ក្រុងប៉េកាំងៈ ក្រុមហ៊ុន Ant Financial ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Alibaba បាន​បង្ខំ​ចិត្ត​បោះបង់​កិច្ចព្រមព្រៀង​តម្លៃ ១,២ ​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យក​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​របស់​អាមេរិក MoneyGram បន្ទាប់ពី​ពុំ​អាច​ស្នើសុំ​ការ​អនុម័ត​ពី​ក្រុម​និយតករ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​។

ការ​សម្រេច​របស់​គណៈកម្មាធិការ​វិនិយោគ​បរទេស (CFIUS) នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​មួយ​ចំពោះ​ការ​ជំរុញ​របស់​លោក Jack Ma ប្រធាន​ក្រុមហ៊ុន Alibaba ចូល​ទៅ​កាន់​ទីផ្សារ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​របស់​ពិភពលោក​មួយ​នេះ និង​ដើរ​តាម​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ទិញ​យក​ក្រុមហ៊ុន​របស់​អាមេរិក​ពី​សំណាក់​ក្រុមហ៊ុន​ចិន​។

កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន​ទាំង​ ២ ​បាន​រួម​គ្នា​ប្រកាស​ពី​ការ​បញ្ចប់​សំណើ​ទិញ​យក​ក្រុមហ៊ុន​នេះ​ដោយ​លោក Alex Holmes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន MoneyGram ថ្លែង​ថា​៖ «​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​បាន​ផ្លាស់ប្តូរ​ខ្លាំង​គិត​ចាប់​ពី​យើង​បាន​ប្រកាស​ពី​ដំបូង​នូវ​ប្រតិបត្តិការ​ដែល​បាន​ស្នើឡើង​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន Ant Financial កាលពី​ជិត​មួយ​ឆ្នាំ​មុន​»​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​បើ​ទោះ​ជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត​របស់​យើង​ដើម្បី​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក​ក្តី ឥឡូវ​នេះ​វា​បង្ហាញ​ច្បាស់លាស់​ថា​គណៈកម្មាធិការ CFI-US នឹង​មិន​អនុម័ត​ការ​ច្របាច់​ក្រុមហ៊ុន​បញ្ចូល​គ្នា​នេះ​ទេ​»​។

កិច្ចព្រមព្រៀង​ដែល​ប្រកាស​កាលពី​ឆ្នាំ​មុន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មាធិការ CFIUS ច្រើន​ដង​ហើយ តែ​មិន​អាច​កាត់​បន្ថយ​ក្តីបារម្ភ​របស់​គណៈកម្មាធិការ​នេះ​អំពី​សន្តិសុខ​ទិន្នន័យ​របស់​អតិថិជន​អាមេរិក​បាន​។

ដោយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក Ma ក្រុមហ៊ុន Ant Financial ដែល​ផ្តល់​សេវា​ទូទាត់​ប្រាក់​ចល័ត ផ្តល់​កម្ចី និង​សេវា​ឥណទាន​ដល់​អតិថិជន​ចិន​ភាគច្រើន​នោះ​បាន​ពិចារណា​ពង្រីក​អាជីវកម្ម​នៅ​បរទេស​រួម​ជាមួយ​ក្រុមហ៊ុន Alibaba ដែល​ជា​គេហទំព័រ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ធំ​ជាង​គេ​របស់​ចិន​។

ភាគហ៊ុន​ក្រុមហ៊ុន MoneyGram ដែល​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន Nasdaq បាន​ធ្លាក់​ចុះ​ពេល​ជួញដូរ​ក្រៅ​ម៉ោង​។

លោក Doug Feagin ប្រធាន​ក្រុមហ៊ុន Ant Financial International ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ក្រុមហ៊ុន​ទាំង​ ២ នឹង​នៅ​តែ​ពិចារណា​សហការ​គ្នា​តាម​មធ្យោបាយ​ផ្សេង​ទៀត​ទោះ​ជា​មាន​ឧបសគ្គ​នេះ​ក្តី​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​ក្រុមហ៊ុន Ant Financial នឹង​មិន​មាន​ទំនាក់​ទំនង​ក្នុង​នាម​ជា​ភាព​ម្ចាស់​កម្មសិទ្ធិ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន MoneyGram យើង​នឹង​ទន្ទឹង​រង់ចាំ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​របស់​ក្រុមហ៊ុន MoneyGram ដើម្បី​ធ្វើឲ្យ​កម្មវិធី​ទូទាត់​ប្រាក់​របស់​យើង​កាន់តែ​អាច​ប្រើប្រាស់​បាន​ថែម​ទៀត​ជាពិសេស​ចំពោះ​សហគមន៍​ដែល​មិន​មាន​សេវា​ធនាគារ និង​មិន​មាន​សេវាកម្ម​ធនាគារ​គ្រប់គ្រាន់​នៅ​ទូទាំង​ពិភពលោក​»៕ BP