ក្រុង​វ៉ាស៊ីនតោនៈ តម្លៃ​ភាគ​ហ៊ុន​​របស់​ក្រុម​ហ៊ុន Facebook ​បាន​ធ្លាក់​ចុះ​​កាល​ពី​ថ្ងៃច​ន្ទ ដោយ​សារ​​បណ្តាញ​ព័ត៌​មាន​សង្គម​ឈាន​មុខ​គេ​មួយ​នេះ ​ត្រូវ​បាន​ទទួល​រង​គ្រោះ ​ដោយ​សារ​​​ការ​រិះគន់​ទំាង​​​​ក្នុង និង​ ក្រៅ​​ប្រទេស ​ជុំ​វិញ​​ការ​បង្ហើប​​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន Cambridge Analytica ដែល​ធ្វើ​ការងារ​ឲ្យ​យុទ្ធ​នាការ​ប្រធានាធិបតី ​របស់​លោក​ ដូណាល់ ត្រាំ បាន​​ចូល​លួច ​និង ​ប្រើ​ប្រាស់​ទិន្ន​ន័យ​​មិន​ត្រឹម​ត្រូវ​របស់​​​​អ្នក​ប្រើ​ប្រាស់​​ ​​៥០​ លាន​នាក់​របស់​ក្រុមហ៊ុន​ Facebook។

ការ​អំពាវ​នាវ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បាន​​ធ្វើ​ឡើង​ដោយ​មន្ត្រី​ អឺរ៉ុប និង ​អាមេរិក​ បន្ទាប់​ពី​​ក្រុម​ហ៊ុន​ Facebook បាន​ឆ្លើយ​តប​នឹង​សេចក្តី​រាយការណ៍​​អំពី​​​ការប្រើ​ប្រាស់​ទិន្នន័យ​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​​តាម​រយៈ​​ផ្អាក​គណនី​របស់​​ក្រុមហ៊ុន Cambridge Analytica ដែល​ជា​​ក្រុម​ហ៊ុន​ចក្រភព​អង់គ្លេស​ ដែល​ត្រូវ​បាន​​ជួល​ឲ្យ​ធ្វើ​ការ​ក្នុង​​យុទ្ធ​នាការ​បោះ​ឆ្នោត​​ឆ្នាំ ​២០១​៦ របស់​លោក ត្រាំ។

លោកស្រី​ Amy Klobuchar ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ John Kennedy មក​ពី​គណបក្ស​​សាធារណរដ្ឋ បានអំពាវ​នាវ​​ឲ្យ​លោ​ក​ Mark Zuckerberg ​អគ្គនាយក​​ក្រុម​ហ៊ុន​ Facebook ​ រួម​ទាំង​អគ្គនាយក​​ក្រុម​ហ៊ុន Google និង​អគ្គនាយក​ក្រុម Twitter បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សភា។

សមាជិក​សភា​ទាំង​ពីរ​នេះ​បាន​ថ្លែង​ថា៖ «​​ក្រុម​ហ៊ុន​ទាំង​នេះ កាន់​កាប់​​​ទិន្នន័យ​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​​​​​ដែល​មិន​ធ្លាប់​មាន​ពីមុន​» និងថា កង្វះ​ការត្រួត​ពិនិត្យ «​បង្កើន​ក្តី​បារម្ភ​ផ្នែក​​សុចរិត​ភាព​នៃ​ការ​បោះ​ឆ្នោត​របស់​អា​មេរិក​ ព្រមទាំង​សិទ្ធិ​ឯកជន​ផងដែរ​»។

ក្រុម​ហ៊ុន​ Cambridge Analytica បាន​បដិសេធ​ចំពោះការ​ចោទ​ថា​បាន​​​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​នូវ​​ទិន្នន័យ​របស់​​ក្រុម​ហ៊ុន​ Facebook សម្រាប់​យុទ្ធ​នាការ​បោះ​ឆ្នោត​របស់​លោក ត្រាំ។

ទន្ទឹម​នឹង​នេះ​ក្រុម​ហ៊ុន​ Facebook បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជួល​​ក្រុម​ហ៊ុន​វិទ្យាសាស្ដ្រ​ឌីជីថល​មួយ​​ឲ្យ​មក​​​ពិនិត្យ​មើល​​ថា តើ​ការ​លេច​ធ្លាយ​ទិន្នន័យ​​នេះ​បាន​​កើត​ឡើង​ដោយ​របៀប​ណា និង​ដើម្បី​​ធានា​ថា រាល់​ទិន្នន័យ​ណា​មួយ​ដែល​ប្រមូល​បាន​ត្រូវបាន​បំ​ផ្លាញ​ចោល។

តម្លៃ​ភាគ​ហ៊ុន​ក្រុម​ហ៊ុន​ Facebook បាន​ធ្លាក់​ចុះ ​៦,៨ ​ភាគ​រយ​នៅ​ពេល​បិទ​ការ​ជួញ​ដូរ​នៅ​ផ្សារ​ហ៊ុន​ Nasdaq ដោយ​សារ​ការ​បារម្ភ​អំពី​សម្ពាធ​បទ​ប្បញ្ញត្តិ​ថ្មី​ដែល​អាច​ប៉ះ​ពាល់​ដល់​គំរូ​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​នេះ។

តម្លៃ​ភាគ​ហ៊ុន​នេះ​​បាន​ធ្លាក់​ចុះ​​មួយ​​ភាគ​រយ​ទៀត​​មក​នៅ​ត្រឹម​ ១៧០ ​ដុល្លារ​ក្នុង​ការ​ជួញ​ដូរ​​នៅ​ក្រៅ​ម៉ោង​ផ្សារហ៊ុន៕ AFP/LA