ភ្នំពេញៈ លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជាបានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេង សុខហ័ង អំពីវឌ្ឍនភាពក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) និងកត្តាប្រឈមរបស់វិស័យនេះដើម្បីជំរុញភាពរីកចម្រើន និងឈានទៅដល់ទីផ្សារអន្តរជាតិ។
ស្ថានភាពរបស់សហគ្រាស SME ដំណើរការយ៉ាងដូចម្ដេចមកដល់បច្ចុប្បន្ន?
បើយើងពិនិត្យលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺអត្រា ផ.ស.ស របស់យើងប្រហែល ៧ ភាគរយជាប្រចាំឆ្នាំ ដែលនាំឲ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងមានស្ថិរភាព ហើយក៏ជាផ្នែកមួយបង្ហាញឲ្យឃើញថា សុខភាពរបស់ SME មានភាពល្អប្រសើរផងដែរ។ ខ្ញុំបានធ្វើការសង្កេតលើទីផ្សារប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា នៅលើទីផ្សារមានវត្តមានផលិតផលខ្មែរជាច្រើន ដែលកាលពីមុនយើងកម្រនឹងឃើញមានផលិតផលខ្មែរនៅលើទីផ្សារណាស់។
មួយវិញទៀត ការតាំងពិព័រណ៍នានាក៏មានវត្តមានសហគ្រាសធុនតូច និងមធ្យមរបស់យើងចូលរួមច្រើនផងដែរ ដែលនេះជាចំណុចចាប់ផ្ដើមនៃការពង្រីកទីផ្សាររបស់ផលិតផលខ្មែរ។
ថ្វីដ្បិតតែយើងសង្កេតឃើញមានចំណុចវិជ្ជមានច្រើននៃការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមក៏ពិតមែន តែសហគ្រាសធុនតូច និងមធ្យម ខ្លះក៏នៅមានលក្ខណៈទន់ខ្សោយ និងផុយស្រួយ ដោយសារតែផលិតកម្មរបស់គាត់ជាលក្ខណៈគ្រួសារ មិនមានបច្ចេកទេសគ្រប់គ្រាន់ ទំហំផលិតកម្មនៅតូចតាច។ ជាមួយគ្នានេះដែរត្រូវប្រកួតប្រជែងជាមួយទំនិញនាំចូលទៀតផង។
បើពិនិត្យមើលលើការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម អាចនិយាយបានថា មានការកើនឡើងគួរឱ្យកត់សម្គាល់។
កត្តាដែលជំរុញឲ្យមានកំណើនចុះបញ្ជីនេះ ខ្ញុំមើលឃើញថា ដោយសារតែរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធបានធ្វើឱ្យបរិយាកាសធុរកិច្ចប្រសើរជាងមុន ក្នុងនោះមានក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានពង្រឹងយន្តការច្រកចេញចូលតែមួយរបស់ខ្លួន ដែលធ្វើការបម្រើសេវារបស់ក្រសួងកាន់តែងាយស្រួល និងអាចទទួលយកបាន។
ក្រសួងពាណិជ្ជកម្ម បានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីអនឡាញ (Online Registration) ហើយអគ្គនាយកដ្ឋានពន្ធដារក៏បានធ្វើនីតិវិធីស្រួលជាងមុនផងដែរ ។
តើអ្វីជាទីផ្សារសក្ដានុពលសម្រាប់សហគ្រាសធុនតូច និងមធ្យម?
បើយើងនិយាយពីឱកាសទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម គឺនៅមានច្រើន និងទូលំទូលាយទៀតផង ត្រឹមតែទីផ្សារក្នុងស្រុក ដែលមានប្រជាជន ១៥ លាននាក់ ក៏យើងអាចរកចំណូលបានរាប់ពាន់លានដុល្លារដែរក្នុងមួយឆ្នាំៗ។ ក្រឡេកមើលទីផ្សារអាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ តើតម្រូវការផលិតផលប្រើប្រាស់ និងអាហារច្រើនកម្រិតណា? ជាមួយគ្នានេះដែរ យើងទទួលបានការអនុគ្រោះជាច្រើនពីប្រទេសដែលមានប្រជាជនជាង ១ពាន់លាននាក់ ទីផ្សារទាំងនេះសុទ្ធតែជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជា។
តែអ្វីដែលជាសំណួរនៅតែមាននោះគឺថា នៅពេលដែលយើងផលិតបានហើយតើត្រូវនាំទៅប្រទេសទាំងនោះបានយ៉ាងដូចម្ដេច? ព្រោះថាថ្វីបើពន្ធនាំចូលជាច្រើនត្រូវលើកលែងក៏ដោយ តែរបាំងបច្ចេកទេសជាច្រើនត្រូវបានរឹតបន្តឹង ដែលធ្វើឱ្យទំនិញពីកម្ពុជាពិបាកក្នុងការនាំចេញ ។
ឧទាហរណ៍ ប្រទេសចិនពេលកន្លងទៅបានអនុគ្រោះពន្ធដល់ទំនិញពីកម្ពុជា រាប់រយមុខ ក៏ប៉ុន្តែលទ្ធភាពដែលយើងអាចនាំចេញទៅកាន់ប្រទេសចិនបាន មានតែអង្ករ និងដំឡូង ខណៈដែលទំនិញផ្សេងទៀតមិនអាចនាំចេញទៅបានដោយសារតែលក្ខខណ្ឌបច្ចេកទេសមិនត្រូវតាមស្តង់ដារតម្រូវរបស់ចិន ដែលទាំងនេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល និងការវិនិយោគបន្ថែមទៀតពីវិស័យឯកជន ដើម្បីអាចឈានចាប់យកទីផ្សារទាំងនោះបាន ។
អ្វីជាបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ?
បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ដែលយើងសង្កេតឃើញរួមមាន ការប្រកួតប្រជែងមិនស្មើភាពគ្នា នៅមានទំនិញពីប្រទេសជិតខាងជាច្រើនដែលនាំចូលមកមិនបានបង់ពន្ធ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនិញផលិតក្នុងស្រុក ថ្លៃដើមផលិតកម្មខ្ពស់ ក្នុងនោះរួមមានតម្លៃអគ្គិសនីខ្ពស់ ផលិតភាពផលិតកម្មទាប ទំហំផលិតកម្មតូច និងមានលក្ខណៈគ្រួសារ ខ្វះខាតដើមទុន ដោយសារតែការទទួលកម្ចីពីធនាគារនៅមានការលំបាក និងអត្រាការប្រាក់ខ្ពស់ ត្រូវការវត្ថុបញ្ចាំដែលជាអចលនទ្រព្យ ខ្វះខាតកម្មករជំនាញ ទំហំផលិតកម្មតួចៗ ពិបាកក្នុងការប្រកួតប្រជែងលើទីផ្សារ បណ្ដាញចែកចាយផលិតផលនៅមានកម្រិត ខ្វះខាតព័ត៌មានទីផ្សារ។
តើមានសហគ្រាសធុនតូច និងមធ្យមប៉ុន្មានដែលអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ?
បើតាមការពិនិត្យលើទិន្នន័យនាំចេញរបស់កម្ពុជា ឃើញថាការនាំចេញរបស់កម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងលើផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលការនាំចេញតែពីរមុខនេះប្រហែល ៧០ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ក្រៅពីនេះមានការនាំចេញដូចជា អង្ករ ស្ករស កៅស៊ូ។ល។ ដែលសរុបមានប្រហែលជាង ២០ ភាគរយ។ សហគ្រាសធុនតូច និងមធ្យមផ្សេងៗ ការនាំចេញ គឺមិនដល់ ១០ ភាគរយនោះទេ ។
តើយើងគួរតែធ្វើដូចម្ដេចដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យម ក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូល ?
សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក អាចប្រកួតប្រជែងជាមួយទំនិញនាំចូលបាន លុះត្រាតែយើងត្រូវចាប់ផ្ដើមកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមរបស់យើងជាមុនសិនធ្វើយ៉ាងណាឲ្យផលិតកម្មរបស់គាត់កាន់តែមានប្រសិទ្ធភាព បង្កើនស្តង់ដារផលិតផល ស្វែងរកមធ្យោបាយបន្ថយថ្លៃដើមផលិតកម្ម ជំរុញគាំទ្រចលនាប្រើប្រាស់បង្កើនទំហំផលិតកម្មធ្វើយ៉ាងណាឱ្យអាចបំពេញតម្រូវការក្នុងស្រុករបស់សហគ្រាសនីមួយៗ ។
យើងរំពឹងថា ធនាគារ SME ដែលរដ្ឋាភិបាលគ្រោង នឹងបណ្តាក់ទុន១០០ដុល្លារលានដើម្បីជួយលើក កម្ពស់ផ្នែកហិរញ្ញវត្ថុដល់ SME និងដាក់ដំណើរការនៅឆ្នាំនេះ។
ដើម្បីអាចឱ្យសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនដោយស្ថិរភាព គួរតែមានគោលនយោបាយលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ទប់ស្កាត់ការនាំទំនិញពីបរទេសដោយពិនិត្យលើការប្រមូលពន្ធនាំចូល ពិនិត្យគុណភាព ស្តង់ដារ ទំនិញ ទប់ស្កាត់ចំពោះទំនិញណាដែលមានការប្រកួតប្រជែងខ្លាំងជាមួយផលិតករក្នុងស្រុក ជួយរៀបចំឱ្យមានប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ដល់សហគ្រាសក្នុងស្រុក បង្កើតឱ្យមានប្រភពទុនផ្សេងៗ ដែលអាចឱ្យសហគ្រាសធុនតូច និងមធ្យម យកទៅប្រើប្រាស់ដើម្បីពង្រីកអាជីវកម្មបានងាយស្រួល ។
ពង្រឹងការជួយគ្រាំទ្រដល់ការដោះស្រាយលើរបាំងបច្ចេកទេសដែលវិស័យឯកជនមិនអាចនាំទំនិញទៅកាន់ទីផ្សារអន្តរជាតិបាន ជាពិសេស គឺទីផ្សារប្រទេសចិន ដែលមានតម្រូវការច្រើនចំពោះផលិតផលរបស់កម្ពុជា៕