Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន​ចំណាត់​ថ្នាក់ Michelin បើក​នៅ​កម្ពុជា

Content image - Phnom Penh Post
ភោជនីយដ្ឋាន​ Tim Ho Wan ដែល​បាន​បើក​ដំណើរការ​នៅ​ផ្សារ​ទំនើប​អ៊ីអន​កាល​ពី​ដើម​សប្តាហ៍​នេះ។ ហុង មិនា

ភោជនីយដ្ឋាន​ចំណាត់​ថ្នាក់ Michelin បើក​នៅ​កម្ពុជា

ភ្នំពេញៈ ទីក្រុង​ភ្នំពេញ​កំពុង​ទាក់ទាញ​ភោជនីយដ្ឋាន​យីហោ​បរទេស​ល្បីៗ​កាន់​តែ​ច្រើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្នុង​នោះ ភោជនីយដ្ឋាន​Tim Ho Wan ដែល​ជា​យីហោ​មក​ពី​ទីក្រុង​ហុងកុង​បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​លើក​ដំបូង​ដោយ​បាន​បើក​ហាង​នៅ​ទីក្រុង​ភ្នំពេញ​នៅ​សប្តាហ៍​នេះ​។

Tim Ho Wan គឺជា​ភោជនីយដ្ឋាន​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ផ្កាយ​មួយ​ពី​ស្ថាប័ន​ចាត់​ថ្នាក់​ភោជនីយដ្ឋាន​ដ៏​ធំ​លំដាប់​ពិភពលោក Michelin Guide ហើយ​វា​បាន​ក្លាយ​ជា​ភោជនីយដ្ឋាន​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​មាន​ចំណាត់​ថ្នាក់​ពី Michelin Guide​។

លោក ជុំ ភិរុណ អ្នក​គ្រប់​គ្រង​ទូទៅ​ភោជនីយដ្ឋាន Tim Ho Wan Cambodia បាន​លើក​ឡើង​ថា វត្តមាន​ភោជនីយដ្ឋាន Tim Ho Wan នៅ​កម្ពុជា​នឹង​ផ្តោត​លើ​ការ​ផ្តល់​ជូន​ម្ហូប​ឌឹម​សាំ (​អាហារ​បែប​ចិន​) ពី​ហាង​អាហារ​ដ៏​ល្បី​នៅ​ហុងកុង និង​នេះ​ជា​លើក​ដំបូង​ដែល​សាខា​ភោជនីយដ្ឋាន​មាន​ចំណាត់​ថ្នាក់​ពី Michelin Guide បាន​ដំណើរ​ការ​នៅ​ភ្នំពេញ​ជា​គោល​ដៅ​ដែល​ក្រុមហ៊ុន​ចង់​បញ្ជ្រាប​ការ​យល់​ដឹង​របស់​ប្រជាជន​ក្នុង​ស្រុក​ពី​កេរ្តិ៍​ឈ្មោះ និង​គុណភាព​អាហារ​នៅ​ភោជនីយដ្ឋាន​មាន​ចំណាត់​ថ្នាក់​ពី Michelin នេះ​។

លោក​បាន​ថ្លែង​ថា​៖«​នៅ​ប្រទេស​គេ គ្រាន់​តែ​គេ​ឃើញ​អូតែល ឬ ភោជនីយដ្ឋាន​ដែល​មាន Michelin Star ភ្លាម គេ​ស្គាល់​ច្បាស់ និង​មាន​ទំនុក​ចិត្ត​រួច​ទៅ​ហើយ​ថា​ភោជនីយដ្ឋាន​នោះ​មាន​គុណភាព រសជាតិ សេវាកម្ម អនាម័យ និង​បរិយាកាស​ផ្សេងៗ​ថា​ល្អ​»​។

លោក​បន្ត​ថា នៅ​កម្ពុជា​មិន​ទាន់​មាន​ភោជនីយដ្ឋាន​ណា​ដែល​ទទួល​បាន Michelin Star ទេ ដូច្នេះ​ហើយ​ក្រុមហ៊ុន​លោក​សម្រេច​ចិត្ត​នាំ​ចូល Tim Ho Wan ដែល​មាន Michelin star ចូល​មក​ដើម្បី​ឲ្យ​ភ្ញៀវ​ក្នុង​ស្រុក​បាន​ស្គាល់​ពី​ស្តង់ដារ និង​គុណប្រយោជន៍​ភោជនីយដ្ឋាន​ដែល​ទទួល​បាន Michelin Star​។

លោក​បញ្ជាក់​ថា​៖ «​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​មាន​ជីវភាព​ល្អ​ជាង​មុន ហើយ​គាត់​ហ៊ាន​ប្រើ​ផលិតផល​មាន​តម្លៃ និង​គុណ​ភាពល្អ និង​ហើយ​ចំណាយ​លើ​ការ​ហូប​ចុក​អាហារ​មាន​រសជាតិ សុវត្ថិភាព និង​គុណភាព ដូច្នេះ​ខ្ញុំ​គិត​ថា​វត្តមាន Tim Ho Wan នា​ពេល​ពិត​ជា​ស័ក្តិសម​សម្រាប់​ជីវភាព​ប្រជាជន​»​។

យោង​តាម​លោក ភិរុណ ចាប់​តាំង​ពី​ភោជនីយដ្ឋាន​នេះ​ដំណើរ​ការ​សាកល្បង​កាល​ពី​ថ្ងៃទី ​៣ ខែ​សីហា ហើយ​បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ទី៨ ខែ​សីហា​មក ភោជនីយដ្ឋាន Tim Ho Wan Cambodia ទទួល​បាន​អតិថិជន​ប្រហែល​ពី ​៦០០​ ទៅ​ ៧០០​ នាក់​ក្នុង​មួយ​ថ្ងៃ ដែល​អតិថិជន​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេសចរ​បរទេស​ដែល​រួម​មាន ជនជាតិ​ចិន ហុងកុង និង​សិង្ហ​បុរី​។

ខណៈ​ភោជនីយដ្ឋាន​នេះ​បច្ចុប្បន្ន​កំពុង​បម្រើ​អាហារ​ពីរ​ពេល​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ​រួម​មាន​អាហារ​ថ្ងៃត្រង់ និង​អាហារ​ល្ងាច លោក ភិរុណ បាន​ឲ្យ​ដឹងថា លោក​នឹង​បន្ថែម​ពេលវេលា​បម្រើ​អាហារ​ពេលព្រឹក​នៅ​ខែក្រោយ ដោយ​សារ​តែមាន​កំណើន​តម្រូវការ​ពី​អតិថិជន​។

មាន Dimsum ២៤​ប្រភេទ ហើយ​តម្លៃ​ស្ថិត​ក្នុង​ចន្លោះ​ពី​២,៤​ដុល្លារ​ក្នុង​មួយ​ចាន ទៅ​៦​ដុល្លារ​ក្នុង​មួយ​ចាន​ខុស​គ្នា​ពី​ម្ហូប​នីមួយៗ ដែល​អតិថិជន​ចំណាយ​ប្រហែល​៥​ដុល្លារ​ជា​មធ្យម​ក្នុង​មួយ​ពេល​។ នេះ​បើ​យោង​តាម​លោក ភិរុណ​។

លោក ភិរុណ បាន​ឲ្យ​ដឹង​ថា ​សម្រាប់​អតិថិជន​កម្ពុជា ដែល​បាន​មក​ភ្លក្ស​អាហារ​លើក​ដំបូង​នៅ​ភោជនីយដ្ឋាន Tim Ho Wan តែង​តែ​មក​នៅ​ពេល​ក្រោយ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​ថា អតិថិជន​កម្ពុជា​នឹង​កើន​ឡើង​ជា​បណ្ដើរៗ នៅ​ពេល​ពួក​គេ​ដឹង​ពី​កេរ្ដិ៍ឈ្មោះ​របស់​ភោជនីយដ្ឋាន​នេះ និង Michelin Star​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹង​ថា អតិថិជន​កម្ពុជា​នឹង​មក​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ពួក​គេ​នឹង​មាន​ចំណែក​ធំ​ជាង​អតិថិជន​បរទេស​នៅ​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​»​។

លោក​បន្ថែម​ថា​ភោជនីយដ្ឋាន Tim Ho Wan Cambodia គ្រោង​នឹង​បង្កើត​សាខា​ពីរ​បន្ថែម​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៨​។

អ្នក​ស្រី ហាក់ លីណា នាយក​ប្រតិបត្តិ​ភោជនីយដ្ឋាន Topaz ជា​ភោជនីយដ្ឋាន​លំដាប់​ថ្នាក់​ផ្កាយ​៥ ដែល​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​មាន​ភោជនីយដ្ឋាន​ដែល​មាន​ចំណាត់​ថ្នាក់ Michelin-star ក្នុង​ទីផ្សារ​កម្ពុជា​គឺជា​ដំណើរការ​ដ៏​ល្អ ដែល​បង្ហាញ​ថា វិស័យ​ម្ហូប​អាហារ​នៅ​កម្ពុជា​មាន​ភាព​កាន់​តែ​ចាស់​ទុំ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​ចង្វាក់​ភោជនីយដ្ឋាន​ថា្នក់ ពិភពលោក​។

អ្នក​ស្រី​បាន​បន្ថែម​ថា ភោជនីយដ្ឋាន Topaz កំពុង​រៀបចំ​ខ្លួន​ក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ពី Michelin-star ដែរ​ហើយ​ចាប់​តាំង​ពី​ខែ​ មករា ឆ្នាំ​ ២០១៧ រហូត​មក​ដល់​ពេល​នេះ ភោជនីយដ្ឋាន Topaz បាន​អញ្ជើញ​មេ​ចុង​ភៅ​ពី​ភោជនីយដ្ឋាន Topaz ចំនួន​៤​ដង​ហើយ ដើម្បី​អប់រំ​បុគ្គលិក​សម្រាប់​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់ Michelin-star នៅ​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​។

អ្នក​ស្រី​ថ្លែង​ថា​៖«​មាន​លក្ខខណ្ឌ​ជាច្រើន ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់ Michelin-star ហើយ​ពិតប្រាកដ​វា​ត្រូវ​បាន​វាយ​តម្លៃ​ក្នុងការ​រៀបចំ​សម្រាប់​ទទួល​ចំណាត់​ថ្នាក់​នេះ​»​។

អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​ជឿ​ជាក់​ថា នៅ​ពេល​មាន​ប្រតិបត្តិការ​ភោជនីយដ្ឋាន Michelin-star លើក​ដំបូង​នៅ​ទីនេះ ក្នុង​ពេល​ឆាប់ៗ​នឹង​មាន Michelin-star ទី​ពីរ ដោយ​សារ​តែ​គ្រប់ៗ​គ្នា​នឹង​រៀបចំ​ក្នុងការ​ទទួល​យក​វា ដោយ​សារ​តែ​ពួក​គេ​មាន​គោល​បំណង​ទាក់ទាញ​អតិថិជន ហើយ​ពង្រឹង​ការ​ប្រកួត​ប្រជែង​»៕ LA

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ