ភ្នំពេញៈ បរិមាណ​ផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ឬ​ផ្អក​ក្នុង​រដូវ​នេសាទ​ឆ្នាំ​នេះ នឹង​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​មុន បន្ទាប់ពី​រដូវ​ត្រី​ត្រូវ​លើក​ដំបូង​បាន​បញ្ចប់​។ នេះ​បើតាម​ការ​ព្យាករ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ម្សិលមិញ​។

លោក ណៅ ធួក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា ក្នុង​រដូវ​ត្រី​ត្រូវ​លើក​ដំបូង បរិមាណ​ផល​ត្រី​មាន​ច្រើន​ជាង​ កាលពី​ឆ្នាំមុន ដោយ​សារ​តែ​កម្រិត​ទឹក​ខ្ពស់ជាង​កាលពី​ឆ្នាំ​មុន​កម្ពស់ ១,៥​ ម៉ែត្រ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខណៈ​ផុត​រដូវ​ត្រី​ត្រូវ​លើក​ដំបូង វា​បង្ហាញ​ដល់​ពួក​យើង​នូវ​បរិមាណ​ផល​ល្អ​ជាង​កាល​ពី​ឆ្នាំ​មុន​។ វា​បំពេញ​តម្រូវ​ការ​ត្រី​ក្នុង​ការធ្វើ​ប្រហុក ឬ​ផ្អក ឬ​ទឹក​ត្រី​»​។

​លោក​បន្ថែមថា កាលពី​ឆ្នាំមុន បរិមាណ​ផល​ត្រី​មាន​ប្រហែល ១០ ០០០​តោន ហើយ​ឆ្នាំនេះ នឹង​ទទួលបាន​ពី ១៥ ០០០ ដល់ ២០ ០០០​ តោន ខណៈ​ត្រី​មាន​តម្លៃ​ចាប់​ពី ១ ០០០​ រៀល ដល់ ២ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​អាស្រ័យ​តាម​ទំហំ​ត្រី​។

លោក ធួក បាន​ថ្លែងថា ដាយ​ចំនួន ៦០ ត្រូវ​បាន​ដំឡើង​តាម​បណ្ដោយ​បឹង​ទន្លេ​សាប មួយ​ចំនួន​ក្នុង​ចំណោម​ដាយ​ទាំង​នេះ​បាន​ជួល​ឲ្យ​វិស័យ​ឯកជន ដែល​ទទួល​បាន​ប្រាក់​ប្រហែល ៥​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

រដូវ​ត្រី​ត្រូវ​លើក​ដំបូង​បាន​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ២២ ដល់ ២៧ ខែធ្នូ ឆ្នាំ​នេះ ខណៈដែល​រដូវ​ត្រី​ត្រូវ​លើក​ទី​ពីរ​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៦ ខែ​មករា​។

លោក ឈិន ចាន់​សា ម្ចាស់​ដាយ​លេខ​ ១៤A នៅតាម​បណ្ដោយ​បឹង​ទន្លេសាប​ ស្ថិត​ក្នុង​ខណ្ ឌ​ឫស្សីកែវ បាន​ថ្លែងថា លោក​ទទួល​ផល​ត្រី​បាន​ប្រហែល ៨០ ​តោន​ក្នុង​អំឡុង​រដូវ​ត្រី​ត្រូវ​ដំបូង​នេះ ដែល​លោក​បាន​លក់​ឲ្យ​ឈ្មួញ​ក្នុងតម្លៃ​ចាប់ពី ១ ៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដែល​អាច​ផ្តល់​ប្រាក់​ចំណេញ​ដល់​រូប​គាត់​ប្រហែល​ពី ២ ០០០ ដល់ ៣ ០០០ ​ដុល្លារ​ក្នុង​មួយ​រដូវ​។

លោក​ថ្លែងថា លោក​ទទួល​បាន​ត្រី​ច្រើន​ជាង​ពី​ឆ្នាំមុន ប៉ុន្តែ​វា​គ្រាន់តែ​ជា​ផ្នែក​តូច​នោះទេ ដោយ​សារ​តែមាន​អ្នក​នេសាទ​ខុសច្បាប់​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​កាន់​តែ​ច្រើន​ក្នុង​ការ​លុប​បំបាត់​អ្នក​នេសាទ​ខុស​ច្បាប់ ចំណែក​ផល​ត្រី​នេះ​នឹង​ផ្ដល់​ប្រាក់​ចំណេញ​កាន់​តែ​ច្រើន​ក្នុង​រដូវ​នេះ​»​។

លោក​បន្ថែម​ថា លោក​រំពឹង​ថា​នឹង​ទទួល​បាន​ត្រី​កាន់​តែ​ច្រើន​សម្រាប់​ការ​ចាប់​ត្រី​លើក​ក្រោយ​។

ការ​ចាប់​ត្រី​ក៏​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក្នុង​អំឡុង​រដូវ​ត្រី​ត្រូវ​នេះដែរ​។

លោក ផែ វ៉ាន់ ម្ចាស់​ដាយ​លេខ​១២ នៅ​តាម​បណ្ដោយ​បឹង​ទន្លេសាប​នៅ​ស្រុក​ពញាឮ​បាន​ថ្លែង​ថា ក្នុង​អំឡុង​រដូវ​ត្រី​ត្រូវ​នេះ​លោក​ប្រមូល​បាន​បរិមាណ​ផល​តិច​ប្រហែល ៦០​តោន ដោយ​សារ​តែ​ខ្យល់​ព្យុះ​តិច​តួច និង​ភ្លៀង​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​នៅ​រដូវ​ត្រី​ត្រូវ​លើក​ក្រោយ លោក​នឹង​ទទួល​បាន​ផល​ដល់ ១០០ ​តោន​»៕ LA