ភ្នំពេញៈ ខណៈ​ការបង្ក្រាប​លើ​រថយន្ត​កែច្នៃ​ពី​សំណាក់​រដ្ឋាភិបាល​បាន​ឈាន​ដល់​ថ្ងៃ​ទី​ ១១ ហើយ​កាលពី​ម្សិលមិញ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈាន​មុខ​គេ​របស់​កម្ពុជា ដែល​បម្រើ​ឧស្សាហកម្ម​កាត់ដេរ​បាន​បញ្ជាក់​ថា រថយន្ត​ស្រប​ច្បាប់​នៅពេល​នេះ​នៅ​តែ​ត្រូវ​បាន​រារាំង​ដោយ​ការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​ផង​ដែរ​។

ការ​បង្ក្រាប​នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ បន្ទាប់ពី​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដោយ​ព្រមាន​ថា លោក​នឹង​ដក​ចោល​អភិបាល​ខេត្ត​ណា​មួយ​ដែល​បរាជ័យ​ក្នុង​ការ​លុបបំបាត់​រថយន្ត​កែច្នៃ និង​ផ្ទុក​លើស​ទម្ងន់​លើ​ផ្លូវ​ក្នុង​ខេត្ត​របស់​ពួកគេ​។ លោក​នាយក​រដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ជាក់​ជាថ្មី​ថា លោក​អំពាវនាវ​ឲ្យ​កាត់ចោល​រថយន្ត​មាន​ប្រវែង​វែង​លើស​ ១៦ ​ម៉ែត្រ​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​កាលពី​លើក​មុន​បាន​អះអាង​ថា ភាគច្រើន​នៃ​រថយន្ត​ដែល​បម្រើ​រោងចក្រ​របស់​ខ្លួន​ជា​រថយន្ត​ដឹក​ទំនិញ​ប្រើ​រួច​នាំ​ចូល​ពី​អាមេរិក និង​អឺរ៉ុប ហើយ​មិន​មាន​ការ​កែច្នៃ​ទេ ប៉ុន្តែ​វា​មាន​ប្រវែង​លើស​ ១៦ ​ម៉ែត្រ​ដែល​បាន​កំណត់​ដោយ​ច្បាប់​កម្ពុជា​។

៤ ​ថ្ងៃ​បន្ទាប់ពី​ការ​ប្រកាស​ដំបូង​របស់​លោក ហ៊ុន សែន GMAC បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ដ្រី​ដែល​អំពាវនាវ​ឲ្យ​ពន្យារពេល​អនុវត្ត​ច្បាប់​នេះ ដោយ​ខ្លួន​បាន​ហៅថា​ជា «​ការ​គំរាម​កំហែង​ថ្មី​» មួយ​ដល់​ឧស្សាហកម្ម​ផលិតកម្ម​ឈាន​មុខ​គេ​របស់​កម្ពុជា​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បាន​ថ្លែង​នៅពេល​នោះ​ថា​ការ​បង្រា្កប​នេះ​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ឧស្សាហកម្ម​នេះ​ដែល​ជា​ផលិតផល​ភាគច្រើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ប្រសិន​បើ​វា​មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​សប្ដាហ៍​នេះ​។

មន្ដ្រី​មកពី GMAC មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ឮ​ដំណោះស្រាយ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នោះ​ទេ ចាប់​តាំងពី​លោក​បាន​ជួប​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​ដឹកជញ្ជូន​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ ហើយ​បន្ថែម​ថា ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅ​ជុំវិញ​ប្រទេស​នេះ​ត្រូវ​បាន​គេ​ធ្វើឲ្យ​យឺត​ពេលវេលា​ទោះបី​ជា​រថយន្ត​ដឹក​ទំនិញ​ស្រប​ច្បាប់​ក៏ដោយ​។

លោក​ថ្លែង​ថា៖ «​មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​នៅ​តាម​ផ្លូវជាតិ ហើយ​រថយន្ត​ស្រប​ច្បាប់​ត្រូវ​តែ​ប្រឈម​នឹង​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ទាំងអស់​។ វា​​ប៉ះពាល់​ដល់​ពេលវេលា​របស់​យើង​សម្រាប់​ការ​ចែក​ចាយ​ទំនិញ​ដល់​អតិថិជន​របស់​យើង​»​។

ចាប់​តាំងពី​ថ្ងៃ​ទី​ ១០ ខែ​កុម្ភៈ ប៉ុស្ដិ៍​ត្រួតពិនិត្យ​បាន​ចាប់​រថយន្ត​ខុស​ច្បាប់ «​ស្ទើរ​គ្រប់​ស្រុក​» នៅក្នុង​ប្រទេស​។ នេះ​បើ​តាម​លោក វ៉ា ស៊ឹមសូរិយា អ្នក​នាំពាក្យ​ក្រសួង​ដឹកជញ្ជូន​។

លោក វ៉ា ស៊ឹមសូរិយា បាន​បដិសេធ​អត្ថាធិប្បាយ​លើ​ការ​បារម្ភ​របស់​លោក ចន្ធី ដែល​ថា​ប៉ុស្តិ៍​ត្រួតពិនិត្យ​បាន​ធ្វើឲ្យ​យឺត​ពេល​ដល់​រថយន្ត​ស្រប​ច្បាប់​។

ក្នុង​រយៈពេល​ ៩ ថ្ងៃ​ដំបូង​នៃ​ការ​បង្ក្រាប ក្រសួង​បាន​ត្រួតពិនិត្យ​រថយន្ត ៣៤ ៩០២ គ្រឿង​កាត់​រថយន្ត ៤៧៦ គ្រឿង និង​ឃាត់​ទុក​រថយន្ត​ ៤៤៨ ​គ្រឿង​ផ្សេង​ទៀត​សម្រាប់​កាត់​កន្ទុយ​។ នេះ​បើ​តាម​លោក វ៉ា ស៊ឹមសូរិយា​៕ LA