ក្រុងប៉េកាំងៈ សមាគម​ដែក​រ៉ែ​ដែក និង​ដែកថែប​ចិន​ (CIS-A) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា សមាគម​របស់​ខ្លួន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក (USITC) ដែល​បាន​បញ្ចប់​ករណី​ប្រឆាំង​នឹង​ការប្រកប​អាជីវកម្ម​ផ្តាច់​មុខ​។

សេចក្តី​ថ្លែងការណ៍​របស់​សមាគម CISA បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៩ ខែ​មីនា បន្ទាប់ពី​គណៈកម្មាធិការ USITC បាន​សម្រេច​បញ្ចប់​ករណី​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​ផលិតផល​ដែក​របស់​ចិន​ពី​បទ​រំលោភបំពាន​ច្បាប់​ប្រឆាំង​នឹង​ការប្រកប​អាជីវកម្ម​ផ្តាច់​មុខ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ទៅ​តាម​មាត្រា ៣៣៧​។

គណៈកម្មាធិការ USITC បាន​ចាប់ផ្តើម​ស៊ើបអង្កេត​នេះ បន្ទាប់ពី​ទទួល​បាន​បណ្តឹង​ពី​ឧស្សាហកម្ម​ផលិត​ដែក​របស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៦ ដែល​បាន​រាយការណ៍​ពី​ករណី​មិន​ស្មើភាព​ចំនួន​ ៣ ​ករណី​ពោល​គឺជា​ផែនការ​សម្ងាត់​មួយ ដើម្បី​កំណត់​តម្លៃ និង​គ្រប់គ្រង​ទិន្នផល​ និង​ទំហំ​នាំ​ចេញ ភាព​មិនប្រក្រតី និង​ការប្រើប្រាស់​ការសម្ងាត់​ផ្នែក​ពាណិជ្ជកម្ម​របស់​ដែក​សហរដ្ឋ​អាមេរិក ព្រម​ទាំង​ការកំណត់​មិន​ត្រឹមត្រូវ​ពី​ប្រភពដើម ឬ​ក្រុមហ៊ុន​ផលិតកម្ម​។

គណៈកម្មាធិការ USITC បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​របស់​ខ្លួន​បាន​រកឃើញ​ថា ឧស្សាហកម្ម​ផលិត​ដែក​របស់​អាមេរិក បរាជ័យ​ក្នុង​ការ​បង្ហាញ​ហេតុផល ឬ​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រកប​អាជីវកម្ម​ផ្តាច់​មុខ​។ សមាគម CISA បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​បណ្តឹង​មួយ​ចំនួន​រួច​ហើយ អង្គភាព​របស់​ខ្លួន​បាន​រៀបចំ​ឲ្យ​ក្រុមហ៊ុន​ដែក​ចិន​ឆ្លើយតប​យ៉ាង​សកម្ម​ចំពោះ​បណ្តឹង​ទាំង​នេះ និង​ទទួល​បាន​ជោគជ័យ​ចំពោះ​ការចោទប្រកាន់​ទាំង​ ៣ ​ករណី​នេះ បន្ទាប់ពី​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រយៈពេល ២០ ខែ​មក​៕ P.Daily/BP