ភ្នំពេញៈ ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា ​និង​ វៀត​ណាម ​បាន​កើន​ឡើង​ជិត​ ៣០​ ភាគ​រយ​ កាល​ពី​ឆ្នាំ​មុន​ ធៀប​នឹង​ ឆ្នាំ​ ២០១៦​។​ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​សារ​ព័ត៌​មាន​រដ្ឋរបស់​វៀត​ណាម ​ខណៈ​ទិន្ន​ន័យ​ពីរដ្ឋាភិ​បាល​កម្ពុជា​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ សូម្បី​តែ​ទិន្ន​ន័យ​ឆមាស​ទី ​១​។

ទិន្ន​ន័យ​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធ​គយ​វៀត​ណាម​ បាន​បង្ហាញ​ថា ​ពាណិជ្ជ​កម្ម​កម្ពុជា ​វៀត​ណាម​ កាល​ពី​ឆ្នាំ ​២០១៧ ​សម្រេច​បាន​ ៣,៨​ ពាន់​លាន​ដុល្លារ ​កើន​ឡើង​ ២៩,​៧ ​ភាគ​រយ​ ធៀប​នឹង​ឆ្នាំ ២០១៦​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍។​

របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​ចំណោម​ការ​នាំចេញ​សរុប ​វៀត​ណាម​បាន​នាំ​ចូល​មក​កម្ពុជា​មាន​តម្លៃ ​២,៧៧​ ពាន់​លាន​ដុល្លារ ​កើន​ឡើង ​២៦​ ភាគ​រយ ​ធៀប​នឹង​ឆ្នាំ​ ២០១៦​ ខណៈ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀត​ណាម​ មាន​ ១​ ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ៤ ​ភាគ​រយ​។

លោក ​សៀង ​ថាយ ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ទិន្ន​​ន័យ​ពាណិជ្ជ​កម្ម​កម្ពុជា​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ស្ថិត​ក្រោម​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋករ ​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​។

​លោក ​ថាយ ​បន្តថា ​មក​ដល់​ពេល​នេះ ​ក្រសួង​ពាណិជ្ជ​កម្ម​ទើប​តែ​បាន​ទទួល​បាន​ទន្ន​ន័យ​ពាណិជ្ជ​កម្ម​រយៈ​​ពេល​ ៣​ ខែ​ដំបូង​នៃ ​ឆ្នាំ​ ២០១៧ ​ប៉ុណ្ណោះ ​។

អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋ​ករ​កម្ពុជា​មិន​បាន​តែង​តាំង​នរ​ណា​ម្នាក់​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​នោះ​ទេ​។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង លោក​ គុន ​ញឹម ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋ​ករ បាន​ទេ​នៅថ្ងៃនេះ។