Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ចរាចរណ៍​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ មក​កម្ពុជា​ ឆមាស​ទី​ ១​ កើន​ឡើង​ ២៣%

Content image - Phnom Penh Post
ចរាចរណ៍​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ មក​កម្ពុជា​ ឆមាស​ទី​ ១​ កើន​ឡើង​ ២៣%។ ហេង ជីវ័ន

ចរាចរណ៍​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ មក​កម្ពុជា​ ឆមាស​ទី​ ១​ កើន​ឡើង​ ២៣%

ភ្នំពេញៈ ចរាចរណ៍​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា​បាន​កើន​ឡើង​ ២៣ ​ភាគរយ​នៅ​ឆមាស​ទី ១ ឆ្នាំ​ ២០១៧​។ នេះ​បើ​យោង​តាម​លោក ខែ​ក ន​រិន្ទ​ដា ប្រធាន​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន Cambodia Airport​។

ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ​៣ ​នេះ​នៅ​តែ​បន្ត​ទទួល​បាន​កំណើន​ដ៏​ខ្លាំង​របស់​ខ្លួន​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៦ ដែល​ទទួល​បាន​អ្នក​ដំណើរ​សរុប​៤,២​លាន​នាក់​។ នេះ​បើ​តាម​លោក នរិន្ទដា។

លោក​បន្ត​ថា ក្នុង​ចំណោម​អ្នក​ដំណើរ​សរុប អ្នក​ដំណើរ​ជនជាតិ​ចិន​នាំ​មុខ​គេ​។

លោក​លើក​ឡើង​ថា​៖ «​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​បណ្ដា​ប្រទេស​អាស៊ាន​បង្ហាញ​ពី​កំណើន​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​ឧស្សាហកម្ម​អាកាស​ចរណ៍​»​។

ទិន្នន័យ​បង្ហាញ​ព្រលាន​យន្តហោះ​ភ្នំពេញ​កើន​ឡើង​ ២០,៣៥​​ ភាគរយ សៀមរាប​កើន​ឡើង ២០,៧៣​ភាគរយ ខណៈ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ទទួល​បាន​កំណើន​ ២២១ ភាគរយ បន្ទាប់ពី​ការ​បើក​ទំនាក់​ទំនង​អន្តរជាតិ​ថ្មីៗ ដែល​ទិសដៅ​នេះ​កំពុង​បង្កើន​ភាព​ពេញ​និយម​ដោយ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​អាស៊ាន​។

លោក​ថ្លែង​ថា​៖ «​តម្រូវ​ការ​ការ​ធ្វើ​ដំណើរ​ពី​អ្នក​មាន​ចំណូល​កណ្ដាល​នៅ​ក្នុង​តំបន់​អាស៊ី នឹង​ជំរុញ​បន្ថែម​ទៀត​ដល់​ឧស្សាហកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​។ ខ្ញុំ​គិត​ថា កម្ពុជា មាន​សម្បត្តិ​ពិសេស​ក្នុង​ការ​ចាប់​យក​ទីផ្សារ​នេះ ដែល​រួម​មាន​ការ​ធ្វើ​ពិពិធ​កម្ម​ទីតាំង​ទេសចរណ៍ ឱកាស​អាជីវកម្ម និង​ប្រព័ន្ធ​ព្រលាន​យន្តហោះ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក​បន្ថែម​ថា កំណើន​ដឹក​ជញ្ជូន​ទំនិញ​តាម​អាកាស​៣៤​ភាគរយ បណ្ដាល​មក​ពី​បរិយាកាស​សេដ្ឋកិច្ច​វិជ្ជមាន​របស់​ប្រទេស​នេះ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​កាន់​តែ​ច្រើន​ដែល​ប្រតិបត្តិការ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

យោង​តាម​តួលេខ​៥​ខែ​ដំបូង​របស់​ក្រសួង​ទេសចរណ៍ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​បាន​កើន​ឡើង ​២១,៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ភ្ញៀវ​ទេសចរ​សរុប​ ១,៤ លាន​នាក់ ខណៈ​កំណើន​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​មាន​ចំនួន​សរុប​៩០២ ០៧៥ ​នាក់​៕ LA

0

Comments

Please, login or register to post a comment