរដ្ឋអាមេរិក ដោយ​បាន​លើក​ឡើង​ពី​ការប្រើប្រាស់​ពន្ធ​ទាំង​នោះ​មក​លើ​ផលិតផល​ដែក និង​ឧបករណ៍​បំលែង​ចរន្ត​អគ្គិសនី​។ នេះ​បើ​តាម​ឯកសារ​របស់​អង្គការ WTO ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​។

សហរដ្ឋអាមេរិក​មាន​រយៈពេល ៦០ ​ថ្ងៃ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បន្ទាប់មក​ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​ស្នើ​ឲ្យ​អង្គការ WTO ចាត់​វិធានការ​។

បណ្តឹង​នេះ​សំដៅ​លើ​ច្បាប់​ពាណិជ្ជកម្ម​របស់​អាមេរិក​ដែល​កើត​មាន​នៅក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ តែ​បណ្តឹង​នេះ​នឹង​បន្ថែម​លើ​ជម្លោះ​ដែល​បាន​កើតឡើង​ដោយសារ​គោលនយោបាយ​របស់​លោក ត្រាំ ស្តីពី​ការអនុវត្ត​គោលនយោបាយ​ «​អាមេរិក​ជា​អាទិភាព​» ដែល​មនុស្ស​ជាច្រើន​មើល​ឃើញ​ថា​មាន​លក្ខណៈ​គាំពារ​និយម​។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​តស៊ូ​រួច​ទៅ​ហើយ​ជាមួយ​នឹង​បណ្តឹង​នៅ​អង្គការ WTO របស់​ប្រទេស​កាណាដា ដែល​តវ៉ា​ពី​មូលដ្ឋាន​នៃ​ច្បាប់​ពាណិជ្ជកម្ម​របស់​អាមេរិក និង​កំពុង​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ប្រទេស​ចិន​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ចាត់​ទុក​ថា​ប្រទេស​ខ្លួន​ជា «​សេដ្ឋកិច្ច​ទីផ្សារ​» ដែល​​ជា​ឋានៈ​មួយ​ដែល​អាច​រារាំង​អាមេរិក​ចំពោះ​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ក្រុង​ប៉េកាំង​។

ទន្ទឹម​នឹង​នោះ​ដែរ​លោក ត្រាំ បាន​រុញច្រាន​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​នៅ​អង្គការ WTO ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ តាមរយៈ​ការ​រារាំង​ការ​តែងតាំង​ចៅក្រម​ឧទ្ធរណ៍​ថ្មី ដែល​គំរាម​កំហែង​ដល់​ការ​ផ្អាក​ការងារ​របស់​ប្រព័ន្ធ​មួយ​ដែល​បាន​ធ្វើ​ជា​មជ្ឈិតករ​ពាណិជ្ជកម្ម​ពិភពលោក​អស់​រយៈពេល​ជិត ២៥​ ​ឆ្នាំ​មក​ហើយ​នោះ​។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​បណ្តឹង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ តវ៉ា​ពី​អត្រាពន្ធ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​តម្លៃ​ទីផ្សារ​រហូត​ដល់ ៦០,៨១ ​ភាគរយ​ដែល​បាន​ហូត​លើ​ផលិតផល​ដែក និង​ឧបករណ៍​បំប្លែង​ចរន្តអគ្គិសនី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៦​។

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា ការ​ប្រើប្រាស់​ច្បាប់ «Adverse Facts Avai-lable» (AFA) បាន​ផ្តល់​លទ្ធភាព​ឲ្យ​សហរដ្ឋអាមេរិក​ហូត​ពន្ធ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​តម្លៃ​ទីផ្សារ​ខ្ពស់​ដោយ​មិន​ស្មើភាព ដោយ​គ្មាន​ទិន្នន័យ​ផ្ទៀងផ្ទាត់​ច្បាស់លាស់​ចំពោះ​ការអនុវត្ត​ច្បាប់​នេះ​។

កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ក្នុង​ជម្លោះ​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ចៅក្រម​ឧទ្ធរណ៍​របស់​អង្គការ WTO បាន​សម្រេច​ថា ការ​ប្រើប្រាស់​ច្បាប់ AFA នៅក្នុង​ជម្លោះ​មួយ​អាច​មាន​បញ្ហា ខណៈ​ដែល​ពុំ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​តវ៉ា​ក្នុង​ករណី​របស់​ប្រទេស​ចិន​។

បណ្តឹង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពុំ​បាន​បញ្ជាក់​ច្បាស់​ពី​ជម្លោះ​ពាណិជ្ជកម្ម​នាពេល​​ថ្មីៗ​នេះ​ជុំវិញ​ករណី​ហូតពន្ធ «​ការពារ​ខ្លួន​» របស់​សហរដ្ឋអាមេរិក​លើ​ផ្ទាំង​កញ្ចក់​ស្រូប​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ និង​ម៉ាស៊ីន​បោកគក់​សម្លៀកបំពាក់​នោះ​ទេ​។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំពោះ​ករណី​នោះ​ពោល​គឺជា​ការ​ទាមទារ​មួយ​ដែល​អាច​រង​នូវ​ផលប៉ះពាល់ បើ​វា​ក្លាយ​ជា​ជម្លោះ​មួយ​នោះ​។

សហភាព​អឺរ៉ុប ចិន កោះ​តៃវ៉ាន់ និង​ជប៉ុន ក៏​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជុំវិញ​អត្រាពន្ធ​ការពារ​ខ្លួន​របស់​អាមេរិក​នេះ​ផង​ដែរ​៕ BP