Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​ម្រេច​និង​ស្ករ​ត្នោត GI មាន​កាន់​តែ​ធំ

Content image - Phnom Penh Post
កម្មករ​កំពុង​បះ​ម្រេច​នៅ​ក្នុង​ចម្ការ​ម្រេច​មួយ​ក្នុង​ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​ទៅ។ ផា លីណា

ទីផ្សារ​ម្រេច​និង​ស្ករ​ត្នោត GI មាន​កាន់​តែ​ធំ

ភ្នំពេញៈ បច្ចុប្បន្ន​មាន​ផលិតផល​កសិកម្ម​តែ​ពីរ​មុខ​ប៉ុណ្ណោះ​របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ដ្រ ឬ GI នោះ​គឺ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ ដែល​បច្ចុប្បន្ន​កំពុង​តែ​បង្ហាញ​ពី​ការ​ពង្រីក​ទីផ្សារ​នៅ​ក្នុង​តំបន់​។

ការ​ទទួល​បាន​ការ​ការ​ពារ​ពី​ទីផ្សារ​ក្រៅ​ប្រទេស​លើ​ផលិតផល​ទាំង​នេះ គឺជា​រឿង​ចាំបាច់ និង​សំខាន់​បំផុត​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដើម្បី​លើក​កម្ពស់​ផលិតផល​ទាំង​នេះ​។

ម្រេច​កំពត ត្រូវ​បាន​ទទួល​ស្គាល់ និង​ចុះ​បញ្ជី​នៅ​ទីផ្សារ​អឺរ៉ុប​រួច​ហើយ ខណៈ​ស្ករ​ត្នោត​កំពង់ស្ពឺ​រំពឹង​ថា​នឹង​ទទួល​បាន​ឆាប់ៗ​នេះ​។

ប៉ុន្តែ​អ្វី​ដែល​ល្អ​សម្រាប់​ផលិតផល​ទាំង​ពីរ​នេះ គឺ​វា​ត្រូវ​បាន​ទទួល​ស្គាល់ និង​ការ​ការពារ នៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ និង​វៀតណាម​កាលពី​ខែ​មុន ដែល​ជា​ទីផ្សារ​ក្នុង​តំបន់​ដ៏​ល្អ​មួយ​។

ម្រេច​កំពត និង​ស្ករ​តោ្នត​កំពង់ស្ពឺ​ត្រូវ​បាន​ចុះបញ្ជី GI លើក​ដំបូង កាលពី​ឆ្នាំ​ ២០១០ ប្រៀប​បាន​នឹង​ស្រា​សាំប៉ាញ ឬ ឈីស Parmesan អ៊ីចឹង​ដែរ​។

លោក អប រាំឌី ប្រធាន​នាយកដ្ឋាន​កម្ម​សិទិ្ធ​បញ្ញា​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​បទពិសោធ​នៃ​ការ ប្រើប្រាស់​ឋានៈ GI ជា​ពាណិជ្ជ​សញ្ញា​សម្រាប់​ទីផ្សារ ជា​លទ្ធផល វា​ធ្វើ​ឲ្យ​វិស័យនេះ​មាន​ចង្វាក់​បន្ថែម​តម្លៃ និង​ធ្វើ​ឲ្យ​មាន​កំណើន​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​បន្ទាប់​ពី​យើង​បាន​បញ្ចប់​ការ​ចុះ​បញ្ជី​លើ​ឋានៈ GI ផលិតផល​របស់​យើង​ទទួល​បាន​ភាព​ពេញ​និយម​នៅ​លើ​ទីផ្សារ តម្លៃ​បន្ត​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​»​។

លោក​បាន​បន្ត​ថា​៖ «​ឋានៈ GI បញ្ជាក់​អំពី​ការ​កំណត់​ភូមិសាស្ដ្រ ប្រភេទ​ដំណាំ​ជាក់​លាក់ បរិស្ថាន និង​កសិករ ឋានៈ​នេះ​ត្រូវ​បាន​ចេញ​សម្រាប់​ទីផ្សារ និង​ធ្វើ​ឲ្យ​ល្បី​នៅ​លើ​ទីផ្សារ​»​។ លោក​បន្ថែម​ថា ក្រសួង​បាន​ចាប់​ផ្ដើម​ការងារ និង​សិក្សា​ភូមិសាស្ដ្រ ប្រភេទ​ដំណាំ បរិស្ថាន និង​កសិករ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​។

លោក​បន្ត​ថា​៖ «​ជា​សមិទ្ធផល​របស់​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ យើង​នឹង​បន្ត​លើក​កម្ពស់​ផលិតផល​កសិកម្ម​ដ៏​មាន​សក្ដានុពល​របស់​យើង យើង​កំពុង​ស្វែងរក​ការ​លើក​កម្ពស់​អំបិល ជា​ផលិតផល​ទី​៣ ប៉ុន្តែ​នៅ​ពេល​នេះ​យើង​នៅ​តែ​កំពុង​ស្វែងរក​មូលនិធិ​ផង​ដែរ​»​។

លោក រាំឌី ឲ្យ​ដឹង​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​មូលនិធិ​ពី AFD ១​លាន​អឺរ៉ូ សម្រាប់​ការ​ចុះ​បញ្ជី​ម្រេច​កំពត និង​ស្ករ​តោ្នត​កំពង់ស្ពឺ​ជា​លើក​ដំបូង​។

ក្រសួង​ពាណិជ្ជកម្ម​កំពុង​ស្វះស្វែង​នាំ​យក​ស្ករ​ត្នោត​កំពង់ស្ពឺ​ទៅ​ចុះ​បញ្ជី​នៅ​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ពង្រីក​ទីផ្សារ និង​ការពារ​យីហោ ដែល​គេ​សង្ឃឹម​ថា នឹង​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ត្រឹម​ឆ្នាំ​នេះ ខណៈ​ម្រេច​កំពត​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អឺរ៉ុប​កាលពី​ឆ្នាំ​មុន​។

អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​រំពឹង​ថា នឹង​ស្វែងរក​ការ​ទទួល​ស្គាល់​ពី​ទីផ្សារ​ក្នុង​តំបន់​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​គាំទ្រ​តម្លៃ​។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​( KPPA) ឲ្យ​ដឹង​ថា ឋានៈ​GI មាន​សារៈសំខាន់​ដល់​ការ​បន្ថែម​តម្លៃ និង​ធានា​ដល់ទី​ផ្សារ ដោយ​ខុសពី​ផលិតផល​មិនមែន GI ដែល​ទីផ្សារ​កំពុង​ប្រែប្រួល​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ការ​ទទួល​បាន​ឋានៈ GI កេរ្ដិ៍​ឈ្មោះ​ផលិតផល​ត្រូវ​បាន​បង្កើន​ឡើង​នៅ​លើ​ទីផ្សារ ហើយ​អាច​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​»​។ លោក​បន្តថា​៖ «​ផលិតផល GI របស់​យើង​ពេញ​និយម​នៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​យើង​ត្រូវ​ការ​ការពារ​ពី​ទីផ្សារ​ជិត​ខាង និង​ទីផ្សារ EU»​។

លោក​បន្តថា​៖«​ការ​ទទួល​ស្គាល់​ផលិតផល GI ព្រម​ទាំង​ជួយ​ការពារ​ទីផ្សារ នឹង​បង្កើន​កេរ្ដិ៍ឈ្មោះ​នៃ​ផលិតផល​កសិកម្ម​របស់​យើង​»​។

​លោក​រំពឹងថា ម្រេច​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​ក្នុង​តំបន់​ជាច្រើន​ទៀត​នៅ​ពេល​ខាង​មុខ ដូចជា អាមេរិក ជប៉ុន តៃវ៉ាន់ កូរ៉េ និង​ចិន​ផង​ដែរ​។

បច្ចុប្បន្ន KPPA មាន​សមាជិក ៣៨៧ គ្រួសារ និង​ផ្ទៃដី​ដាំ​ដុះ​ម្រេច​ ២១០ ហិកតា ហើយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចំនួន ២១​។ សមាគម​នេះ​បាន​ចាប់​ផ្ដើម​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨ ជាមួយ​នឹង​ផ្ទៃដី​ដាំ​ដុះ​ម្រេច​តែ​ ១០​ ហិកតា​ប៉ុណ្ណោះ​។

លោក ងួន ឡាយ បាន​ឲ្យ​ដឹងថា ឋានៈ GI បាន​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​របស់​កសិករ ហើយ​ឧស្សាហកម្ម​ទាំងមូល​បានក្លាយ​ជាទី​ពេញ​និយម និង​មាន​កំណើន​រហូត​មក​ដល់​បច្ចុប្បន្ន​។

លោក​ឲ្យ​ដឹង​ថា ម្រេច​កំពត​មាន​តម្លៃ​ចាប់ពី​១៥​ដុល្លារ ដល់ ២៨ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។

លោក​បាន​ថ្លែង​ថា​៖ «GI រក្សា​បន្ថែម​តម្លៃ​ដល់​ផលិតផល​របស់​យើង​ជា​រៀង​រាល់​ឆ្នាំ ដែល​ខុស​ពី​ផលិតផល​មិន​មាន GI រហូត​ដល់​៥០​ភាគរយ​»​។

លោក​លើក​ឡើង​ថា​៖ «​ឋានៈ​នេះ​ផ្ដល់​ឱកាស​ការងារ​ជាច្រើន ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ចំណាក​ស្រុក ហើយ​បង្កើន​សេដ្ឋកិច្ច​ជាតិ​»​។

លោក ហុង ហឺន ប្រធាន​សហគមន៍​កសិកម្ម​ត្នោត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ស្ករ​ត្នោត​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ការ​បញ្ជាក់​ថា​ជា​ដំណាំ GI តម្លៃ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

បច្ចុប្បន្ន ការ​ប៉ាន់​ប្រមាណ​ប្រាក់​ចំណូល​របស់​កសិករ​មាន ៣ ០០០ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​ការ​ប្រមូល​ផល​ស្ករ​ពី​ដើម​ត្នោត​។

លោក​បន្ថែម​ថា​៖ «​តម្រូវការ​ទីផ្សារ​ខ្លាំង​កំពុង​កើនឡើង នៅ​ពេល​នេះ​យើង​មិន​អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​ទីផ្សារ​បានទេ​»​។ ​លោក​បន្ថែម​ថា បច្ចុប្បន្ន​ស្ថិត​ក្រោម​សមាគម​នេះ មាន​សមាជិក​ ១៧៨ នាក់​ដែល​មាន​ដើម​ត្នោត​ ១០០ ០០០ ដើម​៕ LA

0

Comments

Please, login or register to post a comment