ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​អាមេរិក Qualcomm កាលពី​ថ្ងៃ​អង្គារ​បាន​ដំឡើង​ការ​ដេញ​ថ្លៃ​របស់​ខ្លួន​ទិញ​យក​ក្រុមហ៊ុន NXP ដែល​ជា​គូប្រជែង​នៅ​ប្រទេស​ហូឡង់​ដល់​តម្លៃ​ប្រមាណ ៤៣ ពាន់​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​មួយ​នេះ បាន​ងាក​ចេញ​ពី​ការ​ផ្តល់​តម្លៃ​ទិញ​យក​ក្រុមហ៊ុន​ខ្លួន​ដោយ​ក្រុមហ៊ុន Broadcom របស់​ប្រទេស​សិង្ហបុរី​។

តម្លៃ​ដេញ​ថ្លៃ​ថ្មី​នេះ​មាន​តម្លៃ ១២៧,៥០ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន និង​មាន​គោលបំណង​បំពេញ​ចិត្ត​ភាគ​ហ៊ុនិក​របស់​ក្រុមហ៊ុន NXP ដែល​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ថា ការ​ផ្តល់​តម្លៃ​របស់​ក្រុមហ៊ុន Qualcomm មាន​តម្លៃ​ទាប​ពេក​។

តាមរយៈ​ការងាក​មក​បង្កើត​ភាព​ជា​ដៃគូ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រុមហ៊ុន NXP ក្រុមហ៊ុន Qualcomm អាច​កាន់តែ​បង្ក​ភាព​លំបាក​ដល់​ក្រុមហ៊ុន Broadcom ដែល​បាន​ផ្តល់​តម្លៃ​ទិញ​យក​ក្រុមហ៊ុន​នេះ​ក្នុង​តម្លៃ​ខ្ពស់​បំផុត ១២១ ​ពាន់​លាន​ដុល្លារ​នោះ បើ​ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Qualcomm ក្តី​។

ក្រុមហ៊ុន Qualcomm បាន​ចាត់ទុក​ថា​ការ​ផ្តល់​តម្លៃ​នេះ​​គឺជា «​កិច្ចព្រមព្រៀង​ច្បាស់លាស់​មួយ​ដែល​ត្រូវ​បាន​កែប្រែ​» ជាមួយ​ក្រុមហ៊ុន NXP​។ បូករួម​បំណុល​របស់​ក្រុមហ៊ុន NXP តម្លៃ​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​ចំនួន​ជាង ៥០ ​ពាន់​លាន​ដុល្លារ​។

ការ​ទិញ​យក​ក្រុមហ៊ុន NXP បន្ថែម​នេះ​នឹង​ផ្តល់​ផលិតផល​ច្រើន​ប្រភេទ​បន្ថែម​ទៀត ដូចជា​ឧបករណ៍​សេនស័រ និង​ឧបករណ៍​ដំណើរការ​ទិន្នន័យ​ខ្នាត​តូច​សម្រាប់​បំពាក់​ក្នុង​គ្រឿង​អេឡិចត្រូនិក​ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ ដល់​​ក្រុមហ៊ុន Qualcomm ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏ធំ​មួយ​សម្រាប់​បំពាក់​ក្នុង​ទូរស័ព្ទ​ទំនើប​។

ដោយ​សំដៅ​លើ​បច្ចេកវិទ្យា​ឥត​ខ្សែ 4G ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​នោះ​លោក Paul Jacobs ប្រធាន​ក្រុមហ៊ុន Qualcomm បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន NXP គឺជា​ការ​ទិញ​យក​បែប​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ភាព​ទាក់ទាញ​មួយ​ចំពោះ​ក្រុមហ៊ុន Qualcomm ដែល​នឹង​បង្កើន​តម្លៃ​នៃ​បច្ចេកវិទ្យា 5G នាំមុខ​គេ​របស់​យើង​»​។

លោក Jacobs បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ក៏​ជឿជាក់​ផង​ដែរ​ថា កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​វាយតម្លៃ​ឡើង​វិញ​នេះ​នឹង​ផ្តល់​ភាព​ប្រាកដប្រជា​ទាំង​ចំពោះ​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន Qualcomm និង​ភាគហ៊ុនិក​របស់​ក្រុមហ៊ុន NXP»៕ BP