ភ្នំពេញៈ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរ​ណៈនៃ​ការ​យោគ​យល់​គ្នា (MoU) ​​ថ្មីពី​រ​ជា​មួយ​​ Grab ជា​ក្រុម​ហ៊ុន​ហៅ​តាក់​ស៊ីជិះ​ឈា​នមុខគេ និង​ Tilleke & Gibbins ជា​ក្រុម​ហ៊ុន​ច្បាប់​ក្នុង​តំបន់​កាល​ពី​​រសៀល​ថ្ងៃ​​ចន្ទ ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ហ៊ុន​ទាំង​​ក្នុង​ការប្រឆាំង​នឹង​អំពើ​ពុករលួយ​ ឬ​ការសូកប៉ាន់​​​។​

​លោក ​ឃាង​ សេង​ អនុ​ប្រធាន​ ACU បាន​ប្រកាស​ថា កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​បាននាំ​ឲ្យ​មាន​ ​MoU​ ជាច្រើន​ ដែល​អង្គ​ភាព​នេះ​បាន​ចុះ​ហត្ថ​លេខា​សរុប​​៨៨ ដោយ​កិច្ចព្រម​ព្រៀង​ភាគ​ច្រើន​បាន​ចុះ​​ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​។

ACU ​រំពឹង​ថា នឹងចុះ​ហត្ថ​លេខា​​លើMoU ចំនួន​ ​៥ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លីនេះ​។

​លោក​ថ្លែង​ដោយ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​កាន់​តែច្រើន​ចុះ​​​កិច្ចព្រម​ព្រៀង​ស្រដៀ​ង​គ្នានេះ​ថា​៖ «​​ច្បាស់​ណាស់​ក្រុម​ហ៊ុនទាំងនេះ​​​មាន​ឆន្ទៈដ៏រឹង​មាំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ហើយ​នៅ​ពេល​នេះ​​ក្រុម​ហ៊ុន​ទាំងនេះ​ត្រូ​វ​បាន​ការ​ពា​រដោយ​ច្បាប់​»។

លោក​បន្ត​ថា​៖ «​ក្នុង​ពេល​ឆាប់​ៗ​នេះ​យើង​ចង់​បង្កើត​ក្លិប​​ប្រឆាំង​អំពើ​ពុករលួយ​តែ​មួយគត់​ [នៃ​ក្រុម​ហ៊ុន​ដែលបានចុះ​ហត្ថ​លេខា​លើMoU ជា​មួយ ACU ​​] ដើ​ម្បី​បង្កើន​ល្បឿន​ការទទួល​យក​​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រ​ទេស​​កម្ពុជា​»​។​

លោក ​Wee Tang Yee នាយក​ប្រចាំ​ប្រទេស​ក្រុម​ហ៊ុន​ Grab នៅ​​កម្ពុជា​ និងថៃ ​បាន​ថ្លែង​ថា MoU នេះ​បាន​បន្ថែ​ម​លើ​គោល​នយោ​បាយ​​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ស្រាប់​រួច​ហើយ​របស់​​ក្រុម​ហ៊ុន​។

លោក​បន្ថែម​ថា ​ក្រុម​ហ៊ុន​ Grab រំពឹង​ថា នឹង​ចុះ​​ MoU ផ្សេង​ទៀត​ជា​មួយ​​កម្មវិធី​អភិវឌ្ឍន៍​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UNDP)​ នៅពេល​អនាគត​ដ៏ខ្លី​ដើ​ម្បី​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ឌីអ៊ុក​ស៊ីត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ក្រុម​ហ៊ុន​ Grab បាន​បើក​​ប្រតិ​បត្តិ​ការ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពីចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៧។

Uber ​​ជា​ដៃគូ​ប្រកួត​ប្រជែង​អន្ត​រ​ជាតិ​ដ៏​សំខាន់​របស់​ក្រុម​ហ៊ុន​ Grab នៅ​ក្នុងទីផ្សារ​​កម្ពុជា​ដែល​បាន​ដំណើរ​ការ​កាល​ពីខែ​កញ្ញា​ឆ្នាំ​មុន មិនទាន់​បាន​ចុះ​ហត្ថលេខា​លើ​ MoU ណា​មួយជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​ក្រៅ​ពី​កិច្ច​ព្រម​ព្រៀង​ដំបូង​របស់​ខ្លួន​ជា​មួយ​ក្រសួង​សាធារណៈការ​និងដឹកជញ្ជូននោះទេ​​៕​LA