ក្រុងការ៉ាកាសៈ តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានជឿជាក់ថានឹងមានអតិផរណាខ្ពស់បំផុតក្នុងពិភពលោកនោះបានកើនឡើងរហូតដល់ ២ ៦១៦ ភាគរយកាលពីឆ្នាំមុន ខណៈដែលប្រជាជនរាប់លាននាក់នៅក្នុងប្រទេសនេះទទួលរងផលប៉ះពាល់ដោយកង្វះអាហារ និងឱសថក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមការឲ្យដឹងពីសភាជាតិដែលដឹកនាំកិច្ចពិភាក្សាដោយគណបក្សប្រឆាំងកាលពីម្សិលមិញ។
ក្រុមអ្នកនយោបាយមកពីគណបក្សប្រឆាំងដែលតួលេខកំណើនតម្លៃទំនិញប្រើប្រាស់របស់ពួកគេមានភាពស្របគ្នាយ៉ាងខ្លាំងជាមួយនឹងការព្យាកររបស់ក្រុមអ្នកវិភាគនោះកាលពីថ្ងៃចន្ទបានដាក់តួលេខអតិផរណាគ្រាន់តែក្នុងខែធ្នូក្នុងអត្រា ៨៥ ភាគរយដែលស្ថិតនៅក្នុងទឹកដីមានអតិផរណាខ្ពស់បំផុត ខណៈជាធម្មតាអត្រាគោលមានកម្រិត ៥០ ភាគរយ។
លោក Jose Guerra ដែលជាតំណាងរាស្ដ្រមួយរូបមកពីគណបក្សប្រឆាំងបានមានប្រសាសន៍ថា៖ «គ្រាន់តែក្នុងខែធ្នូ អតិផរណាមានកម្រិតខ្ពស់ខ្លាំងជាងអតិផរណារួម (ក្នុងរយៈពេលពេញមួយឆ្នាំ) សម្រាប់ប្រទេសក្នុងតំបន់អាមេរិកឡាទីនទាំងអស់ទៅទៀត»។
អាជ្ញាធរវ៉េណេស៊ុយអេឡាមិនបានឆ្លើយតបនឹងការស្នើសុំការពន្យល់នោះទេ។
ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសនេះបានកើនឡើង ៤០ ភាគរយក្នុងខែមករា ប៉ុន្តែនៅតែមានបរិមាណប្រហែល ២ ដុល្លារប៉ុណ្ណោះក្នុងមួយខែនៅក្នុងទីផ្សារប្តូរប្រាក់ទីផ្សារងងឹតជាពេលដែលរូបិយប័ណ្ណបូលីវ៉ារបស់វ៉េណេស៊ុយអេឡា បានធ្លាក់ថ្លៃប្រហែល ៣៥ ភាគរយធៀបនឹងប្រាក់ដុល្លារត្រឹមតែក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ប្រជាជនរាប់រយនាក់បាននាំគ្នាទាំងហ្វូងទៅផ្សារទំនើបមួយចំនួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអាជ្ញាធរបានសន្យាកាត់បន្ថយតម្លៃ។
ធនាគារកណ្ដាលវ៉េណេស៊ុយអេឡា មិនបានចេញផ្សាយអតិផរណា ឬទិន្នន័យផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ២ ឆ្នាំមកហើយ។ ប៉ុន្តែការផ្គត់ផ្គង់ប្រាក់បានកើនឡើងជាង ១០០០ ភាគរយនៅឆ្នាំមុន។
លោកប្រធានាធិបតី Nicolas Maduro បានថ្លែងថាបញ្ហានេះបណ្ដាលមកពី «សង្គ្រាមសេដ្ឋកិច្ច» ដែលបានធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោន និងគណបក្សប្រឆាំងដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
ក្រុមអ្នករិះគន់ស្ដីបន្ទោសការគ្រប់គ្រងរូបិយប័ណ្ណ និងតម្លៃដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលនេះ៕ LA