ក្រុងម៉ិកស៊ីកូៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​សមភាគី​ម៉ិកស៊ិក​របស់​លោក​គឺ​លោក Enrique Pena Nieto បាន​ព្រមព្រៀង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ស្តីពី​សន្តិសុខ ពាណិជ្ជកម្ម និង​ការធ្វើ​អន្តោប្រវេសន៍ តាមរយៈ​ការជជែក​ពិភាក្សា​តាម​ទូរស័ព្ទដៃ​កាលពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​ប្រទេស​ទាំង​ ២​។

ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង ដោយសារ​វោហារស័ព្ទ​ប្រឆាំង​នឹង​ម៉ិកស៊ិក​របស់​លោក ត្រាំ តែ​សញ្ញា​នាពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មេដឹកនាំ​ទាំង​ ២ កំពុង​ព្យាយាម​បន្ថយ​ភាព​តានតឹង​នេះ​។ កាលពី​សប្តាហ៍​មុន​សេតវិមាន​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ទាំង​ ២ ​កំពុង​ពិចារណា​ពី​ការ​រៀបចំ​កិច្ចប្រជុំ​មួយ​។

យ៉ាង​នេះ​ក្តី​ពុំ​មាន​ការ​បញ្ជាក់​ពី​កិច្ចប្រជុំ​ណា​មួយ​ក្នុង​សេចក្តី​ថ្លែងកាណ៍​នៅ​ថ្ងៃ​អង្គារ​នោះ​ទេ​។

សេតវិមាន​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​លោក​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​លោក ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​ស្តីពី​សន្តិសុខ ពាណិជ្ជកម្ម និង​ការ​ធ្វើ​អន្តោប្រវេសន៍​»​។

ការិយាល័យ​របស់​លោក Pena Nieto បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​មួយ​ផង​ដែរ​៕ BP