ក្រុងវ៉ាស៊ីនតោនៈ លោកស្រី Vera Jourova ស្នងការ​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌​អឺរ៉ុប​បាន​រំឭក​កាលពី​ថ្ងៃ​ពុធ​ថា រឿង​អាស្រូវ​លួច​ទិន្នន័យ ដូចជា​ករណី​ក្រុមហ៊ុន​ Facebook ​ដែល​បាន​បង្ក​ការខូចខាត​ច្រើន​នាពេល​ថ្មីៗ​នេះ​នឹង​ក្លាយ​ជា «​ការចំណាយ​ដ៏ច្រើន​» សម្រាប់​ក្រុមហ៊ុន​នានា​ចាប់ពី​ខែ​ឧសភា​ខាង​មុខ​នេះ​ស្ថិត​ក្រោម​ច្បាប់​របស់​សហភាព​អឺរ៉ុប​។

លោកស្រី Jourova ដែល​ទទួល​បន្ទុក​ផ្នែក​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ និង​ទិន្នន័យ​បុគ្គល​នោះ​បាន​ឲ្យ​ដឹង​នៅពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​៖ «​បើ​ក្រុមហ៊ុន​មួយ​ចំនួន​ព្យាយាម​ធ្វើ​បែប​នេះ​នៅ​អឺរ៉ុប​បន្ទាប់ពី​ខែ​ឧសភា ឆ្នាំ​ ២០១៨ ទណ្ឌកម្ម​ដ៏តឹងរ៉ឹង​នេះ​ទំនង​ជា​ត្រូវ​បាន​អនុវត្ត​»​។

ក្រុមហ៊ុន Facebook ស្ថិត​ក្រោម​ការ​រិះគន់​ខ្លាំង​ពី​អាមេរិក និង​អឺរ៉ុប បន្ទាប់ពី​មាន​ការ​បង្ហាញ​ថា ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ចក្រភព​អង់គ្លេស Cambridge Analytica បាន​ប្រើប្រាស់​ទិន្នន័យ​បុគ្គល​របស់​អ្នកប្រើប្រាស់ ៥០ លាន​នាក់​របស់​បណ្តាញ​សង្គម​មួយ​នេះ ដើម្បី​ទាញ​យក​ផលប្រយោជន៍​។

នៅ​ថ្ងៃទី​ ២៥ ខែ​ឧសភា​ខាង​មុខ​នេះ​ច្បាប់​ការពារ​ទិន្នន័យ​ទូទៅ (GDPR) នឹង​ចូល​ជា​ធរមាន​នៅ​សហភាព​អឺរ៉ុប​ដែល​នឹង​ពង្រឹង​ការការពារ​ព័ត៌មាន​លម្អិត​របស់​បុគ្គល​នៅ​សហភាព​អឺរ៉ុប​។

ច្បាប់​នេះ​នឹង​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​រួម​ទាំង​ក្រុមហ៊ុន​នៅ​ខាង​ក្រៅ​សហភាព​អឺរ៉ុប​ផង​ដែរ​។

ច្បាប់​ដែល​បង្កើន​អំណាច​ដាក់​ទណ្ឌកម្ម​នេះ​មិន​អនុវត្ត​តែ​មួយ​រយៈពេល​នោះ​ទេ តែ​ស្នងការ​រូប​នេះ​បាន​សន្យា​ថា​៖ «​ច្បាប់ GDPR នឹង​ធ្វើឲ្យ​សហភាព​អឺរ៉ុប​ក្លាយ​​ជា​តំបន់​លំហ​ជា​ដែនដី​ដែល​ការបោកប្រាស់​នឹង​បង្ក​ឲ្យ​មាន​ការ​ខាតបង់​ប្រាក់​ដ៏ច្រើន​»​។

ស្នងការ​រូប​នេះ​ពុំ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​របស់​ក្រុមហ៊ុន Facebook ទេ ជាពិសេស​ស្តីពី​បញ្ហា​លួច​បង្ហាញ​ទិន្នន័យ​នេះ តែ​លោកស្រី​ពិតជា​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តុមូល​ស្តីពី​ប្រធានបទ​ផ្សេង​ទៀត​ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​។

លោកស្រី Jourova បាន​មាន​ប្រសាសន៍​បន្ត​ថា​លោកស្រី​កំពុង​រង់ចាំ​ចម្លើយ «​យ៉ាង​អន្ទះសា​»​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​តើ​វា​អាច​កើតឡើង​ដោយ​របៀប​ណា​ដែល​មនុស្ស​ពុំ​មាន​អ្វី​សោះ​នោះ​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការប្រើប្រាស់​មិន​អាច​ទទួល​យក​បាន​បែប​នេះ?»៕ BP