ភ្នំពេញៈ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ក្នុង​វិស័យ​សត្តឃាតដ្ឋាន​នៅ​កម្ពុជា​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភាពផ្តាច់មុខ និង​មានការ​ឃុបឃិត​គ្នា ដែល​ជា​កត្តា​ជំរុញ​ឲ្យ​តម្លៃ​ម្ហូបអាហារ​ឡើង​ថ្លៃ​នេះ​។

ក្នុង​សារាចរ​មួយ​ស្តីពី​ការចាត់​វិធានការ​ពង្រីក​ការគ្រប់គ្រង​អាជីវកម្ម​សត្វ និង​ជលផល​ក្រសួង​បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​ភាពផ្តាច់មុខ​លើ​ការ​ធ្វើ​អាជីវកម្ម​សត្តឃាតដ្ឋាន ការឃុបឃិត​គ្នា​ក្នុង​អាជីវកម្ម​ពិឃាតសត្វ អ្នក​លក់​ដំ និង​អ្នក​លក់រាយ​ធ្វើ​ការកំណត់​ថ្លៃ និង​ផ្តាច់​មុខ​លើ​អាជីវកម្ម​នាំ​ចូល ចែកចាយ ឬ​ការដឹកជញ្ជូន​ទំនិញ​ដែល​កត្តា​ទាំងនេះ​បាន​ធ្វើឲ្យ​តម្លៃ​ម្ហូបអាហារ​ឡើង​ថ្លៃ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ចាត់វិធានការ​លុបបំបាត់​សិទិ្ធ​ផ្តាច់មុខ​លើ​ការនាំ​ចូល​ផល និង​ផលិតផល​ដោយ​បើក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ពេញលេញ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ទាំងអស់ នៅ​តាម​ព្រំដែន និង​ការលុបបំបាត់​ការលក់​អាជ្ញាប័ណ្ណ​បន្ត​ផង​ដែរ​។

ឯកសារ​ចុះហត្ថលេខា​ដោយ​លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ណែនាំ​ឲ្យ​មន្ដ្រី​ក្រសួង​ត្រូវ​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ធានា​ឲ្យ​ប្រាកដ ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​នៅ​លើ​ទីផ្សារ​សត្តឃាត​ដែល​រួម​មាន​ការ​បំបែក​ភាព​ផ្ដាច់មុខ និង​ការលើក​កម្ពស់​កសិករ​មាន​ដើម​ទុន​តូច​អាច​បើក​អាជីវកម្ម​សម្លាប់​សត្វ​បាន​។

លោក សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៅ​ក្រសួង​កសិកម្ម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួង​បាន​រកឃើញ​ភាព​ផ្ដាច់មុខ​ជា​ឧបសគ្គ​សម្រាប់​ការប្រកួត​ប្រជែង​ដោយ​សេរី និង​ស្មើភាព​ព្រម​ទាំង​ជា​មូលហេតុ​ធ្វើឲ្យ​តម្លៃ​សាច់​កាន់តែ​ខ្ពស់​ផង​ដែរ​។ ​លោក​ថ្លែងថា​៖ «​យើង​បាន​អង្កេត​ឃើញ​ថា ចាប់តាំងពី​ចេញ​សារាចរ​នេះ តម្លៃ​សត្វ​បាន​ធ្លាក់​ចុះ​»​។ លោក​បន្ត​ថា​៖ «​យើង​ជំរុញ​ឲ្យ​មាន​សត្ដឃាត​នៅ​កម្រិត​សហគមន៍ នេះ​គឺជា​លទ្ធផល​វិជ្ជមាន​មួយ​ក្នុង​ការ​ធ្វើឲ្យ​តម្លៃ​សាច់​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង គុណភាព​កាន់តែ​ខ្ពស់ និង​សន្សំ​ការចំណាយ​សម្រាប់​អ្នកប្រើប្រាស់​»​។

ការអះអាង​មួយ​ក្នុង​ចំណោម​ការអះអាង​ជាច្រើន​នៅក្នុង​​សារាចរ​នេះ​គឺថា ទីសត្តឃាត​ដែល​មាន​ស្រាប់​កំពុង​រារាំង​អាជីវកម្ម​ថ្មី​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារ​នេះ និង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ដ្រី​ក្រសួង​កសិកម្ម​កម្រិត​ខេត្ត​ត្រូវ​ពន្លឿន​ការផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​ខ្នាតតូច​។

ពេល​សួរថា​តើ​អាជីវកម្ម​ដែល​មាន​ស្រាប់​បាន​រារាំង​កសិករ​ខ្នាត​តូច​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ដោយ​របៀប​ណា ខណៈ​អាជ្ញាប័ណ្ណ​ត្រូវ​បាន​ចេញ​ដោយ​ក្រសួង​នោះ លោក​ សេន សុវណ្ណ ​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​នេះ​ទេ​ដោយ​គ្រាន់តែ​លើក​ឡើង​ថា​៖ «​យើង​មិន​ចង់​ស្ដីបន្ទោស​នរណា​ម្នាក់​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា វិបត្តិ​ក្នុង​ពេល​កន្លង​មក​ត្រូវបាន​បង្ក​ឡើង​ដោយ​មិន​មាន​ការប្រកួតប្រជែង​ពេញលេញ​នោះ​ទេ​»៕ LA