ក្រុងតូក្យូៈ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងផ្អាកការសាកល្បងរថយន្តស្វ័យបើកបររបស់ខ្លួន បន្ទាប់ពីរថយន្ត Uber ស្វ័យបើកបរបានសម្លាប់អ្នកថ្មើរជើងម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។
ក្រុមហ៊ុនផ្តល់សេវាតាក់ស៊ី Uber បានផ្អាករួចហើយការប្រើប្រាស់រថយន្តស្វ័យបើកបរនេះ បន្ទាប់ពីរថយន្តមួយក្នុងចំណោមរថយន្តជាច្រើនរបស់ខ្លួនបានបុក និងសម្លាប់អ្នកថ្មើរជើងម្នាក់កាលពីថ្ងៃអាទិត្យនៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។
ក្រុមហ៊ុន Toyota បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលបានចេញតាមរយៈក្រុមហ៊ុនអាមេរិកមួយនេះដែលអនុវត្តការស្រាវជ្រាវរថយន្តស្វ័យបើកបរ TRI របស់ខ្លួនថា៖ «យើងមិនអាចគិតទុកមុនអំពីបុព្វហេតុគ្រោះថ្នាក់ ឬអ្វីដែលវាអាចមានន័យចំពោះឧស្សាហកម្មស្វ័យបើកបរដែលកំពុងដើរឆ្ពោះទៅមុខនោះទេ»។
សេចក្ដីប្រកាសព័ត៌មាននេះបន្តថា៖ «គម្រោង TRI កំពុងផ្អាកការសាកល្បងក្នុងទម្រង់ជាអ្នកបើកបរដោយសារតែអ្នកបើកបររបស់ខ្លួនសម្រួលអារម្មណ៍មកវិញពីសោកនាដកម្មនេះ។ យើងកំពុងត្រួតពិនិត្យស្ថានការណ៍ ហើយគ្រោងនឹងបន្តការសាកល្បងជាថ្មីនៅក្នុងពេលវេលាសមរម្យ»។
សេចក្ដីប្រកាសព័ត៌មាននេះបន្ថែមថា៖ «ការផ្អាកនេះមានន័យថានឹងផ្ដល់ពេលវេលាដល់ពួកគេដើម្បីរម្ងាប់អារម្មណ៍របស់ពួកគេ និងធ្វើឲ្យអារម្មណ៍មានតុល្យភាពឡើងវិញ»។
ក្រុមហ៊ុន Toyota បានឲ្យដឹងថាខ្លួននឹងបន្តការសាកល្បងរថយន្តពាក់កណ្ដាលស្វ័យបើកបររបស់ខ្លួនវិញ។
ប៉ុន្តែរាល់ការសាកល្បងរថយន្តស្វ័យបើកបរទាំងអស់លើដងផ្លូវសាធារណៈ ដែលពីមុនធ្វើឡើងនៅជប៉ុន និងរដ្ឋកាលីហ្វ័រនីញ៉ា និងមីឈីហ្គេនកំពុងផ្អាក៕ LA