ក្រុងញូវយ៉កៈ ក្រុមហ៊ុន Chevron បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ខួង​ប្រេង​ឡើង​វិញ​ហើយ​នៅ​តំបន់​ឃើដ​នៃ​ប្រទេស​អ៊ីរ៉ាក់ ដែល​ការ​ប្រកាស​នេះ​បាន​​ធ្វើ​ឡើង​រយៈ​ពេល​បួន​ខែ​​ បន្ទាប់​ពី​ការ​ផ្អាក​ប្រតិបត្តិការ​ទាំង​នោះ​ក្នុង​គ្រា​ដែល​មាន​ភាព​តាន​តឹង​រវាង​រដ្ឋាភិបា​ល​ក្រុង​បាដាដ និង​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ឃើដ។

អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Chevron បាន​ឲ្យ​ដឹង​តាម​រយៈ​អ៊ីមែល​ផ្ញើ​ជូន​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «ក្រុមហ៊ុន Chevron អាច​បញ្ជាក់​បាន​ថា ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​ហើយ​នៅ​តំបន់​ស្វយ័ត​ឃើដ ហើយ​យើង​បាន​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ប្រតិបត្តិការ​ខួង​ប្រេង​នៅ​អណ្តូង​ប្រេង Sarta 3 របស់​យើង»។

ក្រុមហ៊ុន Chevron បាន​ផ្អាក​ការ​ខួង​ប្រេង​កាល​ពី​ខែ​តុលា បន្ទាប់ពី​ការ​ធ្វើ​ប្រជាមតិ​ទាម​ទារ​ឯករាជ្យ​ភាព​ពី​ប្រទេស​អុីរ៉ាក់​នៅ​ទីក្រុង​ Erbil ស្ថិត​នៅ​ភាគខាង​ត្បូង បាន​បង្ក​ឲ្យ​មាន​ភាព​តាន​​តឹង​ជា​មួយ​រដ្ឋាភិបាល​ក្រុង​បាដាដ។

ទីក្រុង​បាដាដ​បាន​ឆ្លើយ​តប​វិញ​យ៉ាង​ចាស់​ដៃ​ចំពោះ​ការ​បោះ​ឆ្នោត​ប្រជាមតិ​នេះ ដោយ​បាន​ប្រកាស​ថា ការ​ធ្វើ​ប្រជាមតិ​នេះ​ជា​អំពើ​ខុស​ច្បាប់ និង​បាន​ដាក់​ការ​ហាម​ឃាត់​ផ្លូវ​អាកាស​ទៅ​កាន់​តំបន់​ឃើដ និង​បញ្ជូន​កង​ទ័ព​ទៅ​កាន់​តំបន់​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា៕​ AFP/KC