Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ផ្តល់​ឲ្យ​ខេត្ត​ ២ ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម ដោយ​ផ្ទាល់

Content image - Phnom Penh Post
កសិករ​ប្រមូល​ផល​ដំឡូង​មី​នៅ​ខេត្ត​បាត់ដំបង​នា​ពេល​កន្លង​មក។ ហេង ជីវ័ន

ក្រសួង​ផ្តល់​ឲ្យ​ខេត្ត​ ២ ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម ដោយ​ផ្ទាល់

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ចាប់​ផ្តើម​គម្រោង​សាកល្បង​ដោយ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ខេត្ត​ចំនួន​ ២​ ជាប់​ព្រំដែន​ថៃ ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម (CO) ដល់​ក្រុមហ៊ុន​នាំ​ចេញ ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ចាត់​ទុក​ថា​វិធានការ​នេះ​នឹង​ជំរុញ​ទៅ​ដល់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ឡុង កែម​វិចិត្រ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​យល់​ព្រម​ផ្តល់​ឲ្យ​ខេត្ត​ ២​ ​គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ដល់​អ្នក​នាំ​ចេញ ដែល​នេះ​ជា​គម្រោង​សាកល្បង​លើក​ដំបូង​នៃ​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ឲ្យ​តំបន់​កសិកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញ​។

លោក វិចិត្រ បាន​ថ្លែង​ថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ដល់​ថ្នាក់​ក្រោម ដែល​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម ដែល​ពាណិជ្ជករ​អាច​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​ចាប់ពី​ពេល​នេះ​តទៅ​»​។

លោក​បន្ថែម​ថា គោល​បំណង​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ថ្នាក់​ក្រោម​នេះ​នឹង​លើក​កម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​កាត់បន្ថយ​តម្លៃ​ផលិត​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​លើក​ដំបូង​ដែល​ក្រសួង​បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ដល់​ថ្នាក់​ក្រោម​សម្រាប់​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម នៅ​ពេល​នេះ​មន្ដ្រី​កំពុង​ដំណើរ​ការ ហើយ​ពាណិជ្ជករ​អាច​ដាក់​ពាក្យ​សុំ​ចាប់ពី​ពេល​នេះ​ផង​ដែរ​»​។

លោក​បន្ថែម​ថា​៖«​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​គឺជា​ប្រភព​ផលិតផល​កសិកម្ម និង​ច្រក​ចូល​ព្រំដែន យើង​ចង់​ផ្ដល់​សេវា​ល្អ ដែល​ពួក​គេ​អាច​កាត់​បន្ថយ​តម្លៃ​ការ​ផលិត និង​ពេលវេលា​បាន​»​។

បើ​យោង​តាម លោក ឡុង កែម​វិចិត្រ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន​កំពុង​ស្ថិត​លើ​គម្រោង​សាកល្បង​ដែល​ជា​តំបន់​ជាប់​ព្រំដែន និង​ជា​មជ្ឈមណ្ឌល​នៃ​តំបន់​កសិកម្ម ហើយ​ប្រសិនបើ​គម្រោង​នេះ​ដំណើរការ​ដោយ​រលូន ក្រសួង​នឹង​ពង្រីក​ទៅដល់​តំបន់​ផ្សេងទៀត​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា មន្ដ្រី​កំពុង​នឹង​រៀបចំ​យ៉ាង​ល្អ​រួចរាល់​ហើយ​សម្រាប់​ការ​ដំណើរការ​ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​សម្រាប់​ពាណិជ្ជករ​។

លោក​បន្ថែមថា​នេះ​គឺជា​យុទ្ធសាស្ដ្រ​ដ៏​ល្អ​របស់​រដ្ឋាភិបាល​សម្រាប់​ការធ្វើ​វិមជ្ឈការ​ដល់​ថ្នាក់ក្រោម ដែល​នឹង​អាច​បង្កើន​ល្បឿន និង​ការងារ​ដោយផ្ទាល់​នៅក្នុង​តំបន់​នេះ​។

លោក​លើក​ឡើង​ថា​៖ «​យើង​ត្រៀម​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ដំណើរការ​សម្រាប់​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម ហើយ​ពាណិជ្ជករ​អាច​ទទួលបាន​ពី​ពួក​យើង​ដោយ​មិន​គិតថ្លៃ ហើយ​ពួក​គេ​នឹង​ចំណេញ​ពេលវេលា និង​សន្សំ​បាន​តម្លៃ​ការ​ដឹក​ជញ្ជូន​ផង​ដែរ​»​។

លោក​បន្ត​ថា​៖ «​នេះ​គឺជា​ប្រព័ន្ធ​វិមជ្ឈការ​ដែល​យើង​អាច​បង្កើន​ល្បឿន​សេវា និង​ការងារ​ដោយ​ផ្ទាល់​ជាមួយ​ពាណិជ្ជករ ហើយ​ពាណិជ្ជករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា​ច្រើន និង​ចូលដល់​អ្នក​ទិញ​របស់​ពួក​គេ​បាន​កាន់​តែ​លឿន​»​។

កន្លង​មក​រាល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដែល​ពេលខ្លះ​បង្ក​ភាព​ស្មុគស្មាញ និង​ចំណាយ​ពេល​ផង​ដែរ ដោយ​សារ​អ្នក​ស្នើ​សុំ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ទទួល​ឯកសារ បើទោះបី​ការ​បំពេញ​បែប​បទ​ត្រូវ​ធ្វើ​ឡើង​តាម​អន​ឡាញ​ក៏​ដោយ​។

លោក​សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ AMRU Rice ស្វាគមន៍​នូវ​យុទ្ធសាស្ដ្រ​ថ្មី​របស់​រដ្ឋាភិបាល ហើយ​វា​នឹង​កាត់​បន្ថយ​ភាព​ធុញ​ទ្រាន់​នៃ​ការ​តម្រង់​ជួរ និង​ចំណាយ​ពេលវេលា​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​យុទ្ធសាស្ដ្រ​ដ៏​ល្អ​របស់​រដ្ឋាភិបាល យើង​នឹងមិន​តម្រង់​ជួរ និង​ចំណាយ​ពេល​វេលា​រង់ចាំ​ទៀត​ទេ វា​នឹង​កាត់បន្ថយ​តម្លៃ​ផលិត ហើយនឹង​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​»​។

ការ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម គឺជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជករ​កសិកម្ម ដែល​អាច​នាំ​ពួក​គេ​ឲ្យ​ទៅ​ដល់​ទីផ្សារ​បាន​។

អ្នក​ស្រី អ៊ុក នារីរ័ត្ន ពាណិជ្ជករ​ដំឡូង​មី​នៅ​ខេត្ត​បាត់ដំបង​ដែល​ធ្លាប់​បាន​ស្នើ​សុំ CO ដើម្បី​នាំ​ចេញ​ដំឡូង​មី​ទៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អ្នក​ស្រី​ឈប់​នាំ​ចេញ​ដោយ​ផ្ទាល់ ប៉ុន្តែ​អ្នក​ស្រី​បាន​បង្វែរ​មក​លក់​ឲ្យ​ឈ្មួញ​កណ្តាល និង​ឈ្មួញ​ដែល​ចូល​មកពី​ប្រទេស​ថៃ​វិញ​។

អ្នក​ស្រី​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​ដាក់​ពាក្យ​សុំ​ពីមុន ដើម្បី​នាំចេញ​ផលិតផល​ដំឡូង​មី​របស់​ខ្ញុំ​ទៅ​ថៃ ប៉ុន្តែ​ដោយ​សារ​តែ​វា​មាន​ភាព​ស្មុគស្មាញ ខ្ញុំ​បាន​បោះ​បង់​ចោល ​២-៣ ​ឆ្នាំ​កន្លង​មក​ហើយ​»​។

អ្នក​ស្រី​បន្ត​ថា​៖ «​ពេល​នេះ​ខ្ញុំ​គ្រាន់​តែ​លក់​នៅ​ពេល​ឈ្មួញ ឬ​អ្នកទិញ​ជនជាតិ​ថៃ​មក​ដោយ​ផ្ទាល់​ដល់​កន្លែង​ស្ដុក​របស់​ខ្ញុំ​ប៉ុណ្ណោះ​»​។

បើទោះបី​យ៉ាង​នេះ​ក្តី អ្នក​ស្រី​មាន​សុទិដ្ឋិ​និយម​ថា ការ​ផ្លាស់​ប្តូរ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​នឹង​ជួយ​វិស័យ​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន​កាន់តែ​ប្រសើរ​។

អ្នក​ស្រី​លើក​ឡើង​ថា​៖ «​ទោះបី​ខ្ញុំ​មិន​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​នោះ​ក៏ដោយ តែ​ខ្ញុំ​នៅតែ​ជឿជាក់​ថា ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ឈ្មួញ និង​អ្នក​ទិញ ខ្ញុំ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ ដោយ​សារ​តែ​វា​មាន​ការ​ជួយ​សម្រួល​កាន់​តែ​ប្រសើរ​ជាង​មុន​»៕ LA

0

Comments

Please, login or register to post a comment