មណ្ឌលគិរីៈ ក្រុមហ៊ុន​កៅស៊ូ​របស់​អឺរ៉ុប Socfin ជិត​បញ្ចប់​ដំណើរ​ការ​សាងសង់​រោងចក្រ​​កែច្នៃ​កៅស៊ូ​របស់​ខ្លួន​នៅ​ខេត្ត​​មណ្ឌលគិរី​ហើយ ហើយ​ដែល​នឹង​ដាក់​ដំណើរការ​នៅ​ខែ​មេសា​ខាង​មុខ​នេះ​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ហ៊ គីមសាយ បាន​ធ្វើ​បទសម្ភាស​ជាមួយ​លោក Jef Boedt អគ្គនាយក​ក្រុមហ៊ុន​កៅស៊ូ Socfin Cambodia អំពី​អនាគត​វិស័យ​កៅស៊ូ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការ​រត់ពន្ធ​ខុស​ច្បាប់​តាម​ព្រំដែន​។

អ្នក​បាន​បង្ហាញ​ផែនការ​ប្រតិបត្តិការ​រោងចក្រ​កែច្នៃ​កៅស៊ូ​ដំបូង​របស់​អ្នក​នៅ​ខែ​មេសា​នេះ​។ តើ​អ្នក​អាច​ប្រាប់​អំពី​ស្ថានភាព​រោងចក្រ​រួម​ទាំង​ទំហំ​ការវិនិយោគ និង​សមត្ថភាព​របស់​វា​បាន​ទេ​?

គិត​មក​ដល់​ពេល​នេះ​ការងារ​សាងសង់​រោងចក្រ​របស់​យើង​បាន​បញ្ចប់ ៩៥ ​ភាគរយ​ហើយ​។ នៅ​សល់​ ៥ ​ភាគរយ​ទៀត​ពាក់ព័ន្ធ​នឹង​ការងារ​ចុង​ក្រោយ​ដូច​ជា​ការ​ការបំពាក់​ឧបករណ៍ ការ​សាកល្បង​ជាដើម​។ ជា​រួម​យើង​បាន​វិនិយោគ ៥,៧ ​លាន​ដុល្លារ​លើ​ការ​សាងសង់​រោងចក្រ​នេះ​។

សម្រាប់​ដំណាក់កាល​ដំបូង​យើង​បាន​ដំឡើង​ចង្វាក់​ផលិតកម្ម​ដែល​មាន​សមត្ថភាព​ផលិត​បាន​ ២ ​តោន​ក្នុង​មួយ​ម៉ោង​។ នៅពេល​បញ្ចប់​រោងចក្រ​របស់​យើង​នឹង​អាច​កែច្នៃ​កៅស៊ូ​ស្ងួត​បាន ១៦ ០០០ ​តោន​ក្នុង​មួយ​ឆ្នាំ​។

ការផលិត​នេះ​គឺ​គ្រប់គ្រាន់​គ្រប់​លើ​ការ​ផលិត​ផ្ទាល់​របស់​យើង ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ទិញ​ផលិតផល​របស់​កសិករ​តូចៗ​ក្នុង​ស្រុក​ដែល​បង្កើត​ទីផ្សារ​រយៈពេល​វែង​សម្រាប់​កសិករ​ទាំង​នោះ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ក្នុង​ពេល​ឆាប់ៗ​នេះ​យើង​នឹង​ចាប់ផ្ដើម​ការ​ជ្រើសរើស​បុគ្គលិក​ដើម្បី​ប្រតិបត្តិការ​រោងចក្រ​នេះ​ដែល​យើង​គ្រោង​នឹង​ជួល​បុគ្គលិក​ប្រហែល​ ៧០ ​នាក់​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ប្រតិបត្តិការ​ដើម្បី​ទទួល​ភារកិច្ច​នៅ​តាម​ផ្នែក​ផ្សេងៗ​ដែល​រួម​មាន​ការ​ថែទាំ ការ​ផលិត និង​មន្ទីរពិសោធន៍​សម្រាប់​ការ​សាកល្បង​គុណភាព និង​បរិស្ថាន​។

យើង​បាន​ដាក់​បញ្ចូល​ការ​សាងសង់​ភូមិ​សម្រាប់​បុគ្គលិក​ថ្មី​នៅ​ក្នុង​គម្រោង​នេះ ដើម្បី​ផ្ដល់​ការ​ស្នាក់​នៅ​ដោយ​មិន​គិត​ប្រាក់​ដល់​បុគ្គលិក​ថ្មី​ទាំង​នេះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ភូមិ​នេះ​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ដូច​រោងចក្រ​នេះ​ដែរ​។

តើ​ហេតុ​អី្វ​បាន​ជា​អ្នក​សម្រេចចិត្ត​បង្កើត​រោងចក្រ​កែច្នៃ​? តើ​រោងចក្រ​នេះ​ជួយ​ដល់​ពាណិជ្ជកម្ម​របស់​អ្នក​ដូចម្ដេច​?

ការ​បង្កើត​រោងចក្រ​ផ្ទាល់​របស់​យើង​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​មេ​របស់​យើង​។ ​វា​នឹង​ផ្ដល់​ដល់​ពួកយើង​នូវ​ឱកាស​ឯករាជភាព និង​ការគ្រប់គ្រង​យ៉ាង​ពេញលេញ​នៃ​ដំណើរការ​ផ្ទាល់​របស់​យើង (​ចាប់ពី​ការ​វិនិយោគ​ផ្ទាល់​នៅ​នឹង​កន្លែង​រហូត​ដល់​ការ​កែច្នៃ និង​ការលក់​) ហើយ​នឹង​ជួយ​ឲ្យ​រក​បាន​ប្រាក់​ចំណេញ​អតិបរមា​លើ​ការវិនិយោគ និង​ប្រាក់​ចំណេញ​នៅពេល​អនាគត​របស់​យើង​។

វា​ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ អាជ្ញាធរ​ពិតជា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​រោងចក្រ​កាន់តែ​ច្រើន​ដើម្បី​កែច្នៃ​វត្ថុធាតុ​ដើម​ដូចជា​កៅស៊ូ និង​ដំឡូងមី ដើម្បី​សម្រេច​បាន​តាម​ទិសដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​ឆ្នាំ ២០២៥ និង​បង្កើន​តម្លៃ​ផលិតផល​ដែល​ប្រទេស​នេះ​នាំ​ចេញ​។

តាមរយៈ​ការ​សាងសង់​រោងចក្រ​ដែល​គោរព​តាម​ស្ដង់ដារ​ខ្ពស់​ទាក់ទង​នឹង​គុណភាព សុវត្ថិភាព​របស់​បុគ្គលិក និង​គោរព​តាម​បរិស្ថាន​ដែល​យើង​សង្ឃឹម​ថា​នឹង​រួមចំណែក​ក្នុង​ការ​បង្កើន​គុណភាព​ផលិតផល​ក្នុងស្រុក និង​ជួយ​ឲ្យ​សម្រេច​បាន​តាម​ស្ដង់ដារ​អតិថិជន​អន្តរជាតិ​ដើម្បី​ពង្រឹង​ចំណែក​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​នេះ​។

មិន​ដូច​តំបន់​មួយ​ចំនួន​ដូចជា​ខេត្ត​កំពង់ចាម ឬ​មេមត់​ទេ​ដែល​មាន​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​នៃ​រោងចក្រ​កែច្នៃ​កៅស៊ូ មណ្ឌលគិរី គឺជា ​ខេត្ត​កំពុង​អភិវឌ្ឍន៍ បច្ចុប្បន្ន​នៅ​តែ​មាន​ចំនួន​កម្រិត​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​។ យើង​បាន​រៀបចំ​ផែនការ​ទិញ​ពី​កសិករ​មាន​ដើមទុន​តិច​ដែល​មាន​ស្រាប់​រួច​ហើយ​នៅ​ជុំវិញ​ដីសម្បទាន​របស់​យើង ហើយ​យើង​សង្ឃឹម​ថា​នៅ​ពេល​អនាគត​កសិករ​កៅស៊ូ​មាន​ដើមទុន​តិច​កាន់តែ​ច្រើន​នឹង​ចាប់ផ្ដើម​ចូលរួម​ជា​ដៃគូ​រយៈពេល​វែង​ជាមួយ​ពួកយើង​។

តើ​រោងចក្រ Socfin ផ្ដល់​អត្ថប្រយោជន៍​ដល់​កសិករ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្បែរ​នោះ​ដែរ​ឬ​ទេ​?

យើង​មាន​កម្មវិធី​មួយ​ក្នុង​ការ​ដាក់​បញ្ចូល​កសិករ​កៅស៊ូ​លក្ខណៈ​គ្រួសារ​នៅក្នុង​សកម្មភាព​របស់​យើង​។ យើង​ផ្ដល់​ដល់​គ្រួសារ​ទាំងនោះ​នូវ​ការ​បណ្ដុះបណ្ដាល និង​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​ផ្ទេរ​បច្ចេកវិទ្យា ​ព្រម​ទាំង​សម្ភារ​ដាំដុះ​ផង​ដែរ​។ បច្ចុប្បន្ន​យើង​ធ្វើ​ការងារ​ជាមួយ​កសិករ​មាន​ដើមទុន​តិច​ប្រហែល​ ៥០ ​គ្រួសារ​តាមរយៈ​គម្រោង​នេះ ដែល​កំពុង​ចាប់ផ្ដើម​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ការ​ផលិត​កៅស៊ូ​លើ​ដីឡូត៍​របស់​ពួកគេ​។

រោងចក្រ​របស់​យើង​នឹង​អនុវត្ត​ជាមួយ​នឹង​ការប្ដេជ្ញា​ចិត្ត​នេះ ខណៈ​ដែល​វា​នឹង​ផ្ដល់​ទីផ្សារ​មួយ​សម្រាប់​កសិករ​មាន​ដើម​ទុន​តិច​ក្នុង​ស្រុក​នៅក្នុង​តំបន់ ខណៈ​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ជាមួយ​នឹង​រោងចក្រ​របស់​យើង យើង​អាច​បង្កើត​ទំនាក់ទំនង​ល្អប្រសើរ​រយៈពេល​យូរ​ជាមួយ​កសិករ​មាន​ដើមទុន​តិច​ក្នុង​ស្រុក​ជា​កន្លែង​ដែល​ភាគី​ទាំង​​ ២ ​ចែករំលែក​ប្រាក់​ចំណេញ​។

តើ​អ្នក​បារម្ភ​អំពី​ការ​ប្រែប្រួល​តម្លៃ​កៅស៊ូ​ដូច​ដែល​យើង​បាន​មើល​ឃើញ​នៅពេល​កន្លង​មក​នេះ​ដែរ​ឬទេ​? តើ​អ្នក​រំពឹង​ថា តម្លៃ​នឹង​កើនឡើង ធ្លាក់ចុះ ឬ​រក្សា​ស្ថិរភាព​នៅ​ពេល​អនាគត​ដ៏ខ្លី​ដែរ​ឬ​យ៉ាង​ណា​?

ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​កៅស៊ូ​មួយ យើង​តែងតែ​សង្ឃឹម​ថា​យើង​អាច​លក់​ផលិតផល​របស់​យើង​នៅ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​។ ជា​អកុសល​មាន​ការ​ប្រែប្រួល​តម្លៃ ប៉ុន្តែ​នេះ​មិន​ខុស​ប្លែក​គ្នា​ពី​ទំនិញ​ផ្សេងៗ​ទៀត​ជាច្រើន​នោះ​ទេ​។

វិស័យ​កៅស៊ូ​តែងតែ​មាន​ការ​ប្រែប្រួល​តម្លៃ ដោយសារ​តែ​តម្លៃ​ពឹង​ផ្អែក​លើ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ពី​វិស័យ​នេះ​។ ក្នុង​នាម​ជា​វិនិយោគិន​រយៈពេល​វែង​ដែល​មាន​បទពិសោធ​ក្នុង​សកម្មភាព​របស់​យើង​ដែល​យើង​មាន​តាមរយៈ​ប្រវត្តិសាស្ដ្រ​របស់​យើង​បាន​ប្រឈម​ការ​កើនឡើង និង​ធ្លាក់​ចុះ​នៅ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​។ នេះ​គឺជា​ប្រភេទ​សេណារីយោ​ដែល​យើង​បាន​រៀបចំ​ល្អ​បំផុត​។

វា​មាន​ការពិបាក​ក្នុងការ​និយាយ​ថា តម្លៃ​កៅស៊ូ​កំពុង​កើនឡើង ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រហែល​ជា​តម្លៃ​នឹង​កើនឡើង​ខ្ពស់​ជាង​តម្លៃ​ដែល​ធ្លាក់​ចុះ​កន្លង​មក​។ តម្លៃ​ភាគច្រើន​នឹង​ប្រែប្រួល​នៅ​ចន្លោះ​ពី​ ១៤០០ ​ដុល្លារ​ទៅ​ ១ ៦០០ ​ដុល្លារ​ក្នុង​មួយ​តោន​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

តើ​អ្នក​គិត​ដូចម្តេច​ដែរ​អំពី​ការ​រត់ពន្ធ​កៅស៊ូ​ទៅ​ប្រទេស​ជិត​ខាង​បច្ចុប្បន្ន​? តើ​វា​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​នៃ​ការ​ដាំដុះ​របស់​អ្នក​ដែរ​ឬ​ទេ​?

ឈ្មួញ​កៅស៊ូ​វៀតណាម​ជាច្រើន​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជុំវិញ​តំបន់​ព្រំដែន​របស់​បណ្ដា​ប្រទេស​ផ្សេងៗ​។ ខណៈ​ពួកគេ​កំពុង​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ដែល​ពួកគេ​អាច​ប្រតិបត្តិការ​ជាមួយ​នឹង​កម្រិត​ប្រាក់​ចំណេញ​ដែល​យើង​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​។ ស្ថានការណ៍​នេះ​ផ្ដល់​ដល់​ពួកគេ​នូវ​ឱកាស​ក្នុង​ការ​ផ្ដល់​តម្លៃ​កាន់​តែ​ខ្ពស់​ដល់​អ្នក​លក់​កៅស៊ូ​ដែល​មិន​តំណាង​ឲ្យ​តម្លៃ​ទីផ្សារ​ពិត​នោះ​ទេ​។

សកម្មភាព​ទាំង​នេះ​មិន​ប្រសើរ​សម្រាប់​ប្រទេស​នេះ និង​សម្រាប់​ក្រុមហ៊ុន​កៅស៊ូ​ទេ ដោយសារ​តែ​ពួកគេ​អាច​ចាត់ទុក​ថា​ជា​សកម្មភាព​ខុស​ច្បាប់​។

ពិត​ហើយ​សម្រាប់​ពួកយើង​ជា​ក្រុមហ៊ុន​ផលិត​កៅស៊ូ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​មួយ វា​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​សកម្មភាព​ខុស​ច្បាប់​ទាំង​នេះ​។ យើង​ព្យាយាម​បង្កើត​ស្ដង់ដារ ហើយ​សង្ឃឹម​ថា​កសិករ​មាន​ដើមទុន​តិច​ដែល​នឹង​ធ្វើ​​ដៃគូ​ជាមួយ​ពួកយើង​ដែល​បាន​ជ្រើសរើស​សន្ដិសុខ និង​ភាព​ជា​ដៃគូ​រយៈពេល​វែង​ជំនួស​ឲ្យ​ការ​ជួញដូរ​តាម​ទីផ្សារ​ងងឹត​ដែល​មិន​មាន​ស្ថិរភាព​សម្រាប់​អនាគត​របស់​ពួកគេ​៕ LA