Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ថា កម្ពុជា​នៅ​តែ​ខ្វះ​អគ្គិសនី​បើ​គ្មាន​គម្រោង​អារ៉ែង

ទិដ្ឋភាព​នៅ​អារ៉ែង​ដែល​ជា​តំបន់​ចម្រូង​ចម្រាស​នៃ​ការ​អភិវឌ្ឍ​វារី​អគ្គិសនី និង​បរិស្ថាន។
ទិដ្ឋភាព​នៅ​អារ៉ែង​ដែល​ជា​តំបន់​ចម្រូង​ចម្រាស​នៃ​ការ​អភិវឌ្ឍ​វារី​អគ្គិសនី និង​បរិស្ថាន។ ហេង ជីវ័ន

មន្ត្រី​ថា កម្ពុជា​នៅ​តែ​ខ្វះ​អគ្គិសនី​បើ​គ្មាន​គម្រោង​អារ៉ែង

ភ្នំពេញៈ ការ​ផ្អាក​គម្រោង​វារី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស​របស់​វិនិយោគិន​ចិន​នៅ​ជ្រលង​ភ្នំ​អារ៉ែង ក្នុង ខេត្ត​កោះកុង នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មិន​អាច​សម្រេច​បាន​ផែនការ​ពឹង​លើ​ខ្លួន​ឯង​លើ​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី និង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះ​បាន​ទេ។ នេះ​បើ​តាម​មន្ដ្រី​អគ្គិសនី​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ទាហាន​នៅ​ប្រាសាទ​តាមាន់ ខេត្ត​​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​សៅរ៍ លោក កែវ រតនៈ នាយក​អគ្គិសនី​កម្ពុជា​បាន​រិះគន់​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​និរទេស​គឺ​លោក Alex Gonzalez-Davidson របស់​ចលនា​មាតា​ធម្មជាតិ​កម្ពុជា និង​គណបក្ស​ប្រឆាំង​ពីបទ​ជំទាស់​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ។ នេះ​បើ​តាម​គេហទំព័រ DAP។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​លោក កែវ រតនៈ បាន​ទេ ប៉ុន្តែ​លោក​ប្រាប់​គេហទំព័រ DAP ថា៖ «អាឡិច បាន​បំផ្លាញ​វារី​អគ្គិសនី​មួយ​បាត់។ តាម​រយៈ​អង្គការ​នេះ បក្ស​ប្រឆាំង​មិន​ឲ្យ​ធ្វើ​វារី​អគ្គិសនី បើ​អគ្គិសនី​នេះ មិន​បាន​ធ្វើ​ឲ្យ​យើង​បាត់ ១០៨ មេហ្គាវ៉ាត់ អ៊ីចឹង​យើង​ត្រូវ​ពឹង​បរទេស​បន្ត​ទៀត។ រាល់​ពេល​អភិវឌ្ឍ​អគ្គិសនី​បក្ស​ប្រឆាំង តែង​ទៅ​ធ្វើ​បាតុកម្ម ឬ​នៅ​ក្នុង​សភា​ជាតិ អត់​ដែល​លើក​ដៃ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ម្តង​ណា​ទេ។ មិន​ថា គម្រោង​វារី​អគ្គិសនី​ដើរ​ដោយ​ទឹក​វារី​អគ្គិសនី ដើរ​ដោយ​ធ្យូង​ថ្ម ឬ​ថាមពល​អគ្គិសនី​ផ្សេងៗ​ទៀត មិន​ដែល​ឃើញ​បក្ស​ប្រឆាំង​គាំទ្រ​ទេ។ សម្តេច​បាន​ជម្នះ​ធ្វើ​វារី​អគ្គិសនី​ដើម្បី​ដណ្តើម​បាន​ឯករាជ​ភាព​ថាមពល​អគ្គិសនី ទៅ​ថ្ងៃ​ក្រោយ។ ឯករាជ​ភាព​ជាតិ មិន​ត្រឹម​តែ​សំដៅ​លើ​ឯករាជ្យ​ទឹកដី ឬ​មួយ​ក្នុង​ស្វ័យ​សម្រេច​តែ​ប៉ុណ្ណោះ​ទេ។ កាល​ពី​មុន​យើង​ទិញ​មក​ពី​ថៃ វៀតណាម និង ឡាវ ឥឡូវ​កាត់​បន្ថយ​ជិត​អស់​ហើយ។ ជម្នះ​លើ​បក្ស​ប្រឆាំង យើង​មាន​ភ្លើង​សម្បូរ»។

កាល​ពី ឆ្នាំ​២០១៣ កម្ពុជា​ផលិត​បាន​ថាមពល​អគ្គិសនី ១ ៧៦៩ លាន​គីឡូវ៉ាត់ ក្នុង​នោះ​ថាមពល​អគ្គិសនី​នាំ​ចូល​ពី​ថៃ ៥៧៩ លាន​គីឡូវ៉ាត់ ពី​វៀតណាម ១ ៦៩១ លាន​គីឡូវ៉ាត់ និង​ពី​ឡាវ ១០,៧៣ លាន​គីឡូវ៉ាត់។ នេះ​បើ​តាម​របាយ​ការណ៍​អាជ្ញាធរ​អគ្គិសនី ឆ្នាំ​២០១៣។

កម្ពុជា​រំពឹង​ថា នឹង​មាន​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី​ជិត​ដល់ ៣ ៤៣០ មេហ្គាវ៉ាត់​ពី​ទំនប់​វារី​អគ្គិសនី​ទាំង ១២ របស់​ខ្លួន និង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ ឆ្នាំ​ ២០២០។ មក​ដល់ ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន ១២ ដើម្បី​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នៅ​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រកាស​កាលពី ខែ​កុម្ភៈ ថា គម្រោង​ទំនប់​វារី​អគ្គិសនី​អារ៉ែង​នឹង​មិន​កើត​ឡើង​ទេ​ក្នុង​អាណត្តិ​នេះ។ ថាមពល​អគ្គិសនី​បាន​ពី​ទំនប់​វារី​អគ្គិសនី​អារ៉ែង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់​ផ្ដើម​នៅ ឆ្នាំ​២០១៧។

លោក ឌិត ទីណា មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ថ្លែង​ថា ការ​វាយតម្លៃ​ការ​ប៉ះពាល់​បរិស្ថាន​លើ​ទំនប់​វារី​អគ្គិសនី​អារ៉ែង​នឹង​នៅ​តែ​បន្ត​ធ្វើ​ទោះ​បី​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ជ្រលង​ភ្នំ​អារ៉ែង «ត្រូវ​ទុក​ឲ្យ​ជំនាន់​ក្មេងៗ​អភិវឌ្ឍ» ក៏​ដោយ។

លោក​ថ្លែង​ថា៖ «កាល​ណា​មាន​ប្រភព​បន្ថែម​ទៀត​គឺ​ល្អ​យើង​មាន​ប្រភព​គ្រប់​គ្រាន់ និង​ថ្លៃ​ក៏​បាន​ធូរ។ យើង​បាន​ជជែក​គ្នា​រួច​ហើយ​ថា គម្រោង​នេះ​ត្រូវ​សិក្សា​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ទើប​យើង​អាច​វាយតម្លៃ​បាន។ តាម​ពិត​ក្រុមហ៊ុន​គាត់​វាយតម្លៃ​តាម​បច្ចេកទេស​ដែល​គាត់​ប្រើ​ហើយ​ថ្លៃ​ដើម​ខុស​គ្នា។ ក្រុម​ហ៊ុន​មួយ​ធ្វើ​មិន​ចំណេញ មិនមែន​មាន​ន័យ​ថា​ក្រុម​ហ៊ុន​មួយ​ទៀត​មិន​ចំណេញ​នោះ​ទេ។ វា​នឹង​ត្រូវ​ថ្លឹង​ថ្លែង​ផល​ប៉ះពាល់​មួយ​ចំនួន​ទៀត»។

លោក សុន ឆ័យ តំណាង​រាស្ដ្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា ការ​ជំទាស់​នឹង​គម្រោង​វារី​អគ្គិសនី​អារ៉ែង​គឺ​ដោយសារ​កង្វះ​តម្លាភាព​លើ​បរិស្ថាន និង​ការ​វាយតម្លៃ​សេដ្ឋកិច្ច​របស់​គម្រោង​នេះ។

លោក​លើក​ឡើង​ថា៖ «យើង​មិន​ជំទាស់​ដាច់​ខាត​នឹង​គម្រោង​នេះ​ទេ។ យើង​កំពុង​ស្នើ​សុំ​ឲ្យ​មាន​ការ​វាយតម្លៃ​ត្រឹម​ត្រូវ​លើ​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​ពី​គម្រោង​នេះ និង​ព័ត៌មាន​ច្បាស់​លាស់​អំពី​ការ​វាយតម្លៃ​ជា​សាធារណៈ។ យើង​យល់​ថា ថាមពល​គឺ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​នេះ»។

ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាលពី​ម្សិល​មិញ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​មក​កម្ពុជា លោក TakehikoNakao ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី( ADB) បាន​ថ្លែង​ថា ADB នឹង​ពិចារណា​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ថាមពល​វារី​អគ្គិសនី​បើ​ការ​តាំង​លំនៅឋាន​ថ្មី​របស់​ប្រជាជន និង​ផល​ប៉ះពាល់​បរិស្ថាន​ដោយសារ​គម្រោង​នេះ​នឹង​ត្រូវ​ដោះស្រាយ​បាន​ត្រឹម​ត្រូវ។

លោក​លើក​ឡើង​ថា៖ «កង្វះ​ថាមពល​អគ្គិសនី​គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស។ មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​ធ្វើ​វា ប៉ុន្តែ​ប្រភព​ថាមពល​វារី​អគ្គិសនី​គឺជា​ធាតុ​មួយ​ក្នុង​ចំណោម​ធាតុ​ដ៏​សំខាន់​ជាច្រើន។ ពិត​ហើយ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ដូចជា​ឡាវ ធនធាន​ថាមពល​ទំនប់​វារី​អគ្គិសនី​របស់​កម្ពុជា​នៅ​មាន​កម្រិត ប៉ុន្តែ​ជា​ធនធាន​មួយ​នៅ​ឆ្ងាយ វា​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ក្នុង​ការ​ប្រើ​ប្រាស់​វា»។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​ពិត​ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​គួរ​តែ​ត្រូវ​បាន​ផ្ដោត​លើ​ការ​តាំង​លំនៅ​ថ្មី​របស់​ប្រជាជន​កំពុង​រស់នៅ​ទីនោះ​និង​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​សារ​ទំនប់​វារី​អគ្គិសនី​នោះ​ផង​ដែរ។ យើង​ចាំបាច់​ត្រូវ​បន្ត​ការ​ផ្ដល់​អគ្គិសនី​ដល់​ប្រជាជន ឬ​អគ្គិសនី​ដល់​ប្រជាជន​ទាំង​អស់ ដូច្នេះ​បើ​វារី​អគ្គិសនី​ជា​ជម្រើស​ដែល​យើង​គួរ​តែ​សិក្សា​ជាមួយ​នឹង​ដំណោះ​ស្រាយ​ដ៏​ប្រុង​ប្រយ័ត្ន»៕

0

Comments

Please, login or register to post a comment