ភ្នំពេញៈ គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​និយោជក​បង្កើន​ការ​ចំណាយ​ទៅ​ឲ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (NSSF) សម្រាប់​និយោជិត បាន​ចូល​ជា​ធរមាន​ថ្មីៗ​នេះ​ហើយ ខណៈ​មន្ដ្រី​បាន​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​ថា​ជាការ​ជំរុញ​ឲ្យ​មាន​ការ​គ្រប​ដណ្តប់​សេវា​ថែទាំ​សុខភាព​កាន់​តែ​ច្រើន​នោះ ​អ្នក​ក្នុង​វិស័យ​ធុរកិច្ច​បាន​ឲ្យ​ដឹងថា គោលនយោបាយ​ថ្មី​ទាំងនេះ​ទំនងជា​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នៅ​ឆ្ងាយ​ពី​ការ​ផ្ដល់​ផែនការ​ធានា​រ៉ាប់រង​សុខភាព​ឯកជន​ដែល​មាន​គុណភាព​ខ្ពស់​ជាង​នេះ​។

យោង​តាម​ប្រកាស និង​អនុក្រឹត្យ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការងារ​កាលពី​ឆ្នាំមុន គិត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ទាំងអស់​ដែល​ជួល​បុគ្គលិក​ម្នាក់ ឬ​ច្រើន​ជាង​ម្នាក់ នៅ​ពេល​នេះ​ត្រូវ​តម្រូវ​ឲ្យ​បង់ប្រាក់ ៣,៤ ​ភាគរយ​នៃ​ប្រាក់ខែ​មធ្យម​របស់​និយោជិត​នីមួយៗ ឬ​អតិបរមា​ប្រហែល ៨,៥០ ​ដុល្លារ​ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ខែ​ទៅ​ឲ្យ NSSF ដើម្បី​ផ្ដល់​ការថែទាំ​សុខភាព​ដល់​បុគ្គលិក​ដែល​មាន​របួស​។

កន្លង​មក និយោជក​ត្រូវបាន​តម្រូវ​ឲ្យ​បង់ប្រាក់​ត្រឹមតែ ១,៣​ភាគរយ​នៃ​ប្រាក់​ខែ​ប្រចាំ​ខែ​ជា​មធ្យម​របស់​និយោជិត​ទៅ​ឲ្យ NSSF ខណៈ​ដែល​និយោជិត​ត្រូវ​បង់ប្រាក់ ១,៣​ភាគរយ​ផ្សេង​ទៀត​ពី​ប្រាក់​ខែ​របស់​ពួក​គេ​។ សម្រាប់​ម្ចាស់​រោងចក្រ​កាត់ដេរ នេះ​មាន​ន័យ​ថា នៅ​ពេល​នេះ​ការ​បង់​ប្រាក់​នេះ​មាន​ចំនួន​ជិត​៧០​ដុល្លារ​ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ឆ្នាំ​បន្ទាប់ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ពីមុន​ពួកគេ​តម្រូវ​ឲ្យ​បង់ប្រាក់​ប្រហែល ២៦​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​សរសើរ​គោល​នយោបាយ​ថ្មី​នេះ​ថា ជា​មធ្យោបាយ​នៃ​ការ​ជំរុញ​គុណភាព​ជីវិត​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​។

លោក​ថ្លែងថា​៖ «​នេះ​នឹង​ជួយ​ដល់ក​ម្មករ​រោងចក្រ​កាត់​ដេរ​ឲ្យ​សន្សំ​ប្រាក់​សម្រាប់​ការ​ចំណាយ​ផ្សេង​ទៀត​»​។ លោក​បន្តថា​៖ «​ប៉ុន្តែ​ទោះបីជា​និយោជក​ចំណាយ​តិច​លើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ជាង​ទីកន្លែង​ផ្សេង​ទៀត [​ក្នុង​តំបន់​] ក៏ដោយ ក៏​និយោជក​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​បង្កើន​ការ​ចំណាយ​នេះ​ដែរ​»​។

យោង​តាម​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ គម្រោង​ថែទាំ​សុខភាព​ថ្មី​នេះ​នឹង​មិន​ដាក់​បន្ទុក​ហិរញ្ញវត្ថុ​ខ្លាំង​ដល់​និយោជក​នោះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គោល​នយោបាយ​នេះ​នឹង​មិន​បង្អាក់​ក្រុម​វិនិយោគិន​នៅ​ពេល​អនាគត​មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​ទេ ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​លើក​លែង​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​នូវ​កម្រៃ​លើ​សេវា​គ្រប់គ្រង​ការ​នាំ​ចេញ និង​ពន្ធ​កាត់​ទុក​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ដល់​និយោជក​»​។ លោក​បន្ត​ថា​៖ «​នៅ​ពេល​នេះ និយោជិត​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​កាន់​តែ​ច្រើន ហើយ​ធ្វើ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​»​។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ធម្មតា​បាន​ប្រមូល​ប្រាក់​បាន ២០​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ពី​ពន្ធ​កាត់​ទុក និង ២០​លាន​ដុល្លារ​ផ្សេង​ទៀត​ពី​កម្រៃ​សេវា​គ្រប់គ្រង​ការ​នាំ​ចេញ​។

បើ​ទោះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​អាច​ធានា​ថា ឧស្សាហកម្ម​កាត់​ដេរ​មិន​មាន​អារម្មណ៍​ថា ត្រូវ​បាន​ដក​យក​ពន្ធ​ច្រើន​ពេក​ដោយ​គោល​នយោបាយ​ថ្មី​ទាំង​នេះ​ក្តី ក៏ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​យល់​ឃើញ​ថា ជា​សម្ពាធ​ឲ្យ​គោរព​តាម​បទ​ប្បញ្ញត្តិ​ទាំង​នេះ​ទៅ​វិញ​។ នេះ​បើ​យោង​តាម​លោក Stephen Higgins ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន Mekong Strategic Partners​។

លោក​ថ្លែងថា​៖ «​ភាគ​ច្រើន​នៃ​និយោជក​ដែល​មាន​អាជីវកម្ម​កម្រិត​មធ្យម​ដល់​ខ្នាត​ធំ​ផ្តល់​សេវា​សុខភាព​ដល់​បុគ្គលិក​របស់​ពួក​គេ​រួច​ហើយ ដែល​អាច​ឲ្យ​បុគ្គលិក​ទាំង​នោះ​ទទួល​បាន​លទ្ធភាព​ព្យាបាល​ជំងឺ​នៅ​គ្លីនិក និង​មន្ទីរពេទ្យ​បាន​»​។

លោក​បន្ត​ថា​៖«​មាន​ហានិភ័យ​មួយ​ដែល​ថា មួយ​ចំនួន​នៃ​និយោជក​ទាំង​នេះ​នឹង​ឈប់​ផ្តល់​សេវា​ថែទាំ​សុខភាព​ឯកជន​ដែល​មាន​ស្រាប់​របស់​ពួក​គេ ហើយ​គ្រាន់​តែ​បង់ប្រាក់ ឲ្យ NSSF ជាការ​ស្រេច ដែល​ប្រសើរ​ជាង​បង់​ប្រាក់​សម្រាប់​គោល​នយោបាយ​ថែទាំ​សុខភាព​២​ផ្សេង​គ្នា​ដែល​ទំនង​ជា​នឹង​បណ្ដាល​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ទទួល​រង​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management បាន​ឲ្យ​ដឹង​ថា គោល​នយោបាយ​ថ្មី​នេះ​ទំនង​ជា​នឹង​បណ្ដាល​ឲ្យ​ឧស្សាហកម្ម​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​រង​ប៉ះពាល់​។

លោក​ថ្លែងថា​៖ «​យើង​បាន​មើល​ឃើញ​រួច​ហើយ​នូវ​និន្នាការ​វិវត្តន៍​ដែល​និយោជក​មួយ​ចំនួន​ដែល​បាន​ផ្ដល់​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់​ខ្លួន​ដល់​បុគ្គលិក​របស់​ពួក​គេ​បាន​បដិសេធ​បន្ត​សេវា​នេះ ដោយ​លើក​ឡើង​ពី​ការ​ចំណាយ​ប្រចាំ​ខែ​ដល់ NSSF»​។

លោក​បន្ត​ថា​៖ «​ហានិភ័យ​នោះ​គឺថា និយោជក​នឹង​ជំនួស​ផែនការ​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​មាន​គុណភាព​ខ្ពស់​ជាមួយ​ការ​ចំណាយ​កាន់​តែ​តិច​តាម​រយៈ NSSF»​។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ដែល​មាន​កម្លាំង​ពលកម្ម​ច្រើន ដែល​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​របស់ NSSF កាល​ពី​ពេល​កន្លងមក​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​»​។

លោក​ថ្លែងថា​៖«​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ទោះ​បី​ជា​ការ​ចុះ​ឈ្មោះ និង​ការ​បង់​ប្រាក់​ឲ្យ NSSF ត្រូវ​បាន​កំហិត​ក៏​ដោយ ក៏​ខ្ញុំ​មិន​បាន​មើល​ឃើញ​ក្រុមហ៊ុន​ខា្នត​តូច និង​មធ្យម​ប្រញាប់​ប្រញាល់​អនុលោម​តាម​នោះ​ដែរ ដែល​រំពឹង​ថា នឹង​មាន​ការ​ពន្យារ​ពេល​វេលា​កំណត់​»៕ LA