ក្រុង​បាងកកៈ ក្រុម​ហ៊ុន​ Siam Makro ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand (CP) Group បាន​បោះ​ជំហ៊ាន​ចូល​​​ក្នុង​អាជីវកម្ម​លក់​ដុំ​​​នៅ​ប្រទេស​ឥណ្ឌា​តាមរយៈ​​ការ​ដាក់​ដំណើរ​ការ​ក្រុមហ៊ុន LOTS Wholesale Solutions ដោយ​បាន​ជឿ​ជាក់​ថា ទីផ្សារ​ថ្មី​ដ៏​ធំ​នេះ នឹង​វ៉ា​ដាច់​អាជីវកម្ម​​​ក្នុង​ប្រទេស​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ។

លោក Tanit Chearavanont នាយក​គ្រប់គ្រង​ក្រុមហ៊ុន LOTS Wholesale Solutions បាន​ឲ្យ​ដឹង​​ថា ប្រទេស​ឥណ្ឌា និង​សហរដ្ឋ​អាមេរិក បច្ចុប្បន្នជា​ទីផ្សារ​អាទិភាព​ចំពោះ​ក្រុមហ៊ុន Siam Makro។ ​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​វិនិយោគ​ជាង​ ១០ពាន់​លាន​រ៉ូពី (១៥៦លានដុល្លារ) ​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំដំបូង ដើម្បី​បើក​មជ្ឈមណ្ឌល​ចែក​ចាយ​ទំនិញ​លក់ដុំ​ ១៥កន្លែង នៅ​ទូទាំង​ភាគ​ខាង​ជើងនៃ​ប្រទេស​ឥណ្ឌា ដោយ​បាន​ចាប់​ផ្តើម​សាងសង់​មជ្ឈមណ្ឌល​ចែក​ចាយ​ទំនិញ​ចំនួន​២កន្លែង​នៅ​តំបន់​ Delhi National Capital Region (NCR) ក្នុង​ឆ្នាំនេះ។​

លោក Tanit បាន​ប្រាប់​សារ​ព័ត៌មាន ETRetail  កាលពី​សប្តាហ៍​មុនថា៖ «​ខ្ញុំ​ជឿជាក់​ថា យើង​អាច​ពង្រីក​អាជីវកម្ម​បាន​ឆាប់​រហ័ស​នៅ​ប្រទេស​ឥណ្ឌា តែ​ខ្ញុំ​មិន​ចង់​បញ្ជាក់​ពី​តួលេខ​នោះទេ។ នាពេល​អនាគត វា​មាន​លទ្ធភាព​ដែល​ប្រទេស​ឥណ្ឌា​អាច​វ៉ា​ដាច់​ប្រទេស​ថៃ​ក្លាយ​ជា​ទីផ្សារ​កាន់តែ​ធំ​សម្រាប់ក្រុមហ៊ុន Siam Makro »។​

អាជីវកម្ម​ប្រភេទ​នេះ​​នៅ​ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​ទំហំ ៦៨​ពាន់​លានរ៉ូពី ឬ​ ១០,៦ ​ពាន់​លាន​​ដុល្លារ​ ដោយ​មាន​កំណើន ​១៣ ​ភាគ​រយក្នុង​ឆ្នាំ​ ២០១៧។ នៅ​មាន​ឱកាស​ច្រើន​ចំពោះ​ភាព​រីក​ចម្រើន​​សម្រាប់​ក្រុមហ៊ុន​​អាជីវកម្ម​លក់​ដុំ​ទំនើប​​ដែល​ចង់​​ព្យាយាម​ប្រកួត​ប្រជែង​​ជា​មួយ​​ទីផ្សារ​លក់​ដុំ​ដែល​មាន​ស្រាប់​ និង​ភាគ​ច្រើន​មិន​សូវមាន​សណ្តាប់​ធ្នាប់​ និង​ក្រុមហ៊ុន​ចែក​ចាយ​ទំនិញ​នានា​។​

ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ថ្មី​របស់​ក្រុមហ៊ុន Makro នេះ នឹង​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​ធំៗ​ចំនួន​បួន​នៅ​ប្រទេស​ឥណ្ឌា ដូច​ជា​ក្រុមហ៊ុន Walmart ក្រុមហ៊ុន Metro Cash and Carry ក្រុមហ៊ុន Booker និង​ក្រុមហ៊ុន Reliance Retail ដែល​ប្រតិបត្តិការ​ហាង​លក់​ទំនិញ​បោះដុំ​សរុប​​ចំនួន​ ៩២​កន្លែង។

លោក Suchada Ithijarukul នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Siam Makro បាន​ឲ្យ​ដឹងថា៖ «​ប្រទេស​ថៃ​ចំណាយ​ពេល​២៨​ឆ្នាំ ដើម្បី​បើក​ហាង​លក់ទំនិញបាន​ចំនួន ១២៣​កន្លែង។ ខ្ញុំ​មិន​គិត​ថា​យើង​នឹង​ចំណាយ​ពេល​ ២៨​ ឆ្នាំ ដើម្បី​បើក​ហាង​លក់​ទំនិញ​ចំនួន ១២៣​ កន្លែងនៅ​ប្រទេស​ឥណ្ឌានោះទេ។ យើងនឹង​អាច​បើក​ហាង​លក់​ទំនិញ​បាន​ច្រើនកន្លែង​នៅប្រទេស​ឥណ្ឌា​បាន​ឆាប់រហ័ស​ជាង​ដោយ​សារ​សក្តានុពល​នៅ​ប្រទេស​នេះផ្តល់​ឲ្យ​»។

លោក Tanit វ័យ​២៨​ឆ្នាំ បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​នៅតែ​ជា​ទីផ្សារ​មួយ​ដែល​មិន​ទាន់​បាន​ទាញយក​នូវ​ផល​ប្រយោជន៍​នៅឡើយ​សម្រាប់​ពាណិជ្ជកម្ម​លក់​រាយ​ និង​លក់​ដុំ​ទំនើប។​

បច្ចុប្បន្ន ក្រុមហ៊ុន​ Siam Makro ប្រតិបត្តិការ​នៅ​ប្រទេស​ថៃ​ (Makro ROH, Siam Food Services and Promart) នៅ​ប្រទេស​វៀត​ណាម (Vina Siam Food) នៅ​ប្រទេស​មីយ៉ាន់ម៉ា (aro) និងនៅ​កម្ពុជា Cambodia (Makro)។ ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​ពិចារណា​ពង្រីក​អាជីវកម្ម​​ទៅ​ប្រទេស​ចិនផង​ដែរ៕ B.Post/BP