ក្រុងសេអ៊ូលៈ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​ចំនួន ៥ កាលពី​ថ្ងៃ​ពុធ បើ​ទោះបី​ជា​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឈ្លោះ​គ្នា​ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​របស់​ខ្លួន​ក្តី​។

អ្នក​នាំពាក្យ​របស់​ក្រសួង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹង​ថា​លោក Kim Hyun-chong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​មកពី​ប្រទេស​កូស្តារីកា អែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស នីការ៉ាហ្គា និង​ប៉ាណាម៉ា​។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា កិច្ចព្រមព្រៀង​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​តាម​ប្រទេស​នីមួយៗ នៅពេល​ដែល​ប្រទេស​នោះ​ធ្វើ​សច្ចាប័ន​នេះ ក៏​នឹង​ផ្តល់​ឲ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ ១១ ​របស់​ពិភពលោក​មួយ​នេះ​នូវ «​ផ្លូវ​ទី ​៣» ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​គ្រា​ដែល​មាន​កិច្ច​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។

ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក​មាន​កិច្ចព្រមព្រៀង​របស់​ខ្លួន​ផ្ទាល់​ដែល​មាន​ឈ្មោះ​ថា កិច្ចព្រមព្រៀង KORUS តែ​បាន​ចាប់ផ្តើម​កិច្ចពិភាក្សា​ស្តីពី​ការ​ចរចា​ឡើង​វិញ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ថា កិច្ចព្រមព្រៀង​នេះ​គឺជា «​កិច្ចព្រមព្រៀង​មិន​ល្អ​មួយ​» និង​ជា «​គ្រោះមហន្តរាយ​» មួយ​ហើយ​សម្ព័ន្ធមិត្ត​ទាំង​ ២ បាន​ស្ថិត​ក្នុង​ជម្លោះ​មួយ​ដោយសារ​ការ​ហូត​ពន្ធ​លើ​ដែក ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​ផលិតផល​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អនុវត្ត​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​នេះ​នឹង​ជួយ​ប្រទេស​នេះ​នាំ​ចេញ​ផលិតផល​កាន់តែ​ច្រើន​ដូចជា រថយន្ត រ៉ែ​ដែក និង​ដែកថែប សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​វាយនភ័ណ្ឌ​ទៅកាន់​តំបន់​នេះ​។

យោង​តាម​តួលេខ​ដែល​ទទួល​បាន​ពី​អង្គភាព​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង KITA បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​មុន​កូរ៉េ​ខាង​ត្បូង​មាន​អតិរេក​ជិត ១,៩ ​ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​ទាំង​ ៥ ​នៅ​តំបន់​អាមេរិក​កណ្តាល​ដោយ​ការ​នាំ​ចេញ​មាន​ទំហំ ២,២ ​ពាន់​លាន​ដុល្លារ និង​ការ​នាំ​ចូល​មាន​ទំហំ ៣៣៣ ​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​កិច្ចពិភាក្សា​អស់​រយៈពេល​ ៣២ ​ខែ ដើម្បី​បន្ធូរបន្ថយ​អត្រាពន្ធ និង​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​ចំនួន​ ៦ តែ​នៅពេល​នេះ​ប្រទេស​ក្វាតេម៉ាឡា​បាន​សម្រេច​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​៕ BP