ក្រុងវ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសកាលពីថ្ងៃពុធថា ធនាគារកណ្តាលបារាំង បានព្រមព្រៀងផ្តល់ឥណទានចំនួន ៣ ពាន់លានដុល្លារបន្ថែមទៀតដល់មូលនិធិប្រឆាំងនឹងភាពក្រីក្ររបស់មូលនិធិ IMF។
ឥណទានថ្មី ដែលជាឥណទានលើកទី ៦ របស់ប្រទេសបារាំងនេះ បានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផ្តល់វិភាគទានធំជាងគេដល់មូលនិធិ Poverty Reduction and Growth Trust របស់មូលនិធិ IMF ដែលមូលនិធិនេះនឹងផ្តល់មូលនិធិមានការប្រាក់ទាបខ្លាំងដល់ប្រទេសសមាជិកក្រីក្របំផុតរបស់មូលនិធិ IMF។
ក្រុមប្រទេសទទួលផលភាគច្រើនពីមូលនិធិនេះ គឺជាប្រទេសនៅតំបន់អាហ្វិ្រក។
លោកស្រី Christine Lagarde ប្រធានមូលនិធិ IMF និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានដាក់ដំណើរការកម្មវិធីជំរុញការកៀរគរមូលនិធិមួយកាលពីពីរឆ្នាំមុន ដើម្បីប្រមូលថវិកាចំនួន ១៥ ពាន់លានដុល្លារសម្រាប់មូលនិធិនេះ និងទទួលបានថវិកាច្រើនជាងគោលដៅដែលបានកំណត់។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ តម្រូវការឥណទានមានការប្រាក់សូន្យភាគរយនេះ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ និងនៅពេលតម្លៃទំនិញរ៉ៃនាំចេញសំខាន់ៗបានធ្លាក់ចុះ ដែលប្រទេសជាច្រើនពឹងផ្អែកលើទំនិញទាំងនោះ៕ AFP/BP