Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ​ជាតិ​នៃ​កម្ពុជា​ ព្រមាន​ពី​ទម្រង់​ឆបោក​ថ្មី​​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​

Content image - Phnom Penh Post
បដា​ផ្សព្វ​ផ្សាយ​ពី​ការ​ទូទាត់​តាម​រូបិយប័ណ្ណ​អេឡិច​ត្រូនិក Bitcoin មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ រូបថត AFP

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ព្រមាន​ពី​ទម្រង់​ឆបោក​ថ្មី​​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​

ភ្នំពេញៈ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ដល់​សាធារណជន​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បើ​ពួក​គេ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ទិញ​រូបិយប័ណ្ណ​អេឡិចត្រូនិក (Cryptocurrencies) ឬ​ឲ្យ​ទទួល​យក​រូបិយប័ណ្ណ​នេះ​ជា​មធ្យោបាយ​​ទូទាត់​ទំនិញ ដោយ​បញ្ជាក់ថា វា​ទម្រង់​នៃ​ការ​ឆបោក​ថ្មី​មួយ​នៅ​កម្ពុជា​។

Cryptocurrencies ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ថ្មី​មួយ​ដែល​គ្មាន​រូបរាង​ហើយ​មានតែ​តួលេខ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។ រូបិយប័ណ្ណ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​ត្រូវបាន​ក្លាយជា​មធ្យោបាយ​ទូទាត់​នៅ​​ប្រទេស​មួយចំនួន និង​ត្រូវបាន​គេ​ទិញ​លក់​ដើម្បី​ចំណេញ​។

Bitcoin ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​ចំណោម​រូបិយប័ណ្ណ​អេឡិចត្រូនិក​ផ្សេងៗ តែ​យ៉ាង​ណា​ក៏​ដោយ​វា​ត្រូវ​បាន​ហាម​ឃាត់​តាម​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​។

ថ្លែង​ក្នុង​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​ ៤​ ស្តីពី ​«​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុង​ការ​លើក​កម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​» កាលពី​ម្សិលមិញ លោក​ស្រី​ជា សិរី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ក្រើន​រំឭក​ថា រូបិយប័ណ្ណ​អេឡិចត្រូនិក​មាន​ហានិភ័យ​ខ្ពស់ ហើយ​កន្លង​មក NBC ដែល​ជា​អាជ្ញាធរ​ហិរញ្ញវត្ថុ​កម្ពុជា​មិន​ដែល​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ណា​មួយ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិន​ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ណា​មួយ​ដើម្បី​ធ្វើជា​ភ្នាក់ងារ​ទិញ​លក់​រូបិយ​ប័ណ្ណ​ប្រភេទ​នេះ​នោះ​ដែរ​។

លោក​ស្រី​បន្ត​ថា ទើប​តែ​ថ្មីៗ​នេះ មន្ត្រី​ជំនាញ NBC បាន​ទទួល​ដំណឹង​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​បំផុស​បំផុល​ប្រជាជន​ឲ្យ​ទិញ​កាក់​អេឡិច​ត្រូនិក​ដើម្បី​ចំណេញ ឬ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជន​ទទួល​យក​ធ្វើ​ជា​មធ្យោបាយ​ទូទាត់​ទំនិញ​ជាដើម​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ខិលខូច​ទាំងនោះ​ក៏​បាន​បញ្ចុះ​បញ្ចូល​ថា បើ​ប្រជាជន​អាច​ទាក់ទាញ​អ្នក​ផ្សេង​ឲ្យ​មក​ចូលរួម​ទិញ​កាក់​អេឡិចត្រូនិក​នេះ​បានសម្រេច​នឹង​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ជាដើម​។

លោកស្រី​ថ្លែងថា​៖ «​នេះ​ជា​រូបភាព​នៃ​ការ​ឆបោក​ថ្មី​មួយ​ដែល​ប្រជាជន​ត្រូវ​ប្រុងប្រយ័ត្ន​»​។

លោកស្រី​បញ្ជាក់​ថា​៖ «​ក្នុងនាម​ជា​ធនាគារ​ជាតិ ខ្ញុំ​សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាជន​យើង​ថា [​រូបិយប័ណ្ណ​អេឡិចត្រូនិក​] ទាំង​អស់​ហ្នឹង​គឺ​ធនាគារ​ជាតិ​មិនទាន់​ទទួលស្គាល់​ទេ​ព្រោះ​វា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ដែល​មាន​ហានិភ័យ​ខ្ពស់​»​។ លោកស្រី​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​ក្រុមហ៊ុន​ដែល​សង្ស័យថា​មាន​ករណី​ឆបោក​នេះ​ឬ​ចំនួន​ក្រុមហ៊ុន​ដែល​កំពុងមាន​សកម្មភាព​នេះ​នោះទេ​។

យោងតាម​លោកស្រី ជា សិរី NBC បានប្រកាស​ប្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ត្រូវ​ចៀស​វាង​ទទួល​យក​រូបិយប័ណ្ណ​អេឡិចត្រូនិក​ណាមួយ​ក៏ដោយ​ធ្វើជា​មធ្យោបាយ​នៃ​ការទូទាត់​។

លោកស្រី​បន្តថា មន្ដ្រី NBC នឹង​បន្ត​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុក​ដាក់​លើ​កិច្ចការ​នេះ ហើយ​ស្របពេល​ជាមួយ​គ្នា​កំពុង​អប់រំ​សាធារណជន​ឲ្យ​យល់ដឹង ពី​អំពើ​ឆបោក​នៅ​កម្ពុជា​នេះ និង​ពី​ហានិភ័យ​ជុំវិញ រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ​។

លោក រ៉ាយ រិទ្ធី អ្នក​ប្រឹក្សា​ឯករាជ្យ ផ្នែក​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​បាន​សង្កេត​ឃើញ​ថា មាន​ការ​ផ្សព្វផ្សាយ​ការ​បង្កើត​រូបិយប័ណ្ណ​អេឡិចត្រូនិក​នៅ​កម្ពុជា​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ទេ​។

ខណៈ​កម្ពុជា​កំពុង​ឈាន​ជា​បណ្ដើរៗ​ទៅរក​សេដ្ឋកិច្ច​តាម​ប្រព័ន្ធ​ឌីជីថល លោក​ថ្លែងថា គំនិត​រូបិយប័ណ្ណ​អេឡិចត្រូនិក ត្រូវបាន​គេ​ដឹង​កាន់តែច្រើន ហើយ​ក្រុមហ៊ុន​ខ្លះ​អាច​គិត​ទាញ​ប្រយោជន៍​ពី​និន្នាការ​នេះ​តាមរយៈ​ការ​ឆបោក​។

លោក​ថ្លែងថា រូបិយប័ណ្ណ​អេឡិចត្រូនិក ដូចជា Bitcoin ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ទូទាត់​ស្របច្បាប់​នៅក្នុង​ទីផ្សារ​អភិវឌ្ឍន៍​មួយ​ចំនួន ដោយ​សារ​តែ​មាន​ភ្នាក់ងារ​ទូទាត់​ជាច្រើន​ដែល​ទទួល​យក​រូបិយប័ណ្ណ​នេះ​។ ប៉ុន្តែ​ក្នុង​ករណី​ប្រទេស​កម្ពុជា រូបិយប័ណ្ណ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​ជា​ទម្រង់​នៃ​ការ​ទូទាត់​នោះ​ទេ ហើយ​លោក​បន្ថែម​ថា ក្រុមហ៊ុន​ណាមួយ​ដែល​បញ្ចុះ​បញ្ចូល​ប្រជាជន​ឲ្យ​ប្រើប្រាស់​វា គឺជា​ការ​វិនិយោគ​ក្លែងបន្លំ​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា​៖ «​យើង​ត្រូវតែ​យល់​ដឹងថា បើ​កាក់​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ទូទាត់​បាន​ផង គ្មាន​ហេតុ​ផល​អី​ដែល​យើង​ត្រូវ​ចំណាយ​លុយ​ដើម្បី​ទិញ​វា​ទេ​? វា​ជាការ​ឆបោក​ទាំងស្រុង​»​។

កាលពី​ខែឧសភា​កន្លងទៅ ប្រជាជន​កម្ពុជា​ប្រមាណ​៥​ម៉ឺន​នាក់ ត្រូវបាន​រាយការណ៍​ថា ចាញ់​បោក​ក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ​ដែល​ជ្រក​ក្រោម​ឈ្មោះ វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​។ ទឹកប្រាក់​ដែល​ប្រជា​ពលរដ្ឋ​ចាញ់​បោក​ក្នុង​គម្រោង​វិនិយោគ​ក្លែងក្លាយ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា អាច​មាន​ដល់​ប្រមាណ ​៤០០ លាន​ដុល្លារ​៕ LA

0

Comments

Please, login or register to post a comment