ក្រុងបាងកកៈ រដ្ឋាភិបាល​ថៃ​គ្រោង​ដាក់​ថវិកា​ ៣០ ​ពាន់​លាន​បាត​សម្រាប់​ការ​កែលម្អ​វិស័យ​កសិកម្ម​ដែល​ជា​ផ្នែក​មួយ​នៃ​ថវិកា​បន្ថែម​ ១៥០ ​ពាន់​លាន​បាត​សម្រាប់​សារពើពន្ធ​ឆ្នាំ​ ២០១៨ នៅ​ក្នុង​រយៈពេល​ ៦ ​ខែ​ក្រោយ​។ នេះ​បើ​យោង​តាម​​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​។

លោក Apisak Tantivorawong រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ថៃ​មាន​បំណង​យក​ថវិកា​ ៣០ ​ពាន់​លាន​បាត​សម្រាប់​លើក​កម្ពស់​វិស័យ​កសិកម្ម​របស់​ថៃ​។

លោក​ថ្លែង​ថា​កំណែទម្រង់​នៅ​ពេល​ខាង​មុខ​របស់​រដ្ឋាភិបាល​លើ​វិស័យ​កសិកម្ម​នឹង​ត្រូវ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាមួយ​ផែនការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ និង​បង្កើន​តម្លៃ​ដំណាំ​កសិកម្ម​។

លោក​បន្ថែម​ថា​ ថវិកា​នេះ​នឹង​ផ្ដោត​លើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ ដូចជា ឡសម្ងួត និង​ឃ្លាំង​ស្ដុក​ស្រូវ ដែល​នឹង​អនុញ្ញាត​ឲ្យ​កសិករ​ស្ដុក​ផលិតផល និង​ទប់ស្កាត់​តម្រូវការ​លើស​ក្នុង​ទីផ្សារ​។

ទិសដៅ​កំណត់​រយៈពេល​ ៦ ​ខែ​គឺ​អាច​សម្រេច​បាន ខណៈ​កំណែ​ទម្រង់​រយៈពេល​វែង​ក្នុង​រយៈ​ពី​ ៣ ​ទៅ​ ៤ ​ឆ្នាំ​នឹង​ត្រូវ​បាន​កំណត់​ក្នុង​ថវិកា​ឆ្នាំ​ ២០១៩​។ នេះ​បើ​តាម​លោក Apisak​។

ការ​កាត់​បន្ថយ​តំបន់​កសិកម្ម ជាពិសេស​សម្រាប់​ដំណាំ​ស្រូវ កៅស៊ូ និង​ដូងប្រេង​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​កំណែទម្រង់​កសិកម្ម​របស់​រដ្ឋាភិបាល ប៉ុន្តែ​ទំហំ​នៃ​ការ​កាត់​បន្ថយ​នេះ​នឹង​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​កសិកម្ម និង​សហករណ៍​។

គណៈរដ្ឋមន្ដ្រី​កាលពី​ដើម​សប្ដាហ៍​នេះ​បាន​អនុម័ត​ថវិកា​បន្ថែម​ចំនួន​ ១៥០ ​ពាន់​លាន​បាត​សម្រាប់​សារពើពន្ធ​ឆ្នាំ​នេះ​ក្នុង​ចំណោម​ថវិកា​នេះ​ ៥០ ​ពាន់​លាន​បាត​នឹង​ត្រូវ​សង​ត្រឡប់​ទៅ​ទុន​បម្រុង​រតនាគារ​វិញ​ហើយ ១០០ ​ពាន់​លាន​បាត​ដែល​នៅ​សល់​នឹង​ត្រូវ​រក្សា​ទុក​ដើម្បី​ផ្ដល់​មូលនិធិ​ដំណាក់កាល​ទី​ ២ ​នៃ​ផែនការ​សុខុមាលភាព និង​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​សម្រាប់​អ្នក​ក្រីក្រ កំណែ​ទម្រង់​វិស័យ​កសិកម្ម ការ​អភិវឌ្ឍ​កម្រិត​រដ្ឋាភិបាល​មូលដ្ឋាន និង​មូលនិធិ​ភូមិ​ (Village Funds)​។

ការ​ផ្ដល់​មូលនិធិ​បន្ថែម​នេះ​រដ្ឋ​នឹង​ចាំបាច់​ត្រូវ​ខ្ចី​បន្ថែម​ ១០០ ​ពាន់​លាន​បាត និង​ធ្វើឲ្យ​ឱនភាព​ថវិកា​សារពើពន្ធ​ឆ្នាំ​ ២០១៨ ​កើនឡើង​ដល់​ ៥៥០ ​ពាន់​លាន​បាត​។ ឱនភាព​នេះ​នឹង​ជា​ទិសដៅ​កំណត់​ចាប់​តាំងពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​យោធា​បាន​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​ ២០១៤ ដែល​ស្ទើរ​តែ​កើនឡើង​ដល់​ការ​កម្រិត​ ២០ ​ភាគរយ​នៃ​ការ​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​។

ការ​ផ្ដោត​របស់​រដ្ឋាភិបាល​ដែល​ជួយ​ដល់​វិស័យ​កសិកម្ម និង​អ្នក​រក​បាន​ប្រាក់​ចំណូល​ទាប មាន​បំណង​ធ្វើឲ្យ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​បរទេស​នេះ​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​នេះ​។

ព័ត៌មាន​លម្អិត​ការ​ចំណាយ​នៃ​ដំណាក់កាល​ទី​ ២ ​នៃ​ផែនការ​សុខុមាលភាព និង​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​សម្រាប់​អ្នក​ក្រីក្រ​ដែល​មាន​តម្លៃ​ ៣៥ ​ពាន់​លាន​បាត​នឹង​ត្រូវ​ស្នើ​ទៅ​ការិយាល័យ​ថវិកា​ក្នុង​រយៈពេល​ ២ ​សប្ដាហ៍​ក្រោយ​។

ដំណាក់កាល​ទី​ ២ ​រួម​មាន​លទ្ធភាព​ទទួល​បាន​ប្រភព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល និង​ការ​អប់រំ​មិន​មាន​ការ​បង្ខិតបង្ខំ​ដូចជា​វគ្គ​បណ្ដុះបណ្ដាល​ដើម្បី​កែលម្អ​ជំនាញ​អាជីព ការងារ និង​តម្រូវការ​ជា​មូលដ្ឋាន​ ៤ ​នៃ​ការ​រស់នៅ​គឺ អាហារ ផ្ទះ សម្លៀកបំពាក់ និង​ថ្នាំពេទ្យ​។

រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា ដំណាក់កាល​ទី​ ២ ​នេះ​នឹង​ជំរុញ​ប្រជាជន​ ១ ​លាន​នាក់​ឆ្លង​ផុត​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ក្នុង​ចំណោម​ប្រជាជន​ ៥ ​លាន​នាក់​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​៕ LA