ភ្នំពេញៈ ក្រុមហ៊ុន​ឯកជន​ ២ ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហាញ​របាយការណ៍​ចំណូល និង​ប្រាក់​ចំណេញ​សម្រាប់​ត្រីមាស​ទី​ ៤ ឆ្នាំ ២០១៧ បន្ទាប់ពី​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​​ ២ ​បាន​ចេញ​ពី​ចុង​សប្តាហ៍​មុន​។

សម្រាប់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ) កំណើន​នៃ​ការ​ទិញ​ដី និង​ជួល​រយៈពេល​វែង​របស់​ក្រុមហ៊ុន​នេះ បាន​ជំរុញ​ឲ្យ​ចំណូល​របស់​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​មួយ​នេះ​កើនឡើង​ជិត​ ៥០ ​ភាគរយ​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧​។

របាយការណ៍​បង្ហាញ​ថា នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណូល ៣,៣ ​លាន​ដុល្លារ​កើន​ពី​ ២,២ ​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៦​។ ដោយឡែក​ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​អំឡុង​ពេល​នេះ​បាន​កើនឡើង​ជាង ៣៨៨ ភាគរយ​ដល់​ជាង ៩៤ ​ម៉ឺន​ដុល្លារ គឺ​កើន​ពី​ជាង​ ២១ ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦​។ នេះ​បើ​តាម​របាយការណ៍​។

លោកស្រី លឹម ឈីវហូរ ប្រធាន​ក្រុមប្រឹក្សាភិបាល PPSEZ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ឆ្នាំ​ ២០១៧ ក្លាយ​ជា​ឆ្នាំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​កំពុង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​លើ​ផ្ទៃដី ៦៦ ​ហិកតា​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​យើង​»​។ លោកស្រី​បន្ត​ថា​៖ «​ក្រុង​ប៉ោយប៉ែត​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ច្រក​ពាណិជ្ជកម្ម Leam Chabang ដែល​ជា​ច្រក​ពាណិជ្ជកម្ម​ដ៏ធំ​សម្បូរបែប និង​ជា​កំពង់ផែ​អន្តរជាតិ​របស់​ប្រទេស​ថៃ​ផង​ដែរ​»​។

លោកស្រី​បន្ថែម​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ​មាន​បំណង​ទាក់ទាញ​ឧស្សាហកម្ម​រថយន្ត និង​គ្រឿង​អេឡិចត្រូនិក​ក្នុង​ការ​ផ្លាស់ប្តូរ ឬ​បើក​ខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី ដើម្បី​គាំទ្រ​ដល់​ការ​បើក​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ថៃ​។

ដោយឡែក​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​តៃវ៉ាន់​តែ​មួយ​គត់​ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ ២ ​ភាគរយ​នៅ​ឆ្នាំ ​២០១៧ ធៀប​នឹង​ឆ្នាំ​ ២០១៦ ខណៈ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ជិត​ ៩០ ​ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ផ្សារហ៊ុន​កម្ពុជា​ម្សិលមិញ​។

របាយការណ៍​បង្ហាញ​ថា សម្រាប់​រយៈពេល​ ១២ ​ខែ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ក្រុមហ៊ុន ហ្គ្រេនធ្វីន ទទួល​បាន​ចំណូល​សរុប​ជាង ៨១ លាន​ដុល្លារ ធ្លាក់​ចុះ​ ២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នេះ​បាន​ធ្វើឲ្យ​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ ៨៧,៤៩ ​ភាគរយ​ដោយ​ទទួល​បាន​តែ​ជាង​ ៦៦ ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​២០១៧ ហ្គ្រេនធ្វីន ទទួល​បាន​ចំណូល​សរុប​ជាង​ ១៧ ​លាន​ដុល្លារ​ធ្លាក់​ចុះ​ ៩,៥៤​ ​ភាគរយ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០១៦​។

សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន​ ២ ​ទើប​តែ​បាន​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី​ ៤ និង​របាយការណ៍​ឆ្នាំ ២០១៧ ផង​ដែរ​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ចំនួន​ ៥ ក្នុង​នោះ​ក្រុមហ៊ុន​ឯកជន​ ២ និង​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន​ ៣៕