Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​លែង​ផ្តល់​អាជ្ញាប័ណ្ណ​លើ​អាជីវកម្ម​ស៊ីម៉ងត៍

Content image - Phnom Penh Post
សកម្មភាព​ស្ទូច​ស៊ីម៉ងត៍​ចេញ​ពី​រថភ្លើង​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក​។ ហេង ជីវ័ន

ក្រសួង​លែង​ផ្តល់​អាជ្ញាប័ណ្ណ​លើ​អាជីវកម្ម​ស៊ីម៉ងត៍

ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​រោងចក្រ​ស៊ីម៉ងត៍​នៅ​កម្ពុជា​ត្រូវ​បាន​បិទ​ដោយសារ​ធនធាន​ធម្មជាតិ​មិន​គ្រប់គ្រាន់​។ នេះ​បើ​តាម​មន្ដ្រី​មកពី​ក្រសួង​នេះ​។

លោក ហ៊ត ផេង ប្រធាន​នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​ថា​ខណៈ​រោងចក្រ​ស៊ីម៉ងត៍​ធំៗ​ពីរ​នឹង​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ​នេះ​អាជ្ញាប័ណ្ណ​ថ្មី​នៃ​ឧស្សាហកម្ម​ស៊ីម៉ងត៍​លែង​មាន​ទៀត​ហើយ​។

លោក​ថ្លែង​ថា​៖ «​យើង​អាច​ផ្ដល់​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​ស៊ីម៉ងត៍​ ៥ ​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​ ៤ ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពត ហើយ​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​បាត់ដំបង​»​។

ប៉ុន្តែ​លោក​ថ្លែង​ថា​នឹង​មិន​មាន​ការ​ចេញ​អាជ្ញាប័ណ្ណ​ទៀត​ទេ ទោះបី​ជា​ក្រុម​វិនិយោគិន​មួយ​ចំនួន​កំពុង​ស្វែងរក​ការ​ស្នើសុំ​ក៏ដោយ​។

លោក​បញ្ជាក់​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​វិនិយោគិន​បាន​ស្នើសុំ​យើង​នូវ​ទីតាំង​ដ៏មាន​សក្ដានុពល​សម្រាប់​ការ​​វិនិយោគ​រោងចក្រ​ស៊ីម៉ងត៍ ប៉ុន្តែ​យើង​អស់​កន្លែង​ដែល​មាន​ធនធាន​ធម្មជាតិ​ហើយ​វា​ពេញ​អស់​ទៅ​ហើយ​នៅ​ខេត្ត​កំពត និង​ខេត្ត​បាត់ដំបង និង​ខេត្ត​ផ្សេង​ទៀត​មិន​មាន​ថ្មកំបោរ​ដែល​មាន​គុណភាព​សម្រាប់​ការ​វិនិយោគ​ស៊ីម៉ងត៍​នោះ​ទេ​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ស៊ីម៉ងត៍​ពីរ​គឺ​ក្រុមហ៊ុន K Cement ដែល​បាន​វិនិយោគ​ ១៨០ ​លាន​ដុល្លារ និង​ក្រុមហ៊ុន Cambodia Cement Chakrey Ting Factory ដែល​បាន​វិនិយោគ​ ៩៩ ​លាន​ដុល្លារ​កំពុង​ផ្គត់ផ្គង់​ដល់​ទីផ្សារ​រួច​ហើយ ខណៈ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ថៃ​ប៊ុនរ៉ុង ដែល​វិនិយោគ​ ៤៥ ​លាន​ដុល្លារ​កំពុង​សាកល្បង​ចង្វាក់​ផលិត​។

លោក ផេង បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ស៊ីម៉ងត៍​ពីរ​គឺ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ឥន្ទ្រី ជីប ម៉ុង វិនិយោគ​ ២៦២ លាន​ដុល្លារ និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខ្យង BB វិនិយោគ​ ៦០ ​លាន​ដុល្លារ​គ្រោង​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​។

លោក​បន្ថែម​ថា​ក្រុមហ៊ុន​ស៊ីម៉ងត៍​ ៥ ​នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន ប្រសិន​បើ​ការ​ផលិត​ត្រៀម​រួច​ជា​ស្រេច​ជាមួយ​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​ប្រភេទ​ស៊ីម៉ងត៍​ផ្សេងៗ​នៅ​តែ​ត្រូវ​បាន​នាំ​ចូល​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ​នេះ​។

លោក ហេង ស៊ិនស៊ីផាត អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Battambang Conch Cement Co.,Ltd បាន​ឲ្យ​ដឹង​ថា​ការ​បើក​ដំណើរការ​អាច​ពន្យារពេល​ដោយសារ​តែ​ការសាងសង់​មាន​ការ​រាំងស្ទះ​បន្តិចបន្តួច​។

លោក​ឲ្យ​ដឹង​ថា សមត្ថភាព​ផលិត​មាន​ចំនួន​ ៥០០០ ​តោន​ក្នុង​មួយ​ថ្ងៃ​ដែល​នឹង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ជា​លើក​ដំបូង បន្ទាប់មក​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ជិត​ខាង​ដូចជា​ថៃ វៀតណាម និង​ឡាវ​។

លោក​ថ្លែង​ថា​៖ «​យើង​ធានា​ក្នុង​ការ​ផលិត​ស៊ីម៉ងត៍​គុណភាព​ខ្ពស់​មាន​ស្ដង់ដារ​ល្អ យើង​គ្រោង​នឹង​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុង​ស្រុក​ជា​លើក​ដំបូង ហើយ​បន្ទាប់​មក​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ជិត​ខាង​»​។

លោក ទៀង សុភៈវិជ្ជា ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​រដ្ឋាភិបាល​នៅ​ក្រុមហ៊ុន Chip Mong Insee Cement Corporation បាន​ឲ្យ​ដឹង​ថា​រោងចក្រ​ដែល​មាន​សមត្ថភាព​ផលិត​ចំនួន​ ៥០០០ ​តោន​ក្នុង​មួយ​ថ្ងៃ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ខែ​តុលា​ឆ្នាំ​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុង​ស្រុក ហើយ​ខ្ញុំ​ជឿជាក់​ថា​ទីផ្សារ​ស៊ីម៉ងត៍​គឺ​នៅ​តែ​មាន​ឱកាស​ល្អ​សម្រាប់​ពួកយើង​»៕ LA

0

Comments

Please, login or register to post a comment