ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ថា កំណាត់​ផ្លូវ​ដែក​កម្ពុជា​ប្រវែង​ ៦០ ​គីឡូម៉ែត្រ​ពី​បន្ទាយមានជ័យ​ទៅ​ព្រំដែន​ថៃ​ត្រូវ​បាន​សាងសង់​បញ្ចប់​រួចរាល់​ហើយ​។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​វេទិកា​ដឹកជញ្ជូន​ដែល​រៀបចំ​ឡើង​ ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដែល​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​សុន្ទរកថា​សង្ខេប​អំពី​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

បន្ទាប់ពី​ការ​ចុះ​បញ្ជី​គម្រោង​សាងសង់​មួយ​ចំនួន​មក​ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា ការ​សាងសង់​ដ៏សំខាន់​លើ​ផ្លូវ​ដែក​ដែល​គេ​រង់ចាំ​រយៈពេល​យូរ​មក​ហើយ​ទៅ​កាន់​ព្រំដែន​ថៃ «​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​នេះ​»​។

លោក វ៉ា ស៊ឹមសូរិយា អគ្គនាយក​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ការ​សាងសង់​កំណាត់​ផ្លូវដែក​ប្រវែង​ ៦០ ​គីឡូម៉ែត្រ​នៅ​ចន្លោះ​ប៉ោយប៉ែត និង​ស្រុក​មង្គលបុរី​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​បញ្ចប់​ហើយ​កាលពី​ដើម​សប្ដាហ៍​នេះ​។

លោក​ថ្លែង​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ រថភ្លើង​អាច​ត្រូវ​បាន​ប្រតិបត្តិការ​ចាប់ពី​ប៉ោយប៉ែ​តទៅ​មង្គលបុរី ដោយសារ​តែ​ការ​សាងសង់​ [​ចំណែក​] នៃ​ផ្លូវ​ដែក​នេះ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ហើយ​»​។

ទោះបី​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា រថភ្លើង​មិន​ទាន់​ចាប់​ផ្ដើម​ដំណើរការ​នៅ​ឡើយ​ទេ ហើយ​លោក​មិន​បាន​ដឹង​ថា នៅពេល​ណា​វា​នឹង​ប្រតិបត្តិការ​ជា​ផ្លូវការ​សម្រាប់​អ្នក​ដំណើរ​នោះ​ទេ​។

លោក​ថ្លែង​ថា​​ នេះ​គឺជា​ដំណាក់កាល​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​សាងសង់​ផ្លូវដែក​ដែល​គ្រោង​ទុក​យូរ​ណាស់​មកហើយ ហើយ​នៅ​ពេល​ផ្លូវដែក​មួយ​ត្រូវ​បាន​បញ្ចប់ ប្រវែង​ផ្លូវ​ដែក​នេះ​ចាប់ពី​ព្រំដែន​ថៃ​មក​ទីក្រុង​ភ្នំពេញ​សង្ឃឹម​ថា​អាច​ដឹក​អ្នក​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​ទីក្រុង​បាងកក​ក្នុង​ល្បឿន​ជា​មធ្យម​ពី​ ៤០ ទៅ​ ៦០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ក្រសួង​កំពុង​បន្ត​ការងារ​សាងសង់​ចំណែក​ផ្លូវដែក​ដែល​ស្នើ​ឡើង​គឺ ចាប់ពី​ប៉ោយប៉ែត​ទៅ​មង្គលបុរី មង្គលបុរី​ទៅ​បាត់ដំបង បាត់ដំបង​ទៅ​ពោធិ៍សាត់ និង​ពោធិ៍សាត់​មក​ទីក្រុង​ភ្នំពេញ​។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​ពី​ក្រសួង​កាលពី​ខែ​មករា ឆ្នាំ​ ២០១៧ ការ​សាងសង់​ផ្លូវដែក​ប្រវែង​ ១២២ ​គីឡូម៉ែត្រ​នៅ​ចន្លោះ​ប៉ោយប៉ែត និង​បាត់ដំបង​ដំបូង​ឡើយ​ត្រូវ​បាន​គ្រោង​នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ​ ២០១៧​។

លោក វ៉ា ស៊ឹមសូរិយា បាន​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា ការ​តភ្ជាប់​ផ្លូវដែក​ពី​ពោធិ៍សាត់​មក​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​»​។

លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ផ្លូវ​ដែក​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ​ដើម្បី​ដឹកជញ្ជូន​ទំនិញ​។ ពេល​សួរ​ថា ពេល​ណា​ផ្លូវ​ដែក​នេះ​នឹង​បើក​ដំណើរការ​ដឹក​អ្នក​ដំណើរ​លោក ម៉េងជ្រួន ថ្លែង​ថា​៖​ «​រង់ចាំ​ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សិន​»​។

ផ្លូវដែក​ចាប់ពី​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​ពី​មុន​ត្រូវ​បាន​គ្រោង​នឹង​បញ្ចប់​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០១៦ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ជាច្រើន​ដង​មក​ហើយ​ ដោយសារ​តែ​ឧបសគ្គ​ផ្លូវ​ច្បាប់ ភ្លៀង​ជា​ប្រចាំ និង​ជម្លោះ​ដីធ្លី​។ ផែនការ​រដ្ឋាភិបាល​ក្នុង​ការ​ភ្ជាប់​ផ្លូវដែក​ទៅ​ភាគ​ខាង​លិច​បន្ថែម​ទៀត​ត្រូវ​បាន​ប្រឈម​នឹង​ការ​ពន្យារពេល​ផង​ដែរ​៕ LA

រាយការណ៍​បន្ថែមៈ ចេង សុខហ័ង