ភ្នំពេញៈ នៅពេល​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក និង​កម្ពុជា​បាន​កើនឡើង​ដល់​ ៣,៤៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ដែល​កើនឡើង​ជាង​ ៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​​ ២០១៦ សារព័ត៌មាន​មួយ​នេះ​មិន​ប្រើប្រាស់​ទិន្នន័យ​របស់​រដ្ឋាភិបាល​នោះ​ទេ​។

ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ AKP ក៏​មិន​ប្រើប្រាស់​ស្ថិតិ​រដ្ឋាភិបាល​ដែរ​នៅ​ក្នុង​ការរាយការណ៍​កាលពី​ខែ​វិច្ឆិកា​ដែល​ថា ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​ ២០១៧ ជិត​ដល់​ ៥ ​ពាន់​លាន​ដុល្លារ​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ទាំង​ ២​។

ផ្ទុយ​ទៅ​វិញ​ពួកគេ​កំពុង​ពឹង​ផ្អែក​លើ​ទិន្នន័យ​គយ​បាន​ពី​រដ្ឋាភិបាល​បរទេស ដែល​បច្ចុប្បន្ន​របាយការណ៍​ជា​ប្រភព​ទិន្នន័យ​តែ​មួយ​គត់​ដែល​អាច​រក​បាន​សម្រាប់​ទិន្នន័យ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ ២០១៧ របស់​ប្រទេស​កម្ពុជា​។

ខណៈ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្ដើម​ធ្វើ​របាយការណ៍​តួលេខ​ពាណិជ្ជកម្ម​ពី​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ចេញ​ផ្សាយ​តួលេខ​ណា​មួយ​សម្រាប់​រយៈពេល​ ៩ ​ខែ​ចុង​ក្រោយ​ឆ្នាំ​ ២០១៧ ​នោះ​ទេ​។

លោក ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​កង្វះ​ស្ថិតិ​មាន​គុណភាព​គឺ​នៅ​តែ​ជា​បញ្ហា​រសើប​នៅក្នុង​ប្រទេស​របស់​យើង ហើយ​នេះ​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​សម្រាប់​ការ​កែលម្អ​»​។

ការ​មិន​មាន​ទិន្នន័យ​ទាន់​ពេលវេលា​ធ្វើឲ្យ​បាត់​ទំនុក​ចិត្ត​ចំពោះ​សាស្ដ្រាចារ្យ និង​ក្រុម​វិនិយោគិន​ដែល​ពឹង​ផ្អែក​លើ​ព័ត៌មាន​នេះ និង​បន្ថែម​ដល់​ភ័ស្ដុតាង​ដែល​បង្ហាញ​ថា ភាគច្រើន​នៃ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​របស់​កម្ពុជា​មិន​មាន​ការ​ត្រួតពិនិត្យ ហើយ​រាយការណ៍​មិន​បាន​គ្រប់គ្រាន់​។

ការ​ទទួល​ខុសត្រូវ​សម្រាប់​ទិន្នន័យ​ពាណិជ្ជកម្ម និង​ការ​អនុវត្ត ធ្លាក់​លើ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​ស្ថិត​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

នៅ​ពេល​ទាក់ទង​កាលពី​ថ្ងៃ​ម្សិលមិញ​​ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្វែរ​ឲ្យ​សួរ​ដោយ​ផ្ទាល់​ទៅ​នាយកដ្ឋាន​គយ​ដែល​មិន​មាន​អ្នក​នាំ​ពាក្យ​។ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ​គយ និង​រដ្ឋាករ​បាន​ទេ​។

ក្រាហ្វិកបង្ហាញពី ទិន្នន័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​តូច កាល​ពី​ឆ្នាំ ២០១៦ និង ២០១៧ ខណៈ​​ទិន្នន័យ​ពាណិជ្ជកម្មជាមួយប្រទេសផ្សេង​ទៀត មិន​មាន​បង្ហាញ។ រូប ភ្នំពេញ ប៉ុស្តិ៍

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​ថា ក្រសួង​របស់​លោក​បាន​ទទួល​ទិន្នន័យ​ពី​នាយកដ្ឋាន​គយ​តែ​សម្រាប់​រយៈពេល​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៧ ​ប៉ុណ្ណោះ​។

លោក ម៉ី កល្យាណ បាន​បញ្ជាក់​ថា បញ្ហា​ទិន្នន័យ​គយ​បាន​កើតឡើង​ជា​ធម្មតា​នៅក្នុង​ប្រទេស​ជាច្រើន ខណៈ​ទទួល​ស្គាល់​ថា លោក​បានឮ​ការ​ត្អូញត្អែរ​ពី «​ក្រុម​វិនិយោគិន​ធំៗ​» អំពី​កង្វះ​ព័ត៌មាន​ផ្លូវការ លោក​បាន​ថ្លែង​ថា លោក​មាន​សុទិដ្ឋិនិយម​ថា ការ​កែលម្អ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ពេល​អនាគត​ដ៏ខ្លី​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ស្ថាប័ន​ពាក់ព័ន្ធ [​នឹង​ធ្វើការ​កែលម្អ​] ជា​មិន​ខាន ហើយ​យើង​ទទួល​ស្គាល់​ថា វា​ត្រូវការ​ពេលវេលា​»​។

លោក​បន្ត​ថា​៖ «​យើង​តែងតែ​ចង់​កែលម្អ​ឲ្យ​បាន​រហ័ស​»​។

ពាណិជ្ជកម្ម​ខុស​ច្បាប់ ឬ​មិន​រាយការណ៍​បាន​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ដល់​ឧស្សាហកម្ម​ផ្សេងៗ​របស់​កម្ពុជា​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​។

កម្ពុជា​ត្រូវ​បាន​បង្ខំ​ឲ្យ​មាន​ការ​ហាមឃាត់​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ បន្ទាប់ពី​ត្រូវ​បាន​គេ​រកឃើញ​ថា ប្រទេស​សិង្ហបុរី​បាន​នាំ​ចូល​ខ្សាច់​ ៧៧ ​លាន​តោន​ពី​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០០៧ ខណៈ​កម្ពុជា​បាន​កត់ត្រា​ចំនួន​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ថ្មីៗ​នេះ​ទិន្នន័យ​គយ​វៀតណាម​បាន​រាយការណ៍​ឈើហុប​តម្លៃ​​ ៤០ ​លាន​ដុល្លារ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​ជា​ការ​រំលោភ​ជាក់ស្ដែង​នៃ​ការ​ហាមឃាត់​ការ​នាំ​ចេញ​ទូទាំង​ប្រទេស​របស់​កម្ពុជា​លើ​ឈើហុប​ទៅ​ប្រទេស​វៀតណាម​។ ដោយឡែក​ខាង​កម្ពុជា​ទិន្នន័យ​នាំ​ចេញ​ឈើហុប​ទៅ​វៀតណាម​មិន​មាន​ទេ​។

អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​ដែល​វិស័យ​នេះ​មាន​ ៣០០ ​លាន​ដុល្លារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​មុន​ថា ពួកគេ​មិន​អាច​រក​បាន​ប្រាក់​ចំណេញ​ដោយសារ​តែ​ការ​រីក​រាលដាល​ការ​រត់​ពន្ធ​កៅស៊ូ​ទៅ​ប្រទេស​វៀតណាម ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ ថា ការ​រត់​ពន្ធ​អង្ករ​ដែល​មិន​អាច​គ្រប់គ្រង​បាន​នៅ​កម្ពុជា​ពី​ប្រទេស​វៀតណាម​បាន​គំរាម​កំហែង​ដល់​ស្ថានភាព​ឧស្សាហកម្ម​ស្រូវ​អង្ករ​ទាំង​មូល​។

នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន មេដឹកនាំ​ពាណិជ្ជកម្ម​បាន​ត្អូញត្អែរ​ថា ទំនិញ​ក្លែងក្លាយ​ហូរ​ចូល​មិន​អាច​រារាំង​បាន​នៅ​ក្នុង​ប្រទេស​នេះ​កំពុង​ដណ្ដើម​ប្រាក់​ចំណេញ​របស់​ពួកគេ​។

លោក ឯម វុទ្ធី មន្ដ្រី​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ថ្លែង​នៅ​ក្នុង​ពេល​នោះ​ថា មន្ដ្រី​គយ​ភាគច្រើន «​មិន​មាន​បុគ្គលិក​គ្រប់គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ​នៅ​ច្រក​ត្រួតពិនិត្យ​តាម​ព្រំដែន​នោះទេ​»​។

ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​មិន​ធម្មតា​ជាច្រើន របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​​សារព័ត៌មាន ជប៉ុន Nikkei Asian Review បាន​សួរ​ថា តើ​កម្ពុជា​អាច​ក្លាយ​ជា «​មជ្ឈមណ្ឌល​រត់ពន្ធ​សាច់គោ​ជប៉ុន​» ដែល​កត់សម្គាល់​ថា ប្រទេស​នេះ​គឺជា​ប្រទេស​នាំ​ចូល​ឈាន​មុខ​គេ​របស់​ពិភពលោក​នៃ​សាច់គោ Wagyu ប៉ុន្តែ​ ​សាច់គោ​ជប៉ុន​ដ៏សំខាន់​នេះ​មិន​អាច​រក​បាន​នៅ​កន្លែង​ជាច្រើន​នៃ​ទីផ្សារ​ហាង​លក់​គ្រឿងទេស និង​ភោជនីយដ្ឋាន​របស់​ទីក្រុង​នេះ​ទេ​។

កម្ពុជា​បាន​ចាប់ផ្ដើម​នាំចូល​សាច់គោ Wagyu កាលពី​ឆ្នាំ​ ២០១១ បន្ទាប់ពី​ប្រទេស​វៀតណាម​បាន​ហាមឃាត់​សាច់គោ​នេះ ហើយ​ប្រតិបត្តិការ​រត់ពន្ធ​សាច់គោ​ដែល​បាន​បិទទ្វារ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​បាន​ហាមឃាត់​សាច់គោ Wagyu ផង​ដែរ ដោយ​បាន​ចាប់​សាច់គោ​ ១៣ ​តោន​ដឹកជញ្ជូន​ពី​ប្រភព​ដើម​ប្រទេស​ជប៉ុន​មក​ទីក្រុង​ភ្នំពេញ​។

ភាព​មិន​ច្បាស់លាស់​នៃ​ទិន្នន័យ​គយ​របស់​រដ្ឋាភិបាល​គឺជា​ប្រភព​នៃ​ការ​ធ្វើឲ្យ​បាត់​ទំនុក​ចិត្ត​ក្នុង​ចំណោម​សាស្ដ្រាចារ្យ ដែល​ព្យាយាម​ក្នុង​ការ​សិក្សា​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​។

លោក តេង ឌឺលុច សាស្ដ្រាចារ្យ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​ពិបាក​ទទួល​បាន​ស្ថិតិ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពី​ស្ថាប័ន​នានា​របស់​ប្រទេស​កម្ពុជា​បាន​រារាំង​ការ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ដ៏សំខាន់​អំពី​ប្រទេស​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​កង្វះ​ស្ថិតិ​គឺជា​បញ្ហា​មួយ​សម្រាប់​ការ​ធ្វើការ​ស្រាវជ្រាវ និង​ការសិក្សា​ណា​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​»​។

លោក​បាន​កត់សម្គាល់​ថា កង្វះ​ទិន្នន័យ​ជារឿយៗ​បាន​បង្ខំ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រើប្រាស់​ហួស​កាលបរិច្ឆេទ ឬ​ស្ថិតិ​មិន​ផ្លូវការ​។

លោក​បញ្ជាក់​ថា​៖ «​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​រួម​គ្នា​ផលិត​ស្ថិតិ​ច្បាស់លាស់ និង​ធ្វើឲ្យ​សាធារណជន​អាច​រក​បាន​ដោយ​ងាយស្រួល​»៕ LA