ក្រុង​តូក្យូៈ ក្រុមហ៊ុន​ជប៉ុន Toshiba បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​​​នឹង​ងាក​មក​រក​ប្រាក់​​ចំណេញ​វិញ​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ ដោយ​សារ​​ការ​​លក់​អាជីវកម្ម​ផលិត​បន្ទះ​ឈីប​របស់​ខ្លួន​ដែល​មាន​​​​​តម្លៃ​រាប់ពាន់​លាន​ដុល្លារ នឹង​ត្រូវ​បញ្ចប់ ដែល​នឹង​ជួយ​​ស្តារ​តារាង​តុល្យការ​​ឡើង​វិញ។​

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​​រំពឹង​ពី​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ៥២០​ពាន់​លានយ៉េន (៤,៩​ពាន់​លាន​ដុល្លារ​) ​ក្នុង​ឆ្នាំ​សារពើពន្ធ​ដែល​នឹង​បញ្ចប់​នៅ​ខែ​មីនា​ខាង​មុខ​នេះ ដោយ​បាន​បញ្ចប់​ការ​ខាត​បង់​សរុប ៩៦៦​ពាន់​លាន​យ៉េន​​​កាល​ពី​ឆ្នាំ​សារពើ​ពន្ធ​មុន។​

ក្រុមហ៊ុន​ Toshiba ដែល​បាន​រំពឹង​នា​ពេល​ថ្មីៗ​នេះ​ពីការ​ខាត​បង់​ប្រចាំ​ឆ្នាំ​នោះ បាន​ធ្វើ​បច្ចុប្បន្នភាព​​​ការ​ព្យាករ​លទ្ធផល​តារាង​តុល្យការ​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​នេះ​បាន​រាប់​បញ្ចូល​​ការ​ធ្លាក់​ចុះ​ចំណាយ​លើពន្ធ​ទាក់ទង​ទៅនឹង​ការ​លក់​អាជីវកម្ម​ផលិត​បន្ទះ​ឈីប​​ដ៏មាន​តម្លៃ​ទៅ​ក្រុមហ៊ុន​ភាព​ជា​ដៃគូ​មួយ​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន Bain Capital។

ការ​ដំឡើង​ការ​ព្យាករ​នេះ​ក៏​ត្រូវ​បាន​ជំរុញ​ផង​ដែរ​ដោយ​ការ​លក់​ក្រុមហ៊ុន​ផលិត​ថាមពល​នុយ​ក្លេ​អ៊ែ​រ​នៅ​សហរដ្ឋ​អាមេរិក​គឺ​ក្រុមហ៊ុន Westinghouse ដែល​ក្រុមហ៊ុន​នេះ​បាន​កាត់​បន្ថយ​ប្រាក់​ចំណេញ​របស់​​ក្រុមហ៊ុន Toshiba អស់រយៈ​ពេល​ជា​យូរ​មកហើយ​ ដោយ​សារ​ការ​ខាត​បង់​ច្រើន​របស់​ក្រុមហ៊ុនថាមពល​មួយ​​នេះ។​

ក្នុង​ចំណោម​កត្តា​ផ្សេងៗ​នៅ​ពី​ក្រោយ​ការ​ដំឡើង​ការ​ព្យាករ​នេះ ក៏​មាន​ការ​បោះផ្សាយ​ភាគ​ហ៊ុន​ថ្មី​ចំនួន ២,២៨​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ផង​ដែរ ដើម្បីប្រមូល​ថវិកា​សរុប​ចំនួន ៦០០​ពាន់​លាន​យន់ ដែល​ជា​វិធានការ​មួយ​មាន​គោល​បំណង​ជៀស​ផុត​ពី​ការ​លុប​ឈ្មោះ​ចេញ​ពី​ផ្សារ​ហ៊ុន​ក្រុង​​តូក្យូ​​ដ៏គួរ​ឲ្យ​អាម៉ាស៕ AFP/BP