Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​ធានា​រ៉ាប់រង​កសិកម្ម​​ដំណើរការ​ប្រកប​ដោយ​វិជ្ជមាន

កសិករ​ប្រមូល​ស្រូវ​ដាក់​ចូល​ក្នុង​ការ៉ុង​បន្ទាប់ពី​ប្រមូល​ផល​រួច​នា​ពេល​កន្លង​មក​។
កសិករ​ប្រមូល​ស្រូវ​ដាក់​ចូល​ក្នុង​ការ៉ុង​បន្ទាប់ពី​ប្រមូល​ផល​រួច​នា​ពេល​កន្លង​មក​។ ហេង ជីវ័ន

គម្រោង​ធានា​រ៉ាប់រង​កសិកម្ម​​ដំណើរការ​ប្រកប​ដោយ​វិជ្ជមាន

ភ្នំពេញៈ គម្រោង​ប្រព័ន្ធ​ធានា​រ៉ាប់រង​កសិកម្ម​ខ្នាត​តូច​កម្ពុជា ​(CAMIS) ​ដែល​ជា​គំនិត​ផ្តួចផ្ដើម​ដោយ​អង្គការ​សេដាក​មក​ដល់​ពេល​នេះ​ទទួល​បាន​ប្រាក់​ធានា​ភ័យ​ ៥ ​លាន​រៀល​ចាប់​តាំងពី​ដំណើរការ​កាលពី​ពាក់​កណ្តាល​​​ឆ្នាំ​ ២០១៥​។​ នេះ​បើ​យោង​​តាម​លោក ហ៊ឹម នឿន ប្រធាន ​CAMIS​។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ផ្តល់​ការ​ធានា​រ៉ាប់រង​ខ្នាត​​តូច​លើ​សេវា​កសិកម្ម​ខណៈ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​កំពុង​គំរាម​កំហែង​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ដែល​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ទន់ខ្សោយ។​ នេះ​​ជា​គម្រោង​សាកល្បង​ដែល​មាន​​នៅ​ ៣ ​ខេត្ត​គឺ​ខេត្ត​តាកែវ កំពង់ស្ពឺ ​និង​កំពង់ឆ្នាំង។

កសិករ​ជា​សមាជិក​គម្រោង​នេះ​​ដែល​មាន​ ១៥៣ ​គ្រួសារ​ត្រូវ​បង់​ថ្លៃ​ធានា​រ៉ាប់រង​ខុស​គ្នា​ទៅ​​តាម​ទំហំ​ដី និង​រួម​ទាំង​ការ​ប្រើប្រាស់​ពូជ​ស្រូវ​ដើម្បី​កម្រិត​ហានិភ័យ​។​ ជា​ថ្នូរ​ពួកគេ​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​ស្ដីពី​បច្ចេកទេស​ធ្វើ​កសិកម្ម​ដែល​ធុន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​​សំណង​​​ពេល​ដំណាំ​កសិកម្ម​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ ​ឬ​ភាព​រាំង​ស្ងួត។

លោក ហ៊ឹម នឿន ឲ្យ​ដឹង​​​ថា​មក​ដល់​ពេល​នេះ​ផ្ទៃដី​ដែល​ទទួល​បាន​ធានា​រ៉ាប់រង​មាន​ ១៣៦ ​ហិកតា​។

លោក​បន្ត​ថា៖ «​​កសិករ​មាន​ទំនុក​ចិត្ត​ច្រើន​មក​លើ​យើង​ព្រោះ​យើង​បាន​ផ្តល់​នូវ​​សេវា​បច្ចេកទេស​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ទិន្នផល​ច្រើន​រួម​ទាំង​​មាន​ការ​ធានា​រ៉ាប់រង​ការ​ខូចខាត»​។

លោក​បន្ត​ថា​៖ «​ថវិកា​​​ដែល​យើង​ទទួល​បាន​​ពី​គាត់ និង​ជួយ​គាត់​វិញ​នៅពេល​​ដែល​គាត់​ប្រឈម​នឹង​បញ្ហា​​ខូចខាត​ដោយសារ​តែ​ទឹក​​ជំនន់​ និង​ភាព​រាំងស្ងួត​ដែល​​​មិន​អាច​គិត​ទុក​ជា​មុន​ដោយសារ​តែ​ការ​ប្រែប្រួល​ធាតុអាកាស»​។ លោក​ថ្លែង​ថា ​៨០ ​ភាគរយ​បាន​​បម្រុង​ទុក​សម្រាប់​សំណង​ដល់​ហើយ​កសិករ​ដែល​​រង​ការ​ខូចខាត​ពី​គ្រោះ​រាំងស្ងួត​មក​ដល់​ពេល​​នេះ​មាន​ចំនួន​ ២០ ​គ្រួសារ​។ ​ក្នុង​ឆ្នាំ​ ២០១៦ CAMIS​ នឹង​ពង្រីក​សមាជិក​បន្ថែម​ ១ ៥០០ ​។

លោក យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក​មាន​ប្រសាសន៍​ថា​គម្រោង​នេះ​ទទួល​បាន​ផល​វិជ្ជាមាន​ដោយ​មាន​ការ​គាំទ្រ​ពី​កសិករ​ច្រើន​។ លោក​​បន្ត​ថា៖ «កសិករ​ទទួល​បាន​​ជំនាញ​វិជ្ជាជីវៈ​​ក្នុង​ការ​បង្ក​បង្កើនផល និង ការ​រ៉ាប់រង​នូវ​ការ​ខូចខាត​របស់​ពួកគាត់​នេះ​គម្រោង​តែ​មួយ​ក្នុង​​ប្រទេស​យើង​។ យើង​នឹង​ធ្វើការ​ពង្រីក​បន្ថែម​គោលដៅ​ក្នុង​ខេត្ត​ដែល​កំពុង​ប្រតិបត្តិការ​ និង​ពង្រីក​ទៅ​ខេត្ត​មួយ​ចំនួន​»​។

យោង​តាម​លោក ហ៊ឹម នឿន គម្រោង​​សាកល្បង​នេះ​ទទួល​មាន​​មូលនិធិ​ ៩៦ ០០០ ​ដុល្លារ​អាមេរិក​បាន​ពី​មូលនិធិ Achmea របស់​ប្រទេស​ហូឡង់​ហើយ​នឹង​​ត្រូវ​បាន​អនុវត្ត​ដោយ CEDAC ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។

លោក កែវ រ័ត្ន ជា​សមាជិក​ម្នាក់​នៅ​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹង​ថា​លោក​បាន​បង់​ធានារ៉ាប់​រង​ប្រហែល ៣០ ០០០ ​រៀល​សម្រាប់​​​ផ្ទៃដី​ ៧៣ ​អា​។ ​លោក​បន្ត​ថា​បន្ទាប់ពី​បង់​ថ្លៃ​សេវា​លោក​ទទួល​បាន​ទីផ្សារ​ពី​សេដាក និង​ទទួល​បាន​បចេ្ចកទេស​​ក្នុង​​ការ​ធ្វើ​ស្រែ។​

កែវ រ័ត្ន ​បន្ថែម​ថា៖ «បន្ទាប់ពី​កា្លយ​ជា​សមាជិក​មក​ខ្ញុំ​ទទួល​បាន​បច្ទេកទេស​ក្នុង​​ការ​ធ្វើ​ស្រែ​ដែល​​ខ្ញុំ​ទទួល​បាន​ទិន្នផល​ស្រូវ​បាន​ច្រើន​ហើយ​មាន​ទីផ្សារ​សម្រាប់​លក់​ទៅ​ឲ្យ​សេដាក» សេវា​ធានា​រ៉ាប់រង​នេះ​ធ្វើឲ្យ​ខ្ញុំ​មិន​សូវ​បារម្ភ​ពី​ការ​ខូចខាត​ច្រើន»​៕

0

Comments

Please, login or register to post a comment