ភ្នំពេញៈ ​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា ​(គ.ម.ក) ​បាន​ប្រកាស​ក្រើន​រំឭក​ដល់​សាធារ​ណ​ជន​ឲ្យ​បង្កើន​ការ​ប្រុង​​ប្រយ័ត្ន​ ឬ​ចៀស​វាង​ការ​ជួញ​ដូរ​រូបិយ​ប័ណ្ណ​អេឡិច​ត្រូនិក ​(Cryptocurrencies) ​ដោយ​បញ្ជាក់​ថា ​​វា​មាន​ហា​និ​ភ័យ​ខ្ពស់ ​ខណៈ​មិន​ទាន់​មាន​បទ​ប្ប​ញ្ញាត្តិ​​គ្រប់​គ្រង​ត្រឹម​ត្រូវ​នៅ​ឡើយ​។ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់ ​គ.ម.ក ​កាល​ពី​ថ្ងៃ​អង្គារ​។

Cryptocurrencies ​ជា​រូបិយ​ប័ណ្ណ​អេឡិច​ត្រូនិក​ថ្មី​មួយ​ដែល​គ្មាន​រូបរាង​ហើយ​មាន​តែ​តួលេខ ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា​។ ​រូបិយ​ប័ណ្ណ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ហើយ​ត្រូវ​បាន​​ក្លាយ​ជា​មធ្យោ​បាយ​ទូទាត់​នៅ​​ប្រទេស​មួយ​ចំនួន​ និង​ត្រូវបាន​គេ​ទិញ​លក់​ដើម្បី​ចំណេញ​។

ក្នុង​ចំ​ណោម Cryptocurrencies ​ជា​ច្រើន​ Bitcoin ជា​រូបិយ​ប័ណ្ណ​អេឡិច​ត្រូនិក​មួយ​ដែល​កំពុង​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​​តែ​យ៉ាង​ណា​ក៏​ដោយ​វា​ត្រូវ​បាន​ហាម​ឃាត់​តាម​បណ្តា​ប្រទេស​ធំៗ​ជាច្រើន។​

​សេច​ក្តី​ជូន​ដំ​ណឹង​បាន​លើក​ឡើង​ថា​​ មន្រ្តី​ គ.ម.ក បាន​សង្កេត​ឃើញ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​​ និង​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​អំ​ពី​ការ​បោះ​ផ្សាយ​ និង​ជួញ​ដូរ​រូបិយ​ប័ណ្ណ​អេ​ឡិច​ត្រូនិក​នេះ​ថា​ជា​ឧប​ករណ៍​ហិរញ្ញវត្ថុ​ថ្មី។

សេច​ក្តី​ជូន​ដំ​ណឹង​បញ្ជាក់​ថា​៖ ​«​​ដើម្បី​ចៀស​វាង​នូវ​ហានិភ័យ​ ឬ ការ​ខាត​បង់​ផ្សេងៗ សា​ធារណជន​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​លើ​ការ​ជាប់​ពាក់​ព័ន្ធ​ ឬ ប្រ​ឡូក​ក្នុង​ការ​ជួញ​ដូរ​រូបិយ​ប័ណ្ណ​ឌីជី​ថល​ទាំង​នេះ [ដើម្បី​បញ្ចៀស​] ការ​ខាត​បង់​ជា​យថា​ហេតុ»។

យោង​តាម​ (​គ.ម.ក​) គិត​មក​ទល់​ពេល​នេះ​ ស្ថាប័ន​គ្រប់​គ្រង​លើ​វិ​ស័យ​មូល​បត្រ​នៅ​កម្ពុជា​មួយ​នេះ​មិន​ទាន់​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុម​ហ៊ុន​ណា​មួយ​ដើម្បី​ដំ​ណើរ​ការ​​ជួញ​ដូរ​រូបិយ​ប័ណ្ណ​អេ​ឡិចត្រូនិក​នេះនៅ​ឡើយ​ទេ។

គ.ម.ក ​ទើប​សម្រេច​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​ CamNext Global Ltd ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហុង​កុង ​ដើម្បី​សិក្សា​រួម​គ្នា​លើ​ហានិភ័យ​ថ្មី​នៃ​ឧបករណ៍​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ (Fintech) និង​លទ្ធភាព​ឲ្យ​ដំណើរ​ការ​ឧបរករណ៍​ទាំង​នោះ​។

​ធ​នាគារ​ជាតិ​នៃ​កម្ពុជាកាល​ពី​ខែ​មុន​ក៏​បាន​ចេញ​សេច​ក្តី​ជូន​ដំ​ណឹង​ស្រដៀង​គ្នា​នេះ​មួយ​ដែរ​​ ដោយ​បាន​ក្រើន​រំឭក​​ថា រូបិយ​ប័ណ្ណ​អេឡិច​ត្រូនិក​មាន​ហានិ​ភ័យ​ខ្ពស់​ ហើយ​កន្លង​មក NBC ដែល​ជា​អាជ្ញាធរ​ហិរញ្ញវត្ថុ​កម្ពុជា​មិន​ដែល​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​អេឡិច​ត្រូនិក​ណា​មួយ​នៅ​កម្ពុជា​នោះ​ទេ៕​