ក្រុង​បាងកកៈ ក្រុមហ៊ុន Thai Union Group (TU) ដែល​ជា​​ក្រុម​ហ៊ុន​នាំ​ចេញ​ត្រី​ធូណា​កំប៉ុង និង​ក្លាសេ​ធំ​ជាង​គេ​​ក្នុង​​ពិ​ភព​លោក​ កាល​ពី​ថ្ងៃ​អង្គារ​​ បាន​រាយ​ការណ៍​ប្រាក់​ចំណេញ​សុទ្ធ​នៅ​ឆ្នាំ​​សារពើពន្ធ​ ២០១​៧ ចំនួន​ ៦ ពាន់​លាន​បាត (ប្រហែល ១៩០ លានដុល្លារ) កើន​ឡើង ​១៤,​៦ ភាគ​រយ ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​លក់​ខ្ពស់​បំ​ផុត។

​ក្រុម​ហ៊ុន​ TU បាន​ឲ្យ​ដឹង​ថា ការ​លក់​ជារួម​​ប្រចាំ​​ឆ្នាំ​​បាន​កើន​ឡើង​ដល់​ ១៣៦,​៥៣ ​ពាន់​លាន​បាត​ ​កើន​ឡើង ​១,​៦ ​ភាគរយ។ ​

ប្រាក់ចំណេញ​ដុល​មាន​​ចំនួន ​១៨,​១៤​ ពាន់​លាន​បាត​ ខណៈ​អនុបាត​​ប្រាក់​ចំណេញ​ដុល (Gross profit margin) ​​ដែល​ជា​ការ​វាស់វែង​អត្រា​​​ប្រាក់ចំណេញ​ ក្នុង​​ប្រាក់ចំណេញ​​​ដុល​​១​ដុល្លារ​​នោះ មាន ​១៣,​៣ ​ភាគ​រយ (ក្នុង​មួយ​ដុល្លារ ចំណេញ​បាន ១៣​ សេន) ដែល​ធ្លាក់​ចុះ​​ពី ១៤​,​៨ ​ភាគរយ​​នៅឆ្នាំ​សារពើ​ពន្ធ ២០១៦។​

តម្លៃ​ត្រី​ធូណា​ខ្ពស់​បាន​រួម​ចំណែក​ដល់​ការ​ធ្លាក់ចុះ​អនុបាត​​ប្រាក់​ចំណេញ​ ដែលការ​ធ្លាក់ចុះ​នេះមួយ​ផ្នែក​ត្រូវ​បាន​ប៉ះ​ប៉ូវ​​មក​វិញ​ដោយ​ការ​គ្រប់​គ្រង​អត្រា​ការ​ប្រាក់​បរទេស​ដោយ​ប្រុង​ប្រយ័ត្ន​ និង​​ការ​គ្រប់​គ្រង​ការ​ចំណាយ​ដ៏​តឹង​រឹង។

លោក Thiraphong Chansiri ​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TU បាន​ថ្លែង​ថា​៖ «ទោះ​បី​ជា​អស្ថិរ​ភាព​ទីផ្សារ​ និង​តម្លៃ​វត្ថុធាតុ​ដើម​កាន់​តែ​ខ្ពស់​ក៏ដោយ ក៏​​ប្រាក់​ចំណេញ​របស់​យើង​បាន​រក្សា​ភាព​រឹង​មាំ​កាល​ពី​ឆ្នាំ​ ២០​១​៧​»។​

លោក​បន្តថា​៖ «សម្ពាធ​តម្លៃ​វត្ថុធាតុ​ដើម​​​កំពុង​មាន​ភាព​ធូរ​ស្រាល​ដោយ​សារ​តែ​តម្លៃ​ត្រី​ធូណា​​បាន​ចាប់​ផ្ដើម​ធ្លាក់​ចាប់​តាំង​ពី​ត្រីមាស​ទី ៤ ​ឆ្នាំ​ ២០១​៧​ មក»។

ក្នុង​ឆ្នាំ​ ២០១៧ ការ​លក់​នៅ​អាមេរិក​ខាង​ជើង​ ​បាន​បន្ត​ដើរ​តួនាទី​ដ៏​សំខាន់​​នៅ​ក្នុង​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​ ដែល​មាន ៤០ ​ភាគ​រយ​នៃ​ការ​លក់​សរុប​ ​ ខណៈ​ដែល​អឺរ៉ុប​បាន​រួម​ចំណែក​ ៣២ ​ភាគ​រយ។ ទី​ផ្សារ​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ​បាន​កើន​ឡើង​ដល់​ ១០​ ភាគ​រយ​នៃ​ការ​លក់​សរុប​ ហើយ​ការ​លក់​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ ៦ ភាគ​រយ។

ការ​រួម​ចំណែក​ការ​លក់​ទី​ផ្សារ​សំខាន់ៗ​ កាល​ពី​ឆ្នាំ​មុន​ពី​ បាន​ផ្លាស់​ប្តូរ​​បន្តិច​បន្តួច ដោយ​ងាក​ទៅ​រក​ទីផ្សារ​ក្នុង​ស្រុក​ និង​ ទី​ផ្សារ​កំពុង​អភិវឌ្ឍន៍​ខ្លាំង​មួយ ដែល​ផ្នែក​ដោយ​សារ​តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដ៏​ខ្លាំង​របស់​ក្រុម​ហ៊ុន​ ដើម្បី​ចូល​ទៅ​ក្នុងទីផ្សារ​កំពុង​អភិវឌ្ឍន៍​ខ្លាំង​ ជា​ពិសេស​ប្រទេស​ចិន៕ Bangkok Post/LA​