ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានកើនឡើងដល់ជាង ៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៧ គឺកើនឡើង ១០ ភាគរយធៀបនឹងឆ្នាំ ២០១៦។ នេះបើយោងតាមមន្ដ្រីស្ថានទូតថៃ។
លោក Jirawuth Suwannaarj ទីប្រឹក្សារដ្ឋមន្ដ្រីនៅការិយាល័យកិច្ចការធុរកិច្ចនៅស្ថានទូតថៃ បានប្រកាសតួលេខនេះនៅព្រឹកមិញនៅក្នុងព្រឹត្តិការណ៍ដែលបានឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មថៃនៅទីក្រុងភ្នំពេញ។
លោកថ្លែងថា៖ «យើងព្យាករថា ពាណិជ្ជកម្មទ្វេភាគីរបស់យើងនឹងកើនឡើង ១០ ភាគរយបន្ថែមទៀតនៅឆ្នាំនេះ ដោយសារតែយើងបានចូលរួមជាមួយគណៈកម្មាធិការពាណិជ្ជកម្មក្នុងការដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា»។
ព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលនៅទីក្រុងភ្នំពេញនៅព្រឹកមិញនេះ បានស្វែងរកការជួយសម្រួលទំនាក់ទំនងរវាងក្រុមហ៊ុនថៃ និងក្រុមហ៊ុនកម្ពុជា ដែលមានក្រុមហ៊ុនថៃចំនួន ៣៩ កំពុងស្វែងរកដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទំនិញរបស់ពួកគេ៕LA