Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​មួយ​ទៀត ​បើក​ដំណើរ​ការ

ក្រុមហ៊ុន​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​មួយ​ទៀត ​បើក​ដំណើរ​ការ

ភ្នំពេញៈ ក្រុមហ៊ុន Alpha Gold Futures ដែល​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ផ្នែក​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ (​ការ​ទិញ​លក់​ក្នុង​កិច្ច​សន្យា​គម្លាត​ថ្លៃ​) បាន​ប្រកាស​ដំណើរការ​ជា​ផ្លូវ​ការ​កាលពី​ម្សិលមិញ ដើម្បី​ចូលរួម​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដ៏​ក្មេង​ខ្ចី​នៅ​កម្ពុជា បន្ទាប់ពី​បានទទួល​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូល​បត្រ​កម្ពុជា​កាលពី​ចុងខែ​វិច្ឆិកា កន្លង​ទៅ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​កាលពី​ម្សិលមិញ លោក​ស្រី កែវ ម៉ាលី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន Alpha Gold Futures បាន​ថ្លែងថា ក្រុមហ៊ុន​នេះ​នឹង​ផ្ដល់​សេវា​សម្រប​សម្រួល​ទិញ លក់​កិច្ចសន្យា​គម្លាត​ថ្លៃ​លើ​មាស និង​រូបិយប័ណ្ណ ហើយ​នឹង​ពង្រីក​ដល់​ប្រេង ទំនិញ​កសិផល នៅ​ពេល​អនាគត​។

លោក​ស្រី​ថ្លែង​ថា​៖«​តាម​រយៈ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Alpha Gold Futures យើង​ធានា​ថា ការ​វិនិយោគ​របស់​យើង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន និង​ច្បាស់​លាស់​ដោយ​ក្រុម​អាជីព​និង​ជំនាញ​របស់​យើង​»​។

ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​មាន​ស្ថាប័ន​សំខាន់​ពីរ​រួមមាន​ក្រុមហ៊ុន​ឈ្នួញ​ជើងសា​ឧបករណ៍​និស្សន្ទ និង​ក្រុមហ៊ុន​សម​ភាគី​កណ្ដាល​។

យោង​តាម​បទ​ប្បញ្ញត្តិ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ​(SECC)​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ តម្រូវការ​ទុន​អប្បបរមា​សម្រាប់​សមភា​គី​កណ្ដាល​មាន​ចំនួន​ ៥ ​លាន​ដុល្លារ ក្រុមហ៊ុន​ឈ្នួញ​ជើង​សា​មាន​ចំនួន ​២៥០ ០០០​ ដុល្លារ​។

ស្ថាប័ន​ទាំង​ពីរ​ត្រូវ​តម្រូវ​ឲ្យ​មាន​ទុនបម្រុង​អប្បបរមា ស្នើ​នឹង​១៥​ភាគរយ​នៃ​ដើម​ទុន​របស់​ពួក​គេ​។

លោក ស៊ូ សុជាតិ នាយក SECC បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ឈ្នួញ​ជើងសា​កាន់​តែ​ច្រើន​បាន​ទទួល​អាជ្ញាប័ណ្ណ ខណៈ​មាន​សម​ភាគី​កណ្ដាល​មាន​តែ​ ៤ ​ប៉ុណ្ណោះ ដោយ​និយតករ​ផ្អាក​ការ​ចេញ​អាជ្ញាប័ណ្ណ​សម​ភាគី​កណ្ដាល​ថ្មី​ដល់​ក្រុមហ៊ុន​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​ចាប់​តាំង​ពី​ខែ​មីនា ​ឆ្នាំ​នេះ​មក​។

លោក​បាន​ស្នើសុំ​មិន​បង្ហាញ​គណនី​ជួញដូរ​ដែល​ពាណិជ្ជករ​បើក​សម្រាប់​ការ​ជួញ​ដូរ ប៉ុន្តែ​បញ្ជាក់​ថា ចំនួន​កំពុង​កើន​ឡើង​។

លោក​ថ្លែងថា​៖ «​ចំនួន​ពាណិជ្ជករ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ឆ្លុះ​បញ្ចាំង​ថា​មាន​ការ​កើន​ឡើង​នូវ​ទំនុក​ចិត្ត​លើ​ទីផ្សារ​ថ្មី​នេះ​»៕ LA

0

Comments

Please, login or register to post a comment