ក្រុងបាងកកៈ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​ពិភាក្សា​អំពី​ការ​បង្កើន​ល្បឿន​វិនិយោគ​នាពេល​អនាគត​ក្នុង​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC) របស់​ខ្លួន​ស្រប​តាម​កិច្ច​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក Uttama Savanayana រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ថៃ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​ជួបប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម​កាលពី​ម្សិលមិញ​ស្តីពី​វិធី​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​មក​ទីតាំង​យុទ្ធសាស្ត្រ​របស់​គម្រោង​អភិវឌ្ឍន៍ EEC នេះ​។

លោក Uttama បាន​ថ្លែង​ថា​រដ្ឋាភិបាល​ចង់​ជំរុញ​គម្រោង​អភិវឌ្ឍន៍ EEC ក្នុង​នាម​ជា​ឧបករណ៍​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​ជឿជាក់​ថា​គម្រោង​ទាំង​ ២ ​នឹង​ផ្តល់​សក្តានុពល​ច្រើន​សម្រាប់​ប្រទេស​ចិន និង​ថៃ​ដោយ​គម្រោង​អភិវឌ្ឍន៍ EEC នឹង​ដើរ​តួនាទី​ជា​ស្ពាន​មួយ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ​»​។

លោក Uttama មាន​ប្រសាសន៍​បន្ត​ថា​ក្រសួង​មាន​ទំនុក​ចិត្ត​ថា​ការ​អនុវត្ត​ច្បាប់ EEC Act នឹង​ចាប់ផ្តើម​ក្នុង​ខែ​នេះ​ដោយ​បាន​ជួយ​ធានា​ដល់​វិនិយោគិន​ថា រដ្ឋាភិបាល​មាន​ផែនទី​បង្ហាញ​ផ្លូវ​ច្បាស់លាស់​សម្រាប់​ការ​អភិវឌ្ឍ​។

លោក​បាន​ឲ្យ​ដឹង​ថា​ច្បាប់​នេះ​កំពុង​ពិភាក្សា​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ តែ​ថា​ការ​ពិចារណា​ត្រូវ​បាន​ពន្យារពេល​មួយ​ឆ្នាំ​ហើយ​ដោយសារ​រដ្ឋាភិបាល​ជឿជាក់​ថា វា​មិន​មាន​ផលប៉ះពាល់​ដល់​ទំនុក​ចិត្ត​វិនិយោគិន​។

រដ្ឋាភិបាល​ថៃ​មាន​បំណង​ជំរុញ​សេដ្ឋកិច្ច​របស់​ថៃ​ឆ្ពោះ​ទៅ​រក​វិស័យ​ឧស្សាហកម្ម ៤.០ ដែល​មាន​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​វិស័យ​ឧស្សាហកម្ម​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​៕ BP