ក្រុង​ឡាវេហ្កាសៈ ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​របស់​ចិន កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ដាក់​បង្ហាញ​រថយន្ត​គំរូ​ផ្ទាល់​របស់ខ្លួន​​ ដោយ​បាន​សន្យា​ផ្តល់​ជូន​​រថយន្ត​វៃឆ្លាត​និង​ពិត​ប្រាកដ​មួយ​ដល់​ទី​ផ្សារ​ពិភព​លោក ចាប់​តាំងពី​ឆ្នាំ​ក្រោយ​នេះទៅ​ ដោយ​មានតម្លៃ​ចាប់​ពី​ប្រមាណ ​៤៥ ០០០​ដុល្លារ។​

រថយន្តគំរូ​ដែល​ដំណើរការ​ដោយ​ថាមពលអគ្គិសនីដែល​​ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ​ក្រុមហ៊ុន Byton ក្នុង​ពិធីពិព័រណ៍​គ្រឿងអេឡិចត្រូនិក​ប្រើ​ប្រាស់នាទីក្រុង​​ Las Vegas​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ម៉ាស៊ីនកុំព្យូទ័រ​មាន​កង់​ ដែល​ត្រូវ​បានបំពាក់​​បច្ចេក​វិទ្យា​ទំនើប​សម្រាប់​​ការ​បង្ហាញផ្លូវ កំសាន្ត និង​ពិនិត្យ​តាម​ដាន​សុខភាព​របស់​អ្នក​នៅ​ក្នុងរថយន្ត​នេះ។

ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​វិនិយោគិន​ជាង​ ២០០ លាន​ដុល្លារ រួមទាំង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ដ៏​ធំ​របស់​ចិន Tencent ផង​ដែរ​នោះ ក្រុមហ៊ុន Byton គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ថ្មីៗ ដែល​បាន​ចូលមក​​​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​ Tesla ផលិត​រថយន្ត​ប្រភេទ​ថ្មី ដែលអាច​សម្រប​ខ្លួន​សម្រាប់ការ​បើក​បរ​ដោយ​ខ្លួន​ឯង​បាន និងក្រុមហ៊ុន​ផ្សេងៗ​ទៀត។​

លោក​ Daniel Kirchert ប្រធាននិងជា​សហស្ថាបនិកក្រុមហ៊ុន​បង្កើត​ថ្មី​ដែលមានមូលដ្ឋាននៅ​ទីក្រុង​ណានជីង​នេះ បាន​ថ្លែង​ថា៖ «​នេះគឺ​ជា​ផលិតផលមួយ ដែល​ត្រូវ​បានផលិតឡើង​សម្រាប់​ពេលអនាគត ដែល​អាច​បើកបរ​ដោយ​ខ្លួន​ឯង​បាន និងអាច​ប្រើ​ប្រាស់​រួមគ្នា​បាន»។

ក្រុមហ៊ុន​ Byton ដែល​​ដឹកនាំ​ដោយ​អតីត​មន្ត្រី​ប្រតិបត្តិ​មកពីក្រុមហ៊ុន Tesla ក្រុមហ៊ុន BMW ក្រុមហ៊ុន​ Apple និងក្រុមហ៊ុន​ Google បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​ខ្លួនរំពឹងថា នឹង​អាច​ដាក់​បង្ហាញ​រថយន្តនាពេលអនាគត​​របស់​ខ្លួន នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៩ និងនៅ​សហរដ្ឋអាមេរិក​ និង​នៅ​តំបន់​អឺរ៉ុប​នៅ​ឆ្នាំ ២០២០​ខាង​មុខ​នេះ។

លោក Carsten Breitfeld ប្រធាននិងជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន BMW បាន​​ឲ្យដឹងថា៖ «​រថយន្តនេះ នឹងក្លាយ​ជា​រថយន្ត​ទំនើប​បំផុត​ក្នុងទីផ្សារ​នៅ​ត្រឹមឆ្នាំ ២០១៩​ខាង​មុខ​នេះ»។​

រថយន្ត​របស់ក្រុមហ៊ុន Byton នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សម្គាល់​មុខ ដើម្បី​ដោះសោរ និង​សម្រប​​ខ្លួន​តាម​អ្នក​បើក​បរ ហើយ​ផ្តល់​មធ្យោបាយ​ផ្សេង​ទៀត ដើម្បីទំនាក់ទំនង​ទៅ​វិញ​ទៅ​មក ដូចជា​ការ​គ្រប់គ្រង​សំឡេង​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ Amazon Alexa ការ​ស្ទាប និង​កាយវិការ​ជា​ដើម។​

រថយន្តនេះនឹង​រួម​មាន​ការ​ភ្ជាប់សេវា 5G ទៅ​នឹងកុំព្យូទ័រ Cloud ហើយ​លើកកម្ពស់​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត។​

ក្រុមហ៊ុន​ Byton បាន​ឲ្យ​ដឹងទៀតថា រថយន្តនេះ​នឹង​អាច​បើក​បរបាន​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ ក្នុង​ពេល​បញ្ចូល​ថាមពល​ម្តង ហើយ​ការ​បញ្ចូលថាមពល​​ចំណា​យ​ពេលពី ​១៥ទៅ​៣០នាទី​៕ AFP/BP