ក្រុងបាងកកៈ សមាគម​ធានារ៉ាប់រង​អាយុជីវិត​របស់​ថៃ (TLAA) ព្យាករ​ពី​កំណើន​ប្រាក់​ធានារ៉ាប់រង​អាយុ​ជីវិត (life insurance premiums) ចន្លោះ​ពី ៤ ​ទៅ​ ៦ ភាគរយ​ក្នុង​ឆ្នាំ​នេះ​ដោយសារ​ការ​ធ្លាក់​ចុះ​ពី ៥ ​ទៅ​ ៣០ ​ភាគរយ​នៃ​ប្រាក់​សម្រាប់​បង់​សេវា​ធានារ៉ាប់រង​អាយុ​ជីវិត បន្ទាប់ពី​ការ​អនុវត្ត​នាពេល​ថ្មីៗ​នេះ​នូវ​តារាង​អត្រា​មរណភាព​ថ្មី​មួយ​។

លោកស្រី Nusara Assakul ប្រធាន​សមាគម TLAA បាន​ឲ្យ​ដឹង​ថា​ឆ្នាំ​ ២០១៨ ​នេះ​គឺជា​ឆ្នាំ​ដំបូង ដែល​សមាគម​ផ្តល់​អត្រា​ព្យាករ​អំពី​កំណើន​ប្រាក់​ធានារ៉ាប់រង​អាយុជីវិត ដោយសារ​កន្លង​មក​សមាគម​មិន​អាច​ព្យាករ​ពី​ផលប៉ះពាល់​ដែល​កើត​ចេញ​ពី​តារាង​អត្រា​មរណភាព​ថ្មី​នេះ​។

តារាង​មរណភាព​ថ្មី​នេះ​បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​ ​៣០ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ហើយ​បាន​ឈាន​ទៅ​រក​ការ​បង់​ប្រាក់​ធានារ៉ាប់រង​អាយុជីវិត​កាន់​តែ​ទាប​សម្រាប់​ផលិតផល​ ៣ ​ប្រភេទ​ដែល​រួមមាន ការ​ធានា​រ៉ាប់រង​ជីវិត​មាន​រយៈពេល​កំណត់ ការ​ធានា​រ៉ាប់រង​ពេញ​មួយ​ជីវិត និង​ការ​ធានារ៉ាប់រង​ជីវិត​អ្នក​ដែល​ជាប់​ឥណទាន​។

លោកស្រី Nusara បាន​មាន​ប្រសាសន៍​ថា​ផលិតផល​ធានារ៉ាប់រង​សន្សំសំចៃ ពុំ​បាន​ទទួល​អត្ថប្រយោជន៍​អ្វី​ពី​តារាង​មរណភាព​ថ្មី​នេះ​ទេ​។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ការ​ឆ្លើយតប​បឋម​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត គឺ​ការ​កាត់​បន្ថយ​ចំណាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​។ បើ​ក្រុមហ៊ុន​មិន​អាច​លុប​ចោល​ផលប៉ះពាល់​ដែល​កើត​ចេញ​ពី​ប្រាក់​ធានារ៉ាប់រង​ជីវិត​ដែល​មាន​តម្លៃ​កាន់តែ​ទាប​នេះ​ទេ ក្រុមហ៊ុន​ទាំង​នោះ​នឹង​កាត់បន្ថយ​ការ​ចំណាយ​ទាក់ទង​នឹង​ការ​ចែកចាយ​ផលិតផល និង​ការ​ធ្វើ​ទីផ្សារ ហើយ​ករណី​នេះ​អាច​ជះឥទ្ធិពល​លើ​ការ​លក់​សេវា​ធានារ៉ាប់រង​»​។

ប្រាក់​ធានារ៉ាប់រង​អាយុ​ជីវិត​នៅ​ឆ្នាំ​ ២០១៧ បាន​កើនឡើង ៥,៩ ​ភាគរយ​ដល់ ៦០២ ​ពាន់​លាន​បាត​៕ BP