ក្រុងយ៉ាំងហ្គោនៈ ការ​មក​ដល់​របស់​ភ្ញៀវទេសចរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើនឡើង ១៨ ​ភាគរយ​កាលពី​ឆ្នាំ​មុន​ដល់​ចំនួន ៣,៤៤ ​លាន​នាក់ បើទោះ​ជា​មាន​ការ​រិះគន់​របស់​អន្តរជាតិ​ទៅ​លើ​ការ​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​មូស្លីមរ៉ូហ៊ីងយ៉ា​របស់​ប្រទេស​នេះ​យ៉ាង​ណា​ក្តី​។

ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា ខ្លួន​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ប្រមាណ ៣,៥ លាន​នាក់​កាលពី​ឆ្នាំមុន បន្ទាប់ពី​ចំនួន​ភ្ញៀវទេសចរ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២,៩ លាន​នាក់​នៅ​ឆ្នាំ​ ២០១៦ ពី​ចំនួន ៤,៧ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៥​។

លោក U Myint Htwe អគ្គនាយករង​នៃ​ក្រសួង​ទេសចរណ៍​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ក្នុង​បទសម្ភាស​មួយ​ថា​៖ «​ខ្ញុំ​យល់​ថា តួលេខ​នេះ​បាន​កើនឡើង​ដោយសារ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ជាច្រើន ហើយ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​នៅ​តំបន់​ដែល​បាន​រឹតបន្តឹង​នាពេល​កន្លង​មក​»​។

ប៉ុន្តែ​ទិន្នន័យ​ដែល​អាច​ជឿជាក់​បាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​អាច​នឹង​ពិបាក​រក​បាន​ណាស់​។ កាលពី​ខែ​ធ្នូ គុណភាព​នៃ​ស្ថិតិ​ធនាគារ​របស់​ប្រទេស​នេះ​ទទួល​រង​មន្ទិល​សង្ស័យ​ពី​ធនាគារ​ពិភពលោក​។

ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រមាណ ៧០ ម៉ឺន​នាក់​បាន​​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន​ទៅ​កាន់​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​មីយ៉ាន់ម៉ា គិត​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន នៅ​ពេល​ដែល​ក្រុម​យោធា​របស់​ក្រុម​ប្រដាប់​អាវុធ Arakan Rohingya Salvation Army បាន​វាយប្រហារ​លើ​នគរបាល​ចំនួន ២៥ ​នាក់ និង​មូលដ្ឋាន​យោធា​មួយ​ចំនួន​ដោយ​បាន​ធ្វើឲ្យ​មន្ត្រី​រក្សា​សន្តិសុខ​ជាច្រើន​រូប​បាត់បង់​ជីវិត​។

ក្រុម​យោធា​បាន​ឆ្លើយតប​វិញ​តាមរយៈ​យុទ្ធនាការ «​ប្រតិបត្តិការ​បោសសម្អាត​» ដោយ​មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​ថា កងកម្លាំង​រក្សា​សន្តិសុខ និង​ក្រុម​កាន់​សាសនា​ព្រះពុទ្ធ​បាន​វាយប្រហារ​ដោយ​រើសអើង​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា និង​ដុត​បំផ្លាញ​ភូមិ​ពួកគេ​។

លោក Myint Htwe ថ្លែង​ថា​៖ «​យើង​រំពឹង​ថា​នៅ​ឆ្នាំ​​ ២០១៧ មាន​ភ្ញៀវទេសចរ​ចំនួន ៣,៥ លាន​នាក់ តែ​យើង​ទទួល​បាន​ភ្ញៀវទេសចរ​តែ ៣,៤៤ ​លាន​នាក់​ប៉ុណ្ណោះ ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជំងឺ​ផ្តាសាយ H1N1»​។ លោក​បាន​បន្ត​ថា ផលប៉ះពាល់​នៃ​ជម្លោះ​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​រដ្ឋ​រ៉ាក់ឃីន​មាន​តិចតួច ដោយសារ​រដ្ឋ​នោះ​មិនមែន​ជា​ទិសដៅ​ទេសចរណ៍​សំខាន់​នោះ​ទេ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​យើង​រំពឹង​ថា​នឹង​មាន​ភ្ញៀវទេសចរ​ច្រើន​ជាង ៣,៤៤ ​លាន​នាក់​ក្នុង​ឆ្នាំ​នេះ​»​។

នៅ​ឆ្នាំ​ ២០១៥ ក្រុមប្រឹក្សា​ធ្វើ​ដំណើរ និង​ទេសចរណ៍​ពិភពលោក (WTTC) បាន​ព្យាករ​ថា វិស័យ​ធ្វើ​ដំណើរ​​ និង​ទេសចរណ៍​របស់​មីយ៉ាន់ម៉ា​នឹង​កើនឡើង ៨,៤ ​ភាគរយ​នៅ​ឆ្នាំ ២០២៥ ដែល​នឹង​ក្លាយ​ជា​កត្តា​ចូលរួម​ចំណែក​ទី ១ ចំពោះ ផ.ស.ស របស់​ប្រទេស​នេះ​។

របាយការណ៍​នៅ​ឆ្នាំ​ ២០១៣ ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​របស់​វិទ្យាស្ថាន McKinsey Global Institute បាន​ព្យាករ​ថា វិស័យ​ទេសចរណ៍​អាច​ចូលរួម​ចំណែក ១៤,១ ​ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ ២០៣០ និង​ផ្តល់​ការងារ​ដល់​ប្រជាជន​ចំនួន​ប្រមាណ ២,៣ ​លាន​នាក់​។

លោក Enrico Cesenni នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Myanmar Strategic Holdings ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​សណ្ឋាគារ និង​ទេសចរណ៍​នៅ​ប្រទេស​នេះ​ថ្លែង​ថា​៖ «​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០១៧ ពិតជា​រង​នូវ​ផលប៉ះពាល់​ក្នុង​ទីផ្សារ​ទូទៅ ជាពិសេស​ទាក់ទង​នឹង​ភ្ញៀវទេសចរ​មកពី​តំបន់​អឺរ៉ុប​»៕ BP